ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេនៅវៀតណាមរំពឹងបា្រក់ចំណេញ ១,៥ ពាន់លានដុល្លារ

Bunthoeun Chhut 18/May/2021 15:28
ចែករំលែក

វៀតណាម៖ ក្រុមហ៊ុន Vinhome ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេនៅវៀតណាម រំពឹងទទួលបានកំណើនប្រាក់ចំណេញ​ប្រចាំឆ្នាំ ២៤ ភាគរយនៅឆ្នាំនេះ ស្មើនឹងទឹកប្រាក់ ១,៥២ ពាន់លានដុល្លារ។  នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកវៀតណាម។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា ប្រភពកំណើនប្រាក់ចំណេញរបស់ ក្រុមហ៊ុន Vinhome ដែលចុះបញ្ជីនៅផ្សារហ៊ុនក្រុងហាណូយ គឺ​ដោយសារ​គម្រោងអភិវឌ្ឍន៍ធំៗរបស់ក្រុមហ៊ុនចំនួនបីកន្លែង ដែលក្នុងនោះ​ពីរកន្លែងនៅក្រុងហាណូយ និងមួយកន្លែងទៀតនៅក្រុងហូជីមិញ។

គម្រោងទាំង​នេះ​ប្រកាសបើកលក់ ស្របពេលដែលសមាគមភ្នាក់ងារអចលនទ្រព្យរបស់វៀតណាមអះអាងថាទីផ្សារអចលនទ្រព្យ ជាពិសេស​ទីផ្សារលំនៅឋានបន្តមានកំណើនតម្រូវការល្អ ដោយសារប្រសិទ្ធិភាពនៃការគ្រប់គ្រងជំងឺ​ឆ្លងកូវីដ ១៩ និងការស្ទុះងើបឡើវិញលឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ក្រៅពីចំណែកទីផ្សារ​លំនៅឋាន ក្រុ​មហ៊ុននេះក៏បានចំណាយទុនវិនិយោគប្រមាណ ៤០០ លានដុល្លារអាមេរិកផងដែរ ក្នុងការវិនិយោគលើអចលនទ្រព្យឧស្សាហកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការពង្រីកសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបរទេស ជាពិសេសបណ្តារោងចក្រឧស្សាហកម្មដែលផ្លាស់ប្តូរទីតាំងរោងចក្រពីប្រទេសចិន មកវៀតណាម។

អគ្គនាយកក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេ Vinhome គឺលោក Pham Nhat Vuong បានបញ្ជាក់ថា៖ «​យើងគិតថា​ការវិនិយោគលើប្រភេទ​អចលនទ្រព្យឧស្សាហកម្ម នឹងក្លាយជា​អាជីវកម្មចម្បងរបស់យើងនាពេលអនាគត ហើយទីផ្សារនេះ​នឹងបង្កើតបានជាលំហូរសាច់ប្រាក់ទៀងទាត់​»។

តាមការព្យាករណ៍របស់ CBREវៀតណាម ការផ្គត់ផ្គង់ឃ្លាំង និងរោងចក្រដែលសាងសង់រួចរាល់ នឹងមានការកើនឡើងចន្លោះពី ២៥ ទៅ ២៨ ភាគរយនៅឆ្នាំនេះ ដោយសារតែមានកំណើនតម្រូវការខ្ពស់នៃលំហូរវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម។

ក្រុមហ៊ុន Vinhome បានចុះបញ្ចីជាផ្លូវការនៅក្នុងផ្សារហ៊ុនក្រុងហាណូយកាលពីឆ្នាំ២០១៨ ដោយបោះផ្សាយលក់ភាគហ៊ុនចំនួន ២.៦៨ ពាន់លានហ៊ុន។ ក្រុមហ៊ុននេះគៀគរទុនពីការបោះផ្សាយលក់ភាគហ៊ុនក្នុងទំហំទឹកប្រាក់ប្រមាណ ១,៥ ពាន់លានដុល្លារនាពេលនោះ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង