ការឆ្លងរាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន មិនមែនជា វិបត្តិជំងឺឆ្លងដែលសកលលោកទើបជួបប្រទះជាលើកទីមួយនោះទេ។
ជាច្រើនសតវត្សចុងក្រោយនេះ ពិភពលោកបានជួបប្រទះវិបត្តិជំងឺឆ្លងជាសកលជាច្រើនដូចជា ការរាលដាលនៃអាសន្នរោគ (Chelera Pandemic) អុចស្វាយ (smallpox) ផ្តាសាយអេស្បាញ (Spanish flu), វិបត្តិ Black Death និងការឆ្លងរាលដាលជំងឺផ្លូវដង្ហើមរួមមាន Ebola, Sars, ឬ Zika ជាដើម។ វិបត្តិនីមួយៗបានធ្វើឲ្យជីវិតមនុស្សរាប់លាននាក់បាត់បង់ ហើយក៏បញ្ចប់វិញក្នុងពេលណាមួយ ដោយគ្រាន់តែខ្លះមានរយៈពេលយូរ ខ្លះឆាប់។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា កំណត់ត្រាប្រវត្តិសាស្រ្តកន្លងមកបានបង្ហាញថារាល់ពេលវិបត្តិជំងឺឆ្លងទាំងនេះបានបញ្ចប់ (ដែលមិនមែនជាវិបត្តិទាក់ទងនឹងហិរញ្ញវត្ថុ) សេដ្ឋកិច្ចតែងងើបឡើងវិញលឿន ហើយរបៀបធ្វើពាណិជ្ជកម្មថ្មីតែងលេចឡើងប្រកបដោយភាពឆ្នៃប្រឌិតជាងមុន។
ទស្សនាវដ្តីសេដ្ឋកិច្ចដ៏ល្បីឈ្មោះថា The Economist បានចេញផ្សាយអត្ថបទមួយមានចំណងជើងថា «What history tells you about post-pandemic booms» ដែលបានសើរើបង្ហាញព្រឹត្តការណ៍ប្រវត្តិសាស្រ្តកន្លងមក ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិជំងឺឆ្លងជាសកលបានបញ្ចប់។ (ភស្តុតាងក្នុងអត្ថបទនេះសុទ្ធសឹងជាព័ត៌មាននៅប្រទេសមានសេដ្ឋកិច្ចជឿនលឿន) បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News សូមធ្វើការបកប្រែសង្ខេបអត្ថបទនេះដូចខាងក្រោម។
ភស្តុតាងប្រវត្តិសាស្រ្ត បង្ហាញថាមានមេរៀនសំខាន់ ៣ ដែលគួរតែស្វែងយល់បន្ទាប់ពីវិបត្តិទាំងនេះ។ ទី1 – ប្រាក់សន្សំច្រើនជាងមុន ដែលជំរុញឲ្យមានការចំណាយបង្កើនសកម្មភាពសេដ្ឋកិច្ច។ ទី2 – វិបត្តិបានជំរុញឲ្យមនុស្ស និងម្ចាស់អាជីវកម្មព្យាយាមរកវិធីសាស្រ្តថ្មីក្នុងការប្រកបកិច្ចការ ដែលបង្កើតឲ្យមានរចនាសម័្ពន្ធសេដ្ឋកិច្ចថ្មី។ ទី3 – ស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល មានឥទ្ធិពលដល់ស្ថានភាពនយោបាយ។ យើងទៅមើលភស្តុតាងពីមេរៀននីមួយៗដូចខាងក្រោម៖
1 – ទាក់ទងនឹងការចំណាយរបស់អ្នកប្រើប្រាស់។ មានភស្តុតាងជាច្រើនក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងរាតត្បាតពីអតីតកាល ដែលអាចស្រដៀងគ្នានឹងការរាលដាលនៃជំងឺកូវីដ ១៩ ជាងមួយឆ្នាំនេះ ដែលសង្កេតឃើញថាប្រាក់សន្សំបានកើនឡើងគំហុក ដោយសារមិនមានពេលចាយវាយ។
ឧទាហរណ៍ជាក់ស្តែង កាលពីពាក់កណ្តាលទសវត្សរ៍ ១៨៧០ នៅពេលដែលជំងឺអុតស្វាយ (smallpox) ផ្ទុះឡើង ប្រាក់សន្សំរបស់ប្រជាជនអង់គ្លេសកើនឡើងទ្វេដង។ នៅជប៉ុនវិញ អត្រានៃប្រាក់សន្សំរបស់ប្រជាជនកើនឡើងលើសពីរដង ក្នុងអំឡុងសង្គ្រាមលោកលើកទី១។ នៅចន្លោះឆ្នាំ ១៩១៩ និងឆ្នាំ១៩២០ ពេលជំងឺឆ្លងផ្តាសាយអេស្បាញផ្ទុះឡើង ប្រជាជនអាមេរិកបានប្រមូលសាច់ប្រាក់ដើម្បីសន្សំទុក។ សង្គ្រាមលោកលើកទី២ផ្ទុះឡើង ការប្រមូលសាច់ប្រាក់ទុកសន្សំរបស់ប្រជាជនអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ជាថ្មីម្តងទៀត ដែលចាប់ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៤៥ ទំហំទឹកប្រាក់សន្សំសរុបរបស់ប្រជាជនអាមេរិកស្មើនឹង ៤០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នាពេលនោះ។
ព្រឹត្តិការណ៍កើតឡើងពីអតីតកាល បានផ្តល់នូវការណែនាំអំពីអ្វីដែលមនុស្សត្រូវធ្វើនៅពេលដែលស្ថានភាពវិលត្រលប់មករកភាពប្រក្រតីវិញ។ ការចំណាយបានកើនឡើងដែលជំរុញឲ្យកំណើនអត្រាមានការងារធ្វើឡើងវិញ។ ការសិក្សាស្រាវជ្រាវមួយរបស់ធនាគារ Goldman Sachs បានប៉ានប្រមាណថា នៅចន្លោះឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៤៩ អ្នកប្រើប្រាស់ជាជនជាតិអាមេរិកបានចំណាយសម្រាប់ការរស់នៅប្រចំាថ្ងៃត្រឹមតែ ២០ ភាគរយប៉ុណ្ណោះនៃអតិរេកប្រាក់សន្សំរបស់ពួកគេ។ ហើយការចំណាយនោះ បានជំរុញកំណើនសកម្មភាពសេដ្ឋកិច្ចក្រោយសង្គ្រាមផុតរលត់។
2 – ចំណុចទី២៖ ការលេចចេញនូវអាជីវកម្មថ្មី និងភាពឆ្នៃប្រឌិតក្នុងអាជីវកម្ម។ ទោះបីមានមនុស្សជាច្រើនហាក់មានភាពមិនប្រាកដប្រជាពីស្ថានភាពបន្ទាប់ពីការផ្ទុះឡើងនៃជម្ងឺរាតត្បាតនោះក្តី តែទន្ទឹមគ្នានេះក៏មានមនុស្សជាច្រើនមានឆន្ទៈព្យាយាមក្នុងការបង្កើតមធ្យោបាយថ្មីៗក្នុងការបង្កើតប្រាក់ចំណូល។
ប្រវត្តិវិទូជាច្រើនជឿថាសោកនាដកម្ម (The Black Death) បានជំរុញឱ្យប្រជាជននៅអ៊ឺរ៉ុប ហ៊ានប្រថុយប្រថានក្នុងការបង្កើតអ្វីដែលថ្មីៗ។ (សោកនាដកម្មពណ៍ខ្មៅ The Black Death គឺជាវិបត្តិជំងឺឆ្លងដ៏កាចសាហាវកើតឡើងនៅឆ្នាំ ១៣៤៦ ដល់ឆ្នាំ១៣៥៣ សម្លាប់មនុស្សប្រមាណ ២០០លាននាក់នៅអឺរ៉ុប ទ្វីបអាស៊ី និងអាហ្វ្រិក)។
ជាក់ស្តែងតាមការសិក្សាមួយរបស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចរបស់អាមេរិកចេញផ្សាយនៅឆ្នាំ ១៩៤៨ រកឃើញថាចំនួននៃអាជីវកម្មបង្កើតថ្មីៗត្រូវបានបង្កើតឡើងយ៉ាងច្រើនផុសផុលចាប់ពីឆ្នាំ ១៩១៩។ នៅក្នុងបរិបទជំងឺឆ្លងកូវីដនាពេលបច្ចុប្បន្នវិញ ការបង្កើតអាជីវកម្មថ្មីៗក៏មានសន្ទុះជាថ្មីម្តងទៀតនៅបណ្តាប្រទេសអភិវឌ្ឍន៍ ដោយសារសហគ្រិននៅប្រទេសទាំងនោះ មើលឃើញពីឱកាសបង្កើតអាជីវកម្មបំពេញកង្វះខាតនៃតម្រូវការក្នុងទីផ្សារ។
សេដ្ឋវិទូជាច្រើនផ្សេងទៀត បានទាញចំណាប់អារម្មណ៍ដោយផ្សាភ្ជាប់ទំនាក់ទំនងរវាងជំងឺរាតត្បាត និងការផ្លាស់ប្តូរផ្សេងៗនៅលើពិភពលោក ចំពោះការផ្គត់ផ្គង់នៅក្នុងសកម្មភាពសេដ្ឋកិច្ច នោះគឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយកម្លាំងពលកម្មមនុស្ស ហើយក៏អាចកាត់បន្ថយកម្រិតនៃការរីកដាលជំងឺឆ្លងផងដែរ។ តាមការសិក្សាមួយរបស់មូលនិធិរូបិវត្ថុអន្តរាជាតិ (IMF) ដែលសង្កេតទៅលើជំងឺឆ្លងដែលបានផ្ទុះឡើងនាពេលកន្លងមកដូចជាជំងឺ Ebola និងវីរ៉ុស SARS ដោយរកឃើញថា ព្រឹត្តិការណ៍នៃជំងឺឆ្លងរាតត្បាតទាំងនេះបានជំរុញឱ្យមនុស្សបង្កើនការសម្របខ្លួនទៅនឹងការប្រើប្រាស់រ៉ូបូត (robot) ជាពិសេសនៅពេលជំងឺឆ្លងដែលធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
ភស្តុតាងមួយទៀតបង្ហាញថា នៅទសវត្សរ៍ឆ្នាំ ១៩២០ ក៏ជាសម័យកាលនៃកំណើនយ៉ាងឆាប់រហ័សនៃស្វ័យប្រវត្តិកម្មនៅអាមេរិកផងដែរ ជាពិសេសទាក់ទងនឹងប្រតិបត្តិការទូរស័ព្ទ។ ហើយវិស័យនេះ បានក្លាយជាប្រភពការងារដ៏សំខាន់ដល់នារីក្មេងៗនៅសហរដ្ឋអាមេរិកនៅដើមទសវត្សរ៍ ១៩០០។
3 – ចំណុចទី ៣ គឺថាស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល មានឥទ្ធិពលដល់នយោបាយ។ នៅពេលចំនួនភាគច្រើននៃប្រជាជនរងផលប៉ះពាល់ ឥរិយាបទរបស់ពួកគេក៏បានផ្លាស់ប្តូរ។ ព្រឹត្តការណ៍កន្លងមកដូចជា ការឆ្លងរាលដាលនៃជំងឺ Ebola ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ បានធ្វើឲ្យសកម្មភាពហឹង្សាក្នុងសង្គមនៅអាហ្រិកខាងលិច កើនឡើង ៤០ ភាគរយ។ ការស្រាវជ្រាវមួយរបស់ IMF បានបង្ហាញថាការឆ្លងរាតត្បាតនៃជំងឺកន្លងមកដូចជា Ebola, Sars, Zika បានបង្កើតឲ្យមានការតវ៉ាក្នុងសង្គម ដែលបញ្ហាតវ៉ាក្នុងសង្គមតែងកើតមានខ្លាំងនៅពីរឆ្នាំបន្ទាប់ពីវិបត្តិជំងឺឆ្លងទាំងនោះបានបញ្ចប់ទៅ៕