ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma ទិញភាគហ៊ុនបន្ថែមពីក្រុមហ៊ុនអចលនទ្រព្យធំជាងគេនៅចិន

Bunthoeun Chhut 06/May/2021 14:17
ចែករំលែក

ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma កាលពីសប្តាហ៍មុនបានប្រកាសពីការបង្កើនទុនវិនិយោគប្រមាណជាង ២០០ លានដុល្លារអាមេរិក ទិញយកភាគហ៊ុនបន្ថែមនៅក្នុងក្រុហ៊ុន E-House China Enterprise Holdings ដែលជាក្រុមហ៊ុនអចលនទ្រព្យលេចធ្លោជាងគេមួយនៅក្នុងប្រទេសចិន។ ការបន្ថែមទុននេះ បានធ្វើឱ្យក្រុមហ៊ុន Alibaba ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេទី២​នៅក្នុងក្រុមហ៊ុន​អចលនទ្រព្យនេះ។

ក្រុមហ៊ុន Alibaba បានចំណាយប្រមាណ ២៤៥ លានដុល្លារ ដើម្បីទិញភាគហ៊ុនថ្មីនៅក្នុងក្រុមហ៊ុន E-House China ចំនួន ២៤៨​ លានហ៊ុន ដែលក្នុងមួយហ៊ុនមានតម្លៃប្រមាណ ១ដុល្លារអាមេរិក។  កិច្ចព្រមព្រៀង​នេះ បានបង្កើនការកាន់កាប់ភាគហ៊ុន របស់ក្រុមហ៊ុន Alibaba នៅក្នុងក្រុមហ៊ុន E-House China ពី​ ៨,៣ ភាគរយ កើនដល់ ២២,៦ ភាគរយ ដែលធ្វើឱ្យក្រុមហ៊ុន Alibaba ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេទី២ បន្ទាប់ពីអគ្គនាយកក្រុមហ៊ុន ​ E-House China គឺលោក Zhou Xin ដែលកាន់កាប់ ២២,៨ ភាគរយ។

លោក Zhou Xin អគ្គនាយកក្រុមហ៊ុន ​ E-House China។ រូបភាព៖ SCMP

កាលពីខែ សីហា ឆ្នាំ២០២០ ក្រុមហ៊ុន Alibaba បានសម្រេចទិញយកភាគហ៊ុនពីក្រុមហ៊ុនភ្នាក់ងារ​អចលនទ្រព្យ E-House China Enterprise Holdings ក្នុងចំនួនទឹកប្រាក់ ១០៦ លានដុល្លារ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានសម្រេចបោះទុនវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់សរុប ៧១៦,៦ លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីឱ្យដាក់ដំណើការកម្មវិធី Tmall Haofang ដែលជាកម្មវិធីទិញ-លក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថល។

គិតត្រឹម​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ម្ចាស់ក្រុមហ៊ុន Alibaba គឺលោក Jack Ma​ ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៥០,៣ ពាន់លានដុល្លារអាមេរិក ស្ថិតនៅក្នុងលំដាប់លេខរៀងទី ២៧ នៃកំណត់ត្រាកំពូលមហាសសេដ្ឋីទាំង ៥០០ នាក់់លើពិភពលោក ដែលកត់ត្រាដោយ Bloomberg

ការបង្កើនទុនវិនិយោគរបស់ក្រុមហ៊ុន  Alibaba នៅក្នុងក្រុមហ៊ុន E-House China Enterprise Holdings នាពេលនេះ គឺដើម្បីពង្រីកវត្តមានរបស់ខ្លួន ក្នុងការចាប់យកចំណែកទីផ្សារអចលនទ្រព្យឱ្យកាន់តែធំជាងមុន ស្របពេលដែលទីផ្សារអចលនទ្រព្យក្នុងប្រទេសចិនបានបង្ហាញសញ្ញាល្អឡើងវិញនៅដើមឆ្នាំនេះ។

តាមទិន្ន័យពីការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS)ទំហំទឹកប្រាក់នៃការវិនិយោគលើអចលនទ្រព្យនៅទូទាំងប្រទេសចិនពីខែមករា ដល់ខែ កុម្ភះ បានកើនដល់ជាង ២១៥ ពាន់លានដុល្លារអាមេរិក កើនឡើង​ ៣៨,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ (អានបន្ថែម)

​ ប្រភព៖ SCMP/YICAI Global

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង