តើអ្នកជំនាញបង្ហាញការយល់ឃើញយ៉ាងដូចម្តេចខ្លះចំពោះទីផ្សារអចលនទ្រព្យ ក្រោយកូវីដ-១៩?

Bunthoeun Chhut 20/May/2021 17:28
ចែករំលែក

អ្នកជំនាញអចលនទ្រព្យចំនួនបួនរូប បានអះអាងស្រដៀងៗគ្នាថា ទីផ្សារអចលនទ្រព្យនៅតែអាចរក្សាបាននូវភាពធន់ ដោយតម្លៃអចលនទ្រព្យមិនមានការថមថយនោះទេ ទោះបីបញ្ហាកូវីដ១៩ បានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំមកនេះក្តី។ យ៉ាងណាមិញ អ្នកជំនាញទាំងនេះក៏បានបង្ហាញសុទិដ្ឋិនិយម ថាការវិនិយោគអចលនទ្រព្យនឹងមានកំណើនល្អឡើងវិញនាពេលឆាប់ៗខាងមុខ។

ខាងក្រោមនេះព័ត៌មានអចលនទ្រព្យ Z1New បានសង្ខេបខ្លឹមសារ និងការមើលឃើញពីនិន្នាការអចលនទ្រព្យសំខាន់ៗរបស់ជំនាញទាំងបួនរូប ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយសមាគអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  

ក្នុងឆមាស​ទី២   ឆ្នាំ ២០២១  វិស័យអលចលនទ្រព្យនឹងបង្ហាញពីកំំណើននៃសកម្មភាពទិញ-លក់ល្អប្រសើរឡើងវិញ។ បើតាមលោកសុខនីម កំណើននៃការវិនិយោគនេះ ជាការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុកដែលមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ស្វែងរកឱកាសប្រមូលទិញអចលនទ្រព្យណាដែលមានសក្តានុពល ដើម្បីទុកចំណេញ។ ស្របពេលដែលរដ្ឋាភិបាលកំពុងបង្កើនល្បឿនក្នុងការចាក់វ៉ាក់សាំង ដើម្បីកាត់ផ្តាច់ និងគ្រប់គ្រងជំងឺឆ្លងកូវីដ១៩ លោក សុខនីម រំពឹងថា រយៈពេលពីរឬបីខែខាងមុខ វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន អាចនឹងចាប់ផ្តើមមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាឡើងវិញជាបណ្តើរៗ។ ការណ៍នេះលោកថា​ នឹងអាចជំរុញកំណើនតម្លៃទីផ្សារអចលនទ្រព្យឱ្យស្ទុះងើបឡើងវិញចាប់ពីចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL Cambodia Properties Limited

លោកឧកញ៉ា ចេង ខេង បានបញ្ជាក់ថានៅក្នុងវិបត្តិ តែងហុចនូវឱកាស។ ឱកាសនោះគឺការប្រមូលទិញអចលនទ្រព្យសក្តានុពលតម្លៃក្រោមទីផ្សារ និងការទូទាត់មានលក្ខណ្ឌអំណោយផល ដើម្បីទុកចំនេញ​​ពេលសេដ្ឋកិច្ចមានកំណើនឡើងវិញឆាប់ៗខាងមុខ។ លោកឧកញ៉ាកត់សម្គាល់ថា សកម្មភាពទិញ-លក់ដីធ្លីបានចាប់ផ្តើមមានសកម្មភាពទិញ-លក់ឡើងវិញជាហូរហែរ ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលបើកឱ្យមានការធ្វើដំណើរឡើងវិញ ក្រោយមានការបិទខ្ទប់មួយរយៈខ្លី។ នៅពេលដែលសេដ្ឋកិច្ចវិលត្រលប់មករកប្រក្រតីភាពឡើវិញ លោកឧកញ៉ា ចេង ខេង បានបញ្ជាក់ពីសុទិដ្ឋិនិយមរបស់លោកថា ការវិនិយោគអចលនទ្រព្យអាចនឹងមានកំណើនជាងមុនពេលផ្ទុះជំងឺកូវីដ១៩ ព្រោះអ្នកអភិវឌ្ឍន៍ ឬវិនិយោគិនតែងបង្កើនការវិនិយោគ ដើម្បីចាប់យកចំណែកទីផ្សារ និងការប្រកួតប្រជែង។

