ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma តាមរយៈសម័្ពន្ធអាជីវកម្មរបស់ខ្លួនគឺក្រុមហ៊ុន Baring Private Equity Asia បានចុះកិច្ចព្រមព្រៀងទិញយកភាគហ៊ុនពីក្រុមហ៊ុនលក់រាយធំជាងគេនៅវៀតណាម ដែលជាការវិនិយោគជាលើកដំបូងរបស់ក្រុមហ៊ុនយក្សចិនមួយនេះនៅក្នុងទឹកដីប្រទេសវៀតណាម។
សារព័ត៌មានធំៗជាច្រើនចេញផ្សាយនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma បានសម្រេចទិញយកភាគហ៊ុនក្នុងជុំដំបូងពីក្រុមហ៊ុនលក់រាយ The CrownX ចំនួន ៥,៥ ភាគរយ ដែលស្មើនឹងទឹកប្រាក់សរុបប្រមាណជាង ៤០០ លានដុល្លារអាមេរិក។
ក្រុមហ៊ុនលក់រាយ The CrownX ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Masan Group Corp ដែលជាក្រុមហ៊ុនវិនិយោគចម្រុះធំជាងគេទី៣ នៅវៀតណាម។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន The CrownX នឹងសហការជាមួយក្រុមហ៊ុនលក់ទំនិញតាមអនឡាញ Lazada ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba ដើម្បីបង្កើតប្រព័ន្ធឌីជីថលក្នុងការបង្កើនប្រសិទ្ធិភាព និងពន្លឿនការលក់ទំនិញតាមអនឡាញក្នុងទីផ្សារវៀតណាម។
លោក Kenny Ho ប្រធានផ្នែកវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Alibaba Group បានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះនឹងក្លាយជាកត្តាលីករដ៏រឹងមាំក្នុងការធ្វើទំនើបកម្មវិស័យលក់រាយនៅប្រទេសវៀតណាម។»
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុន Masan កំពុងចរចារជាមួយក្រុមហ៊ុនផ្សេងទៀត ដើម្បីកៀរគរទុនចន្លោះពី ៣០០ ទៅ ៤០០ លានដុល្លារបន្ថែមទៀត មកវិនិយោគក្នុងក្រុមហ៊ុន The CrownX។ ក្នុងនោះក៏មានក្រុមហ៊ុនបច្ចេកវិទ្យាចិន JD.Com ក៏បានបង្ហាញថាចំណាប់អារម្មណ៍វិនិយោគក្នុងក្រុមហ៊ុននេះផងដែរ៕