ភ្នាក់ងារអចលនទ្រព្យជនជាតិអាមេរិកបីរូបគឺអ្នកស្រី Joyce Rey អ្នកស្រី Jannifer Zales និងអ្នកស្រី Michele Kolsky-Assalty បានក្លាយជាភ្នាក់អចលនទ្រព្យកំពូលរបស់ក្រុមហ៊ុន Coldwell Banker នៅសហរដ្ឋអាមេរិក។ នេះបើតាមទស្សនាវដ្តី Forbes។
Forbes បានឱ្យដឹងថា ភ្នាក់ងារអចលនទ្រព្យទាំងបីរូបនេះ បានកសាងទំនាក់ទំនងល្អជាមួយបណ្តាញអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅសហរដ្ឋអាមេរិក ដែលភាគច្រើនជាសេដ្ឋីក្នុងវិស័យសិល្បះ កីឡា និងជាអ្នកជំនួញ។ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យអាជីព អ្នកស្រីទាំងបីរូបបានសម្របសម្រួលក្នុងការទិញ-លក់ដល់ម្ចាស់ទ្រព្យដែលមានតម្លៃសរុបចន្លោះពី ១ ពាន់លានដុល្លារ ទៅ ៥ ពាន់លានដុល្លារអាមេរិក។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួន ដែលភ្នាក់ងារអចលនទ្រព្យជំនាញទាំងបីរូបនេះចែករំលែកក្នុងការលក់អចលនទ្រព្យដែលមានតម្លៃថ្លៃៗបំផុតនៅលើពិភពលោក៖
ទំនុកចិត្តគឺជាកត្តាចំបាច់
ដើម្បីអាចសម្រេចបាននូវភាពជោគជ័យក្នុងអាជីពការងារជាភ្នាក់ងារអចលនទ្រព្យ អ្នកជំនាញទាំងបីរូបនេះមានការយល់ដូចគ្នាថា ការទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនគឺមានសារសំខាន់ខ្លាំងណាស់។ តើធ្វើយ៉ាងដូចម្តេចទើបទទួលបានការទុកចិត្តពីបណ្តាក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទាំងនោះ? ពួកគាត់សង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះឥរិយាបថក្នុងការទំនាក់ទំនង (discretion)។
ត្រង់ចំណុចនេះអ្នកស្រី Kolsky Assalty បានពន្យល់ថា ការប្រកាន់ឥរិយាបថក្នុងការទំនាក់ទំនងដោយភាពប្រុងប្រយ័ត្ននេះ គឺជារឿងសំខាន់ខ្លាំងណាស់ ចំពោះអតិថិជនដែលមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ (high-profile clients)។ ព្រោះគ្មាននរណាក្រៅពីយើងខ្លួនឯងជាភ្នាក់ងារអចលនទ្រព្យ ដែលដឹងរឿងរ៉ាវពីម្ចាស់ទ្រព្យដែលពឹងឱ្យយើងជួយលក់ ឬទិញអចលនទ្រព្យនោះទេ។
អ្នកស្រី បញ្ជាក់ថាការប្រើប្រាស់បណ្តាញសង្គមក្លាយជាមធ្យោបាយសំខាន់សម្រាប់ភ្នាក់ងារអចលនទ្រព្យក្នុងការផ្សព្វផ្សាយលក់អចលនទ្រព្យ ក៏ប៉ុន្តែភ្នាក់ងារត្រូវផ្សព្វផ្សាយតែអចលនទ្រព្យដែលម្ចាស់ទ្រព្យពឹងឱ្យជួយលក់ទៅបានហើយ មិនត្រូវលាយឡំរឿងរ៉ាវផ្ទាល់ខ្លួនរបស់ម្ចាស់ទ្រព្យនោះទេ។
ចំណែកឯលោកស្រី Rey និងលោកស្រី Zales បានបញ្ជាក់ស្រដៀងគ្នាដែរថាបុគ្គលល្បីៗ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភពួកគេត្រូវការរក្សាការសម្ងាត់។ ឧទារហណ៍ ការទិញផ្ទះជារឿងរ៉ាវផ្ទាល់ខ្លួន ដែលជាសិទ្ធិឯកជនរបស់ពួកគេ ដូច្នេះកំឡុងពេលនៃការទិញអចលនទ្រព្យនោះ ភ្នាក់ងារអចលនទ្រព្យដែលជាអ្នកសម្របសម្រួល គួរមានការប្រុងប្រយ័ត្នកុំឱ្យមានការលេចឭជាសារធារណៈឡើយ។ ប្រសិនបើមិនអាចគ្រប់គ្រងការប្រុងប្រយ័ត្ន (discretion) ទាំងនេះបានទេ នោះអតិថិជនប្រាកដជារារែកចិត្តធ្វើការជាមួយអ្នកនៅពេលក្រោយ។
ការប្តេជ្ញាចិត្តដ៏មុតស្រួច
អ្នកជំនាញទាំងបីរូបនេះយល់ស្របដូចគ្នាថា ដើម្បីកា្លយជាភ្នាក់ងារអចលនទ្រព្យដែលអាចលក់អចលនទ្រព្យតម្លៃថ្លៃៗបាន (luxury real estate agent) ត្រូវមានធាតុផ្សំសំខាន់បីយ៉ាងដូចជា ការបេ្តជ្ញាចិត្ត កម្រិតនៃការអប់រំ និងចំណេះដឹងក្នុងការវិនិយោគ។
ពេលធ្វើការជាមួយអ្នកមាន ហើយពួកគេត្រូវការណាត់ជួបដើម្បីពិភាក្សា អ្នកត្រូវប្រាកដថាមានពេលគ្រប់គ្រាន់សម្រាប់ពួកគេ។ បើចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យដែលលេចធ្លោ ការងារជាភ្នាក់ងារអចលនទ្រព្យនេះចាំបាច់ត្រូវតែជាការងារពេញម៉ោងរបស់អ្នក។ មិនថាអតិថិជនត្រូវការពេលច្រើនប៉ុណ្ណា ចាំបាច់ត្រូវតែចំណាយពេលវេលានោះជាមួយអតិថិជនក្នុងការប្រឹក្សាយោបល់ដល់ពួកគេ ព្រោះកម្រិតនៃការងារបែបនេះត្រូវការប្តេជ្ញាខ្ពស់ណាស់។
ក្រៅពីការបេជ្ញាចិត្តខ្ពស់ ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនដូចជាចំណេះដឹងផ្នែកធុរកិច្ច ចំណេះដឹងទីផ្សារ និងចំណេះដឹងក្នុងការវិនិយោគ ក៏ជាកត្តាចាំបាច់ផងដែរ ព្រោះជំនាញទាំងនេះជួយឱ្យអតិថិជនអាចសម្រេចចិត្តបានត្រឹមត្រូវ។
អនុភាពម៉ាកយីហោក្រុមហ៊ុន
បន្ថែមពីចំណុចដែលបានរៀបរាប់ខាងលើ ការស្រលាញ់ និងការលះបង់ បូករួមទាំងម៉ាកយីហោក្រុមហ៊ុនល្បី បានធ្វើឱ្យបុគ្គលទាំងបីរូបនេះអាចសម្រេចបាននូវភាពជោគជ័យក្នុងការចាប់យកអាជីពភ្នាក់ងារអចលនទ្រព្យ។ យីហោក្រុមហ៊ុន Coldwell Banker ជាក្រុមហ៊ុនអចលនទ្រព្យដែលមានបណ្តាញទីផ្សារទូលំទូលាយលើពិភពលោក។
ក្នុងឆ្នាំ២០២០ បណ្តាញទីផ្សាររបស់ក្រុមហ៊ុន Coldwell Banker បានទទួលការទិញ-លក់ផ្ទះប្រមាណ ៣៣ ០០០ ប្រតិបត្តិការ ដែលអចលនទ្រព្យនីមួយៗមានតម្លៃចាប់ពី ១លានដុល្លារអាមេរិកឡើងទៅ។
សូមជម្រាបផងដែរថា ម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិមួយនេះបានបើកការរិយាល័យរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ ដោយប្រតិបត្តិការក្រោមឈ្មោះ Coldwell Banker Cambodia៕ អានបន្ថែម