លក្ខណអ្វីខ្លះចាត់ទុកជាដីធ្លីមិនបានប្រើប្រាស់?

Bunthoeun Chhut 10/May/2021 17:39
ចែករំលែក

ពន្ធលើដីធ្លីមិនបាន​ប្រើប្រាស់ ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ១៩៩៥ ហើយត្រូវបានអនុវត្តចាប់ពីឆ្នាំ ១៩៩៦។ ពន្ធនេះបង្កើតឡើងក្នុងគោលបំណង  ដើម្បីទប់ស្កាត់រូបភាពទិញដីទុកមិនប្រើប្រាស់ដោយរង់ចាំពេលឡើងថ្លៃ, ជំរុញការប្រើប្រាស់ដីធ្លីឱ្យបាន​សមស្រប, មានការអភិវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវកំណត់តាមអត្រា ២ ភាគរយ​ លើមូលដ្ឋានកំណត់ពន្ធ ដែលគិតតាមថ្លៃ​ទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗនៅទូទាំងប្រទេសកម្ពុជា ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា កំំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

គេអាចសម្គាល់ពី​ដីធ្លីមិនបានប្រើប្រាស់ ដោយការ​​ស្វែងយល់ពីលក្ខណសម្គាល់លើកលែង ៥យ៉ាងដែលមាន​ន័យថារាល់ដីធ្លីទាំងឡាយណា ដែលផ្សេងពី​ប្រភេទ​ដីទាំង ៥ នេះគឺ​​ត្រូវចាត់ទុកជាដីធ្លីមិនបានប្រើប្រាស់។

​លក្ខ័័ណ្ឌទាំង ៥ រួមមាន៖

_ដីមានសំណង់ស្ថិតក្នុងតំបន់លំនៅដ្ឋាន

ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ (ម្ចាស់ដី) ជាកន្លែងស្នាក់នៅជាសំខាន់របស់ខ្លូន និងបានស្នាក់នៅលើទីតាំងដីនោះក្នុងចំនួន ១៨៣ថ្ងៃ ឬច្រើនជាងនេះ ដោយគិតចាប់ពីថ្ងៃទី១ ខែ​តុលា នៃឆ្នាំកន្លងទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ។ កន្លែងស្នាក់នៅជាគោលសំខាន់របស់កម្មសិទ្ធិករគឺជាកន្លែងដែលកម្មសិទ្ធិករបានដេកនៅ ហូបចុកយ៉ាងជាក់លាក់ជារៀង​រាល់ថ្ងៃ ក្រោយពីពេលត្រលប់មកពីបំពេញការងារប្រចាំថ្ងៃ។ សម្រាប់ការកំណត់ពន្ធនេះ កម្មសិទ្ធិករម្នាក់ពុំអាចមានទីកន្លែងស្នាក់នៅជាគោលសំខាន់លើសពីមួយកន្លែងនោះទេ។

_ដីជួលដែលមានសំណង់មានការកាន់កាប់  

ដីស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ឬស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចដូចជា តំបន់ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ហើយដីនោះមានសំណង់ផ្សេងៗដូចជាលំនៅដ្ឋាន អគារ ឃ្លាំង ដែលបានជួលទាំងដីព្រមទាំងសំណង់ទៅឱ្យអតិថិជន ដើម្បីយកឈ្មួលប្រចាំខែ ប្រចាំឆ្នាំ ឬក្រោយកិច្ចសន្យារយៈពេលវែង។ ដីប្រភេទនេះចាត់ទុកជាដីធ្លីប្រើប្រាស់ ដែលមិនត្រូវជាប់ពន្ធលើដីមិនបានប្រើប្រាស់នោះទេ លុះណាតែដីទាំងនោះផ្ត​ល់លាភការប្រចាំខែលើពី ៨០ ភាគរយ នៃចំនួន 1/12 នៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធគុណ នឹងមេគុណ ដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

*មេគុណសម្រាប់វាយតម្លៃលាភការប្រចាំខែ ត្រូវបានកំណត់ស្មើនឹង ០,០៨

ដោយលាភការប្រចាំខែទទួលបានពីការជួលដីនេះចំនួន ១ ៦០០ ០០០ រៀល លើពី៨០ ភាគរយ នៃលាភការប្រចាំខែដែលកំណត់ដោយគណកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ចំនួន ២៥៦ ០០០ រៀល។ ដូច្នេះ ដីនេះមិនត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នោះទេ។

_ដីដែលមានសកម្មភាពសេដ្ឋកិច្ច

ដីប្រភេទនេះ សំដៅដល់ដីដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចដូចជា ដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ស្របតាមការកំណត់តំបន់របស់រដ្ឋ។ ដីប្រភេទនេះត្រូវចាត់ទុកជាដីធ្លីប្រើប្រាស់ មិនត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ លុះត្រាតែប្រាក់ចំណូលប្រចាំខែបានមកពីសកម្មភាពសេដ្ឋកិច្ចទាំងនោះលើសពីចំនួន ៨០% នៃនចំនួន 1/12 នៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធគុណនឹងមេគុណ ដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

_ដីជាកម្មសិទ្ធិរបស់រដ្ឋជួលឱ្យនិតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ

ដីប្រភេទនេះជាដីសាធារណៈ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ទោះបីមានក្នុងបញ្ជីសារពើរភណ្ឌ ឬក្រៅបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋក្តី ហើយដីនោះមានលក្ខណៈណាមួយនៃចំណុចទាំងបីខាងលើ។

_ដីស្ថិតក្រោមកិច្ចព្រមព្រៀងវិនិយោគ

ដីប្រភេទនេះរួមមានដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគដីសម្បទាន ដែលបានការអនុញ្ញាត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីវិនិយោគលើអ្វីមួយ ឬដីសម្បទានរយៈពេលខ្លី មធ្យម ឬរយៈពេលវែង ដែលទទួលបានការអនុញ្ញតពីរា​ជរដ្ឋាភិបាលឱ្យអនុវត្តនូវគម្រោងអ្វីមួយ។ ប្រសិនបើដីវិនិយោគ ឬសម្បទាននោះពុំបាន ឬពុំទាន់ដំណើរការដោយមូលហេតុប្រធានសក្តិ ឬដោយមូលហេតុអសន្តិសុខផ្សេងៗ នោះមិនជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ លុះត្រាតែការអាក់ខាន ឬពន្យានោះមានការបញ្ជាក់ទទួលយល់ព្រមពីស្ថាប័នជំនាញមានសមត្ថកិច្ច និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 *ប្រធានសក្តិ (force majeure) សំដៅលើព្រឹត្តិការណ៍កើតឡើងដោយមិនដឹងមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជំនះបានដូចជា គ្រោះធម្មជាតិ (ទឹកជំនន់ ខ្សល់ព្យុះ រញ្ជួយដី) សង្គ្រាម កុប្បកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ។

សូមចុចទីនេះដើម្បីទាញយក ការកំណត់បែងចែកតំបន់ និងតម្លៃដីក្នុងមួយម៉ែត្រក្រឡាសម្រាប់គិតពន្ធលើដីមិនបានប្រើប្រាស់ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់

ប្រភពឯកសារ៖ សៀវភៅណែនាំស្តីពី ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចងក្រងឡើងដោយអគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយក្នុងឆ្នាំ២០២១ 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង