កត្តាសំខាន់ ៣ គួរដឹងពីឱកាសវិនិយោគដីធ្លីក្នុងតំបន់ផ្លូវជាតិ៤១

Bunthoeun Chhut 03/May/2021 16:59
ចែករំលែក

ផ្លូវ ៤១ ក្នុងខេត្តកំពង់ស្ពឺ កំពុងក្លាយជាទីតាំងវិនិយោគរោងចក្រឧស្សាហកម្មលេចធ្លោមួយនាពេលថ្មីៗនេះ ដោយសារអំណោយផលទីតាំងភូមិសាស្រ្ត និងកត្តាសំខាន់ៗជាច្រើន។

ចាប់ពីមករា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ៤៥គម្រោង ស្មើ​ទុនវិនិយោគសរុប ៣១៤ លានដុល្លារនៅ​​ខេត្តកំពង់ស្ពឺ ហើយទីតាំងតាមបណ្តោយផ្លូវជាតិ ៤១ ក្លាយជាទីតាំងដ៏លេចធ្លោជាងគេមួយ។

ខាងក្រោមនេះ​​គឺជាកត្តាសំខាន់ៗមួយចំនួន ដែលអ្នកគួរដឹងពីការវិវឌ្ឍនៅតាមបណ្តោយផ្លូវ ៤១។

1 – ជាតំបន់ទាក់ទាញគម្រោងវិនិយោគច្រើនជាងគេ៖

ក្នុងចំណោមគម្រោងទាំង ៤៥ ដែលត្រូវបានផ្តល់សិទ្ធវិនិយោគដោយ CDC នៅជាងមួយឆ្នាំចុងក្រោយ គម្រោងវិនិយោគដែលមានទីតាំងតាមបណ្តោយផ្លូវជាតិ ៤១ មានសរុបដល់ទៅ ២៥ គម្រោង​ ឬស្មើនឹង ៥៥ ភាគរយនៃគម្រោងវិនិយោគសរុប។

ទិន្ន័យដដែលបានបង្ហាញថា ស្រុកសំរោងទង ស្រុកគងពិសី ស្រុកបសេដ្ឋ ​ដែលជាតំបន់ឆ្លងកាត់ផ្លូវជាតិលេខ ៤១ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ។ ស្រុកទាំងបីបូកបញ្ចូលគ្នាមានគម្រោងវិនិយោគសរុប ២៥ គម្រោង​ ឬស្មើនឹង ៥៥ ភាគរយនៃគម្រោងវិនិយោគសរុប ៤៥ គម្រោង។

2 ទីតាំងយុទ្ធសាស្រ្ត៖ ​ផ្លូវជាតិលេខ ៤១ មានប្រវែង ១០០ គីឡូម៉ែត្រ ដោយគិតចាប់ពីចំនុចប្រសព្វផ្សារថ្នល់ទទឹង (ផ្លូវជាតិលេខ ៤) ខេត្តកំពង់ស្ពឺ ដល់ស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិលេខជាតិ ៤១ ជាប្រភេទផ្លូវគមនាគមន៍ធំសម្រាប់បម្រើវិស័យដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងវិស័យទេសចរណ៍ ដោយតភ្ជាប់ផ្លូវជាតិលេខ ៥១ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ១៣០ និងផ្លូវជាតិលេខ ១៤៣ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣ ហើយឆ្លងកាត់ស្រុកមួយចំនួនដូចជាស្រុកសំរោងទង ស្រុកគងពិសី ស្រុកបសេដ្ឋ នៃខេត្តកំពង់ស្ពឺ ស្រុកត្រាំកក់ខេត្តតាកែវ និងស្រុកជុំគិរី ខេត្តកំពត។

ផ្នែកខ្លះនៃទិដ្ឋភាពផ្លូវ ៤១។ រូបភាព៖ Google Map 

ទិដ្ឋភាពតាមបណ្តោយផ្លូវជាតិលេខ ៤១ ឆ្ពោះទៅខេត្តកំពត។ រូបភាព៖ Z1News

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ ​បានឱ្យដឹងថា ក្រៅពីការរីកចម្រើនរោងចក្រឧស្សហកម្ម និងឃ្លាំងស្តុកទំនិញ តំបន់ផ្លូវជាតិលេខ ៤១ ក៏មានគម្រោងអភិវឌ្ឍន៍លំនៅឋានមួយចំនួនផងដែរ ដែលសកម្មភាពទាំងនេះជួយជំរុញកំណើនទីផ្សារដី​ធ្លីនៅតំបន់ផ្លូវ ៤១បានមួយកម្រិតទៀត។

3 កំណើនទីផ្សារដីធ្លី៖ បច្ចុប្បន្នទីផ្សារដីធ្លីនៅតាមប​ណ្តោយផ្លូវជាតិលេខ ៤១ បែងចែកជាពីរតំបន់គឺតំបន់ឧស្សាហកម្ម និងទីតាំងដីឋិតនៅក្រៅតំបន់ឧស្សាហកម្ម។ បើតាមលោក សេងហ៊ួ ដែលចុះស្រាវជាវពីទីផ្សារដីធ្លីក្នុងខេត្តកំពង់ស្ពឺ បានឱ្យដឹងថាបច្ចុប្បន្នទីតាំងដីឋិតនៅក្រៅតំបន់ឧស្សាហកម្មនៃផ្លូវជាតិលេខ ៤១ មានតម្លៃជាមធ្យម ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ចំណែកទីតាំងដីក្នុងតំបន់ឧស្សាហកម្មវិញមានតម្លៃជាមធ្យមប្រមាណ ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ដោយយោងតាមការប្រមូលព័ត៌មាន និងសាកសួរពីម្ចាស់ទ្រព្យជាច្រើនក្នុងតំបន់ផ្លូវ ៤១ លោកសេងហ៊ួ រំពឹងថានៅពេលដែលសេដ្ឋកិច្ចវិលត្រលប់មករកប្រក្រតីភាពឡើងវិញ ទីផ្សារដីធ្លីនឹងអាចកើនឡើងចន្លោះពី ២៥ ទៅ ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបតម្លៃនឹងតម្លៃបច្ចុប្បន្នជាមធ្យម ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីឋិតនៅក្រៅតំបន់ឧស្សាហកម្ម។ ចំណែកទីតាំងដីឋិតនៅក្នុងតំបន់ឧស្សាហកម្មវិញអាចកើនឡើងចន្លោះពី ៥៥ ទៅ ៧៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

កត់សម្គាល់៖ គម្រោងវិនិយោគក្នុងខេត្តកំពង់ស្ពឺ ចេញផ្សាយលើទំព័រហ្វ៊េសបុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១។ គម្រោងវិនិយោគនីមួយៗត្រូវបានចងក្រង និង​គណនាសរុបដោយបណ្តាញ​ព័ត៌មានអចលនទ្រព្យ Z1News

រោងចក្រសហគ្រាសស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១។ រូបភាព៖ Z1News

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង