ចិន និងហុងកុង មានអ្នកជំនួញអចលនទ្រព្យដែលមានទ្រព្យសម្បត្តិច្រើនជាងគេ

Bunthoeun Chhut 12/May/2021 17:57
ចែករំលែក

មហាសេដ្ឋី​​​ជនជាតិចិន និងហុងកុង គឺជាមហា​សេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក បើគិតតែទ្រព្យសម្បត្តិដែលបានមកពីជំនួញពី​វិស័យអចលនទ្រព្យ។ នេះបើយោងតាមកំណត់ត្រាមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes.

ទស្សនាវដ្តី Forbes បានបង្ហាញចំនួនមហាសេដ្ឋីដែល​មានជាងគេលើពិភពលោក​សរុបចំនួន ២ ៦៧៤ ដែលកសាងភាពមានបានពី​ជំនួញជាច្រើនផ្សេងៗគ្នា។ តែទន្ទឹមនេះ បើ​ចម្រាញ់យកតែ​អ្នកជំនួញដែលផ្តោតតែលើវិស័យអចលនទ្រព្យដោយ​មិនរាប់បញ្ចូលទ្រព្យបានមកពីជំនួញផ្សេង Forbes បានបង្ហាញថាមាន​អ្នកជំនួញអចលនទ្រព្យលើពិភពលោកចំនួន ២១៥ នាក់​ ដែលទ្រព្យសម្បត្តិរបស់ពួកគេ​បូកបញ្ចូលគ្នា មាន​​ជាង ៨០០ ពាន់លានដុល្លារ។ ក្នុងនោះ មានចំនួន ២០ នាក់​មានទ្រព្យសម្បត្តិចាប់ពី ៨ ពាន់លានដុល្លារ រហូតដល់ជាង ៣០ ពាន់លានដុល្លារ។

តាមប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមអ្នកជំនួញអចលនទ្រព្យទាំង ២០ រូបនោះ គឺមានជនជាតិចិន និងហុង​កុង ៦ នាក់ឈរលើលេខរៀងខ្ពស់ជាងគេ​ក្នុងចំណោម​ក្រុមអ្នកជំនួញអចលនទ្រព្យ។

Z1 News សូមលើកយកព័ត៌មានត្រួសៗរបស់មហាសេដ្ឋីផ្នែកអចលនទ្រព្យលំដាប់លើគេ ៣ រូបដែលមានរាយនាមដូចខាងក្រោម។

1 – លោក Lee Shau Kee ជាមហាសេដ្ឋីវ័យ ៩៣ ឆ្នាំ មានទ្រព្យសម្បត្តិរហូតដល់ទៅ ៣១,៧ ពាន់លានដុល្លារ។ លោក​ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងវិស័យអចលនទ្រព្យ។ លោក Lee គ្រប់គ្រងក្រុមហ៊ុន Henderson Land Development ដែលជាក្រុមអភិវឌ្ឍន៍អចលនទ្រព្យនាំមុខនៅ ហុងកុង និងចិនដីគោក។ ក្រុមហ៊ុនរបស់លោក Lee ផ្តោតលើការអភិវឌ្ឍអចលនទ្រព្យលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម។

2 – លោកស្រី Yang Huiyan ឈរលេខរៀងទី២ ជាអ្នកជំនួញអចលនទ្រព្យដែលមានទ្រព្យសម្បត្តិ ២៩,៦ ពាន់លានដុល្លារ។ លោកស្រីជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍នាំមុខគេមួយប្រទេសចិនគឺក្រុមហ៊ុន Country Garden Holdings។

3 – លោក Hui Ka Yan ជា​ជនជាតិចិន ហើយ​ជា​ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande Group។ លោក Hui មានទ្រព្យសម្បត្តិ ២៧,៧ ពាន់លានដុល្លារ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង