វិស័យផ្សារទំនើបបានរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជាគិតចាប់ពីឆ្នាំ ២០១៤ មក ស្របពេលផ្សារទំនើបអ៊ីអន ១ ដែលជាផ្សារទំនើបអន្តរជាតិដំបូងគេរបស់ជប៉ុនបានដាក់ឲ្យដំណើរការជាផ្លូវការ។ គិតមកទល់ពេលនេះ ផ្សារទំនើបបានរីកដុះដាលស្ទើរគ្រប់បណ្តាខណ្ឌនៅកម្ពុជាដោយមានប្រភេទផ្សេងៗគ្នា។
ខាងក្រោមនេះគឺជាប្រភេទផ្សារទំនើប៣ប្រភេទដែលកំពុងពេញនិយមនៅកម្ពុជា៖
១_ផ្សារទំនើបខ្នាតធំ (shopping malls)៖ ជាប្រភេទផ្សារទំនើបដែលមានបរិវេនធំ ហើយទីតាំងសម្រាប់ជួលធ្វើអាជីវកម្មក៏មានចំនួនច្រើនផងដែរ។ តួយ៉ាងដូចជា ផ្សារទំនើប AEON Mall ជាប្រភេទផ្សារទំនើបដែលមានបរិវេនធំទូលាយជាងគេនៅភ្នំពេញ ហើយបច្ចុប្បន្នផ្សារទំនើបនេះមានពីរសាខាកំពុងបើកដំណើរការ និងមួយសាខាផ្សេងទៀតកំពុងសាងសង ហើយត្រៀមបើកដំណើរការនៅឆ្នាំ២០២២ខាងមុខ។ ទំហំផ្ទៃក្រលានៃផ្សារទំនើបទាំងបីនេះបូកបញ្ចូលគ្នាមានផ្ទៃក្រឡា (site area) សរុប ៣៤ ២០០ ម៉ែត្រការ៉េ។ (សូមមើលផ្ទៃក្រឡាបរិវេន និងផ្ទៃក្រឡាទីតាំងធ្វើអាជីវកម្មរបស់ផ្សារ AEON Mall នីមួយៗ, រូបភាពខាងក្រោម)
តាមទិន្ន័យរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា តម្លៃជួលទីតាំងសម្រាប់ធ្វើអាជីវកម្មនៅក្នុងផ្សារទំនើបប្រភេទនេះ រក្សាតម្លៃថេរក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០ ដែលមានតម្លៃដាក់ជួលជាមធ្យម ២៨,៤៦ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ប្រភពទិន្ន័យ៖ AEON MALL
២_ផ្សារទំនើបសហគមន៍ (community malls)៖ ផ្សារទំនើបប្រភេទនេះមានផ្ទៃក្រឡាទីតាំងសម្រាប់ជួលធ្វើអាជីវម្មតូចជាងផ្សារទំនើបខ្នាតធំ ហើយជាទូទៅផ្សារប្រភេទនេះមានក្រុមហ៊ុន ឬហាងធំៗ ឬហៅថា anchor tenant ជួលទីតាំងដើម្បីប្រតិបត្តិការអាជីវកម្ម មួយឬពីរប៉ុណ្ណោះ។ ផ្សារទំនើបខ្នាតធំវិញ អាចមាន anchor tenant ច្រើនជាងពីរឡើងទៅ។
ផ្សារទំនើបសហគមន៍ភាគច្រើនផ្តោតលើការផ្តល់សេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ (F&B), សេវាកម្មកម្សាន្ត និងកន្លែងលក់សម្លៀកបំពាក់។ ផ្សារទំនើបប្រភេទនេះកំពុងពេញនិយមក្នុងចំណោមប្រជាជន ហើយគម្រោងជាច្រើនកំពុងសាងសង់ និងត្រៀមបើកដំណើរការនាពេលខាងមុខ។ តម្លៃជួលទីតាំងសម្រាប់ធ្វើអាជីវកម្មនៅក្នុងផ្សារទំនើបប្រភេទនេះវិញ មានតម្លៃប្រហែល ២១ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។
ជាក់ស្តែង ក្នុងឆ្នាំ ២០២០ ផ្សារទំនើបសហគមន៍ចំនួន៥ គម្រោងបានបញ្ចប់ការសាងសង់ ហើយមានផ្ទៃក្រឡាទីតាំងសម្រាប់ជួលធ្វើអាជីវកម្មបូកបញ្ចូលគ្នា ៤០ ៧៦០ ម៉ែត្រការ៉េ។ ផ្សារទំនើបសហគមន៍ចំនួន ៣គម្រោងផ្សេងទៀតដូចជា Boeung Snor Food Village, The Green Avenue និងផ្សារទំនើបសហគមន៍ View Park Mall បានបញ្ចប់ការសាងសង់នៅត្រីមាសទី ១ ឆ្នាំ២០២១។ ផ្សារទំាងបីបូកបញ្ចូលគ្នាមានផ្ទៃក្រឡាទីតាំងសម្រាប់ជួលធ្វើអាជីវកម្ម ២៤ ៣៤៩ ម៉ែត្រការ៉េ ឬស្មើនឹង ២៩ភាគរយ នៃការផ្គត់ផ្គង់សរុបក្នុងផ្សារទំនើបបែបសហគមន៍។

ក្នុងចំណោមផ្សារទំនើបទាំងនេះ ភាគច្រើនជាផ្សារទំនើបបែបសហគមន៍ ដែលរំពឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១នេះ។ ទិន្ន័យ៖ CBRE Cambodia
៣_ ផ្សារទំនើប Retail Podium៖ ផ្សារប្រភេទនេះត្រូវបានបង្កើតឡើងក្នុងទីតាំងអគារខុនដូ ឬអគារពាណិជ្ជកម្មផ្សេងៗ ដែលសម្រួលដល់អ្នករស់នៅក្នុងអគារខុនដូ ឬអ្នកធ្វើការនៅក្នុងអគារពាណិជ្ជកម្មនោះ។ សេវាកម្មចម្បងៗនៅក្នុងផ្សារទំនើបប្រភេទនេះគឺផ្តោតលើសេវាកម្មមួយចំនួនដូចជា សម្លៀកបំពាក់ និងគ្រឿងសម្អាងដែលមានយីហោល្បីៗ (fashion), អាហារ និងភេសជ្ជៈ និងសេវាកម្មកម្សាន្ត។ ក្នុងត្រីមាសទី ១ ឆ្នាំ២០២១ ផ្សារទំនើបប្រភេទនេះមួយកន្លែងគឺស្ថិតក្នុងអគារពាណិជ្ជកម្ម TK Central ក្នុងខណ្ឌទួលគោក បានបញ្ចប់ការសាងសង់រួចរាល់។ ផ្សារទំនើបមួយកន្លែងនេះមានផ្ទៃក្រឡាទីតាំងសម្រាប់ជួលធ្វើអាជីវកម្ម ៣ ៥៤០ ម៉ែត្រការ៉េ។ នេះបើតាម CBRE។
ចំណែកតម្លៃជួលទីតាំងធ្វើអាជីវកម្មនៅក្នុងប្រភេទផ្សារប្រភេទនេះវិញមានតម្លៃខ្ពស់ជាងបន្តិចធៀបនឹងផ្សារទំនើបសហគមន៍ ដែលមានតម្លៃដាក់ជួល ២៤,៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១។ តម្លៃជួលមិនមានការប្រែប្រួលទេធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០៕
គិតត្រឹមដំណាច់ឆ្នាំ២០២០ ទីតាំងជួលសម្រាប់ធ្វើអាជីវកម្មនៅក្នុងប្រភេទផ្សារទំនើបទាំងបីនេះ មានផ្ទៃក្រឡាសរុបបូកបញ្ចូលគ្នា ៣៧០ ៧៨១ ម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍ The Mall Company៕