ទីផ្សារដីធ្លីស្ថិតនៅតំបន់ជុំវិញគម្រោងព្រលានយន្តហោះថ្មីមិនមានការធ្លាក់ចុះទេ ក្នុងកំឡុងនៃការបិទខ្ទប់

Bunthoeun Chhut 13/May/2021 18:16
ចែករំលែក

ខេត្តកណ្តាល៖ ទីផ្សារដីធ្លីនៅតំបន់ជុំវិញ​គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (ប៉ែកខេត្តកណ្តាល) នៅរក្សាលំនឹងធម្មតាទោះក្នុងអំឡុងពេល​បិទខ្ទប់​កន្លងទៅ ហើយកំពុងបង្ហាញសញ្ញាល្អវិញបន្តិចស្របពេលការសាងសង់អាកាសយានដ្ឋានថ្មីសម្រេចបានច្រើន​គួរសម​។

អាកាសយានដ្ឋានថ្មីនេះ​ត្រូវ​បានសាងសង់លើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា ដែលលាតសន្ធឹងលើទឹកដីក្នុង​ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ គម្រោងនេះ រំពឹងថានឹងសម្រេចការសាងសង់បាន ៥០ ភាគរយត្រឹមដំណាច់ឆ្នាំ ២០២១នេះ ហើយបញ្ចប់រួចរាល់នៅឆ្នាំ២០២៣ខាងមុខ។

លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានប្រាប់បណ្តាញ​ព័ត៌មានអចលនទ្រព្យ Z1News នៅថ្ងៃទី ១៣ ខែឧសភា​នេះថា ទីផ្សារ​ដីធ្លីនៅតំបន់ជុំវិញគម្រោងអភិវឌ្ឍ​ន៍ព្រលានយន្តហោះថ្មីមិនមានការថមថយទេគិតមកទល់ពេលនេះ ធៀបនឹងចុងឆ្នាំ២០២០។

លោកបន្តថា៖ «ម្ចាស់ទ្រព្យភាគច្រើនគាត់មានសាច់ប្រាក់រឹងមាំ ដែលធ្វើតម្លៃដីរបស់ពួគគាត់ដែលដាក់លក់មិនងាយធ្លាក់ថ្លៃ។ ផ្ទុយទៅវិញមានម្ចាស់ទ្រព្យខ្លះនាពេលបច្ចុប្បន្នចាប់ផ្តើមបង្កើនតម្លៃជាងមុនទៅទៀត»។

តាមចុះស្រាវជ្រាវ​​ និងការប្រមូលព័ត៌មានពីម្ចាស់ទ្រព្យដែលដាក់លក់ដីនៅតំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី លោកប៊ុនសុង បានគូសបញ្ជាក់ថា ទីតាំងដីឋិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅដែលមានចំងាយប្រហែលប្រាំគីឡូដីពីទីតាំងគរោងព្រលានយន្តហោះថ្មីមានតម្លៃដីដាក់ជាមធ្យមចន្លោះពី ៣០ ទៅ ៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីឋិតនៅតាមផ្លូវលំ។ ទីតាំងដីនៅតាមបណ្តោយផ្លូវធំវិញ (ផ្លូវជាតិលេខ២១) មានតម្លៃជាមធ្យមចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែកឯ ទីតាំងដីធ្លីស្រុកកណ្តាលស្ទឹងដែលជាប់ព្រំប្រទល់នឹង​ស្រុកបាទី ខេត្តតាកែវ មានតម្លៃដាក់លក់ជាមធ្យមចន្លោះពី ៣០ ទៅ ៥០ ដុល្លារ ដោយអាស្រ័យលើទីតាំងដីឋិតបណ្តោយផ្លូវតូចឬផ្លូវធំ។ ទីតាំងដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ១០៥ ឆ្ពោះទៅផ្លូវជាតិលេខ៣​ ក្នុងស្រុកកណ្តាស្ទឹង ដែលជាប់ព្រំប្រទល់ជាមួយខណ្ឌដង្កោ (សង្កាត់រលួស សង្កាត់ទៀន និងសង្កាត់គងនយ) មានតម្លៃដីដាក់លក់ជាមធ្យមចន្លោះពី ២៥០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ទាំងបីមានចំងាយប្រហែលជិត ១០គីឡូដីពីទីតាំងគម្រោងព្រលានយន្តហោះថ្មី។

បើតាមលោក ប៊ុនសុង ទីតាំងដីដែលឋិតនៅចំងាយបីគីឡូដីចេញពីជុំវិញទីតាំងគម្រោងព្រលានយន្តហោះថ្មី ត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ប៉ះពាល់ ដែលមិនអាចអនុញ្ញាតឱ្យ​ទិញ-លក់ដីធ្លីនោះឡើយ។ ដូច្នេះតម្លៃនៃទីតាំងដីដែលបានបញ្ជាក់ខាងលើ គឺមានចំងាយប្រាំគីឡូដីឡើងលើចេញពីទីតាំងគម្រោងព្រលានយន្តហោះថ្មី។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty ធ្លាប់បញ្ជាក់ថា ភាគខាងត្បូងរាជធានីភ្នំពេញ ដែលចេញពីតំបន់មហាវិថីសម្តេច ហ៊ុន សែន (ឬមហាវិថី៦០ម៉ែត្រ) រហូតឆ្ពោះទៅដល់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជាតំបន់គួរទិញដីទុកនាពេលបច្ចុប្បន្នដើម្បីបានចំណេញខ្ពស់ ៣ឆ្នាំខាងមុខ។

លោកថ្លែងថា៖ «ទីតាំងដីធ្លីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពលខ្លាំងនារយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ព្រោះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ដែលមានន័យថា មានទាំងការអភិវឌ្ឍផ្នែកលំនៅឋានពាណិជ្ជកម្ម និងលំនៅឋានរស់នៅ។»

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង