ការផ្តល់កម្ចីទិញផ្ទះនៅតែមានកំណើនខ្លាំងនៅអាមេរិក បើទោះបីជាការរាតត្បាតជំងឺឆ្លងកូវីដ១៩ បានប៉ះពាល់ដល់អាជីវកម្មជាច្រើនលើសកលលោក ដោយសារថាការផ្តល់កម្ចីតាមបច្ចេកវិទ្យាបានក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាព។
ការស្ទង់មតិមួយបានបង្ហាញថា ៩៩ ភាគរយនៃក្រុមហ៊ុនផ្តល់កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកបានបញ្ជាក់ពីកំណើនការផ្តល់កម្ចីដោយសារហេតុផលសំខាន់មួយចំនួនដូចជាអត្រាការប្រាក់អំណោយផល និងការវិវត្តនៃបច្ចេកវិទ្យា។ ក្នុងឆ្នាំ២០២០ កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់សរុប ៣,៨៣ ទ្រីលានដុល្លារ ដែលកើនពី ២,២៥ ទ្រីលានដុល្លារក្នុងឆ្នាំ២០១៩។ បើតាមការព្យាការណ៍ ទំហំទឹកប្រាក់នៃការផ្តល់កម្ចីនេះ អាចនឹងកើនដល់ ៤ទ្រីលានដុល្លារ នៅឆ្នាំ២០២១។
ធនាគារកណ្តាលសហរដ្ឋអាមេរិកបានទម្លាក់អត្រាការប្រាក់គោលដើម្បីជុំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទជំងឺកូវីដ១៩ ដែលគិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ការប្រាក់សម្រាប់ឥណទានរយៈពេល៣០ឆ្នាំ មានអត្រាតែ ២,៧ ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានេះបច្ចេកវិទ្យាឌីជីថលបានក្លាយជាដំណោះស្រាយដ៏ចំាបាច់បំផុតក្នុងការសម្រួលដំណើរការផ្តល់កម្ចី ដោយមិនចាំបាច់ជួបប្រាស្រ័យដោយផ្ទាល់។
ក្រុមហ៊ុន ICE Mortgage Technology ដែលជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាដល់ក្រុមហ៊ុនផ្តល់កម្ចីដ៏ធំមួយនៅអាមេរិក បានធ្វើការអង្កេតពីនិន្នាការថ្មីដោយស្ទង់មតិពីគ្រឹះស្ថានផ្តល់កម្ចីចំនួន ១៤៧ ក្រុមហ៊ុន និងក្រុមមនុស្សជាង ២ ០០០ នាក់ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ។
របាយការណ៍ស្ទង់មតិបង្ហាញថា ៩១ ភាគរយនៃក្រុមហ៊ុនផ្តល់កម្ចីបានឆ្លើយថា ពួកគេបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីផ្តល់កម្ចីទៅឱ្យអតិថិជន។ ចំណែកអ្នកចូលរួមមតិជាបុគ្គលចំនួន ២០០០ នាក់ មាន ៦៤ ភាគរយឆ្លើយថាពួកគេបានស្នើសុំកម្ចីតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ដើម្បីបង្កើនប្រសិទ្ធិភាពឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់អតិថិជន របាយការណ៍ស្ទង់មតិបានឱ្យដឹងថា មាន២៦ភាគរយ នៃក្រុមហ៊ុនផ្តល់កម្ចីទាំងនោះនឹងពង្រីកការវិនិយោគបន្ថែមតាមប្រព័ន្ធបច្ចេកវិទ្យារបស់ពួកគេ។
លោក Joe Tyrrell ប្រធានក្រុមហ៊ុន ICE Mortgage Technology បានឱ្យដឹងថា បញ្ហាជំងឺរាតត្បាតកូវីដ១៩នេះ បានធ្វើឱ្យក្រុមហ៊ុនផ្តល់កម្ចីជាច្រើនផ្លាស់ប្តូររបៀបនៃការធ្វើការ ដោយត្រូវរក្សាសុវត្ថិ និងការធ្វើគម្លាតសង្គម។ លោកបន្តថា បើទោះបីបញ្ហាទំាងអស់នេះបានកំពុងកើតឡើងក៏ដោយ ទំហំប្រាក់កម្ចីមានការកើនឡើងយ៉ាងច្រើនដែលមិនធ្លាប់មាន។
លោកបញ្ជាក់ថា៖ «ជំងឺ Covid បានផ្តល់នូវបទពិសោធន៍ថ្មីមួយដល់អតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ទទួលកម្ចី»។