លោក សន សៀប អនុប្រធានប្រតិបត្តិសមាគម CVEA

បន្ទាប់ពីបញ្ហាកូវីដ១៩ អាចគ្រប់គ្រងបាន លោក សន សៀប មើលឃើញថា ​សកម្មភាពនៃការវិនិយោគអចលនទ្រព្យអាចនឹងមានសន្ទុះច្រើនជាងមុនពេលកូវីដ១៩បានផ្ទុះឡើង ដោយលោកផ្អែកលើហេតុផលសំខាន់ៗពីរគឺកំណើនសេដ្ឋកិច្ច និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ បើតាមលោក សន សៀប គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យមានការវិនិយោគអចលនទ្រព្យ​ ជាពិសេសការវិនិយោគលើដីធ្លី។ ឧទាហរណ៍ជាក់ស្តែងដូចជាគម្រោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្លូវក្រវ៉ាត់ក្រុងទី៣ និងគម្រោងសំខាន់ផ្សេងៗទៀត ដែលសុទ្ធសឹងតែ​ជំរុញ​ឱ្យមានសកម្មភាពវិនិយោគអចលនទ្រព្យ។  បន្ថែមពីនេះ លោក សន សៀប ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីរវាងកម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង ដែលកិច្ចព្រមព្រៀងនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញគម្រោងវិនិយោគពីប្រទេសទាំងពីរនេះនាពលខាងមុខ។ ការវិនិយោគតាមរយៈកិច្ចព្រមព្រៀងនេះនៅកម្ពុជា អាចនឹងហូរចូលទៅក្នុងអចលនទ្រព្យឧស្សាហកម្ម ដែលធ្វើឱ្យមានកំណើនរោងចក្រឧស្សាហកម្ម និងតម្រូវការដីធ្លីសម្រាប់វិស័យកសិកម្ម។

លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគម CVEA

ចាប់ពីឆ្នាំ ២០២២ វិស័យអចលនទ្រព្យនឹងមានចរន្តសកម្មឡើងវិញ ដោយផ្អែកលើកត្តាសំខាន់ៗមួយចំនួនដូចជា កំណើននៃប្រាក់ចំណូលរបស់ប្រជាជន និងគម្រោងសាងសង់ដែលបានផ្អាកក្នុងកំឡុងកូវីដ១៩ នឹងត្រូវចាប់ផ្តើមឡើងវិញ។ ចំណែកកម្លាំងទិញក្រៅស្រុក លោកសុជាតិ បានបញ្ជាក់ថាអាចនៅមានបញ្ហាប្រឈមខ្លះៗទាក់ទង​ការរឹតបន្តឹងនៃការធ្វើដំំណើរ ដែលធ្វើឱ្យកម្លាំងទិញអចលនទ្រព្យពីបរទេសនៅកម្ពុជាមិនទាន់អាចវិលត្រលប់មកដូចដើមវិញ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះនៅតែបង្ហាញសុទិដ្ឋិនិយមចំពោះបញ្ហាប្រឈមនេះ ថានឹងត្រូវបានដោះស្រាយ ហើយពេលនោះកម្លាំងទិញពីបរទេស ជាពិសេសក្នុងចំណោមជនជាតិចិន​ ដែលស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា នឹងមានកំណើនវិនិយោគល្អឡើងវិញ។ បើតាមលោក សុជាតិ តម្លៃដីធ្លីនៅកម្ពុជាមានតម្លៃធូរនៅឡើយ ធៀបនឹងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ បន្ថែមពីនេះបរិយាកាសវិនិយោគនៅកម្ពុជាក៏មានលក្ខណៈអំណោយផល និងមានភាពទាក់ទាញផងដែរ ។​ កត្តានេះនឹងជួយជំរុញឱ្យការវិនិយោគអចលនទ្រព្យនៅកម្ពុជា ស្ទុះងើបឡើងលឿន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង