ការទិញ-លក់អចលនទ្រព្យនៅកម្ពុជា និងអាស៊ានរក្សាសកម្មភាពធម្មតាអំឡុងពេល “បិទខ្ទប់”

Bunthoeun Chhut 27/April/2021 17:14
ចែករំលែក

ភ្នំពេញ៖  ការទិញលក់​អចលនទ្រព្យនៅប្រទេសមួយចំនួនក្នុងតំបន់​អាស៊ានរួមទាំង​​កម្ពុជាផង​ នៅតែរក្សាសកម្មភាពធម្មតាក្នុងអំឡុង​ពេលនៃការបិទខ្ទប់ទីក្រុង ដោយសារការសម្របខ្លួនរបស់អ្នករកស៊ីក្នុងវិស័យនេះ និង​ការរីកចម្រើននៃបច្ចេកវិទ្យា​។ នេះបើយោងតាមលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន (AVA)។

ថ្លែងក្នុងកិច្ចពិភាក្សាប្រចាំសប្តាហ៍ស្តីពីប្រធានបទ៖ បច្ចុប្បន្នភាពវិស័យអចលនទ្រព្យ និងបទពិសោធល្អៗពីទីផ្សារតំបន់អាស៊ាន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោកច្រឹក សុខនីម ប្រធាន AVA និង​ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែរនោះ បានឱ្យដឹងថា ប្រទេសសឹង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាប្រទេសមុនគេនៅតំបន់អាស៊ានដែលទទួលរងផលប៉ះពាល់​ដោយសារការបិទខ្ទប់ទីក្រុងពេលរីករាលដាលជំងឺកូវីដ១៩​។ ក៏ប៉ុន្តែដោយសារវិធានការទប់ស្កាត់ទាន់ពេល ព្រមទាំងការពន្លឿននៃការចាក់វ៉ាក់សាំង សុខភាព​សេដ្ឋកិច្ចប្រទេសទាំងនេះបានផ្សំទៅនឹងវិបត្តិ ហើយចាប់ផ្តើមមានសកម្មភាព​ងើបឡើងវិញ រួមទាំងកំណើននៃការទិញ លក់អចលនទ្រព្យផងដែរ។

នៅកម្ពុជាវិញ  លោកច្រឹក សុខនីម បន្ត​ថាតម្លៃទីផ្សារអចលនទ្រព្យនៅតែរក្សាលំនឹងដដែលរយៈជាង១ឆ្នាំមកនេះ ហើយបើទោះបីឋិតក្នុងអំឡុងពេល​នៃការបិទខ្ទប់ ក៏នៅតែមានប្រតិបត្តិទិញ-លក់ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ។

លោកថ្លែងថា៖ «មិនថាតែនៅកម្ពុជា ឬប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ាន ការប្រើប្រាស់បច្ចេកវិទ្យាដូចជាការទំនាក់តាមប្រព័ន្ធ Zoom និងបច្ចេកវិទ្យាផ្សេងៗទៀតដែលអាចបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៃអចលនទ្រព្យជំនួសឱ្យការមកមើលផ្ទាល់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទិញ-លក់ក្នុងកំឡុងពេលនៃការបិទខ្ទប់។»

លោក សុខនីម មិនបានបញ្ជាក់តួរលេខ​ជាក់ស្តែងពីទីផ្សារនីមួយៗនោះទេអំឡុងពេលផ្សាយផ្ទាល់ តែបើយោងតាមរបាយការណ៍ចុងក្រោយ​របស់ក្រុមហ៊ុនអចលនទ្រព្យ Colliers ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានបង្ហាញថា សឹង្ហបុរីជាប្រទេសដែលមានសកម្មភាពផុសផុលជាងគេក្នុងតំបន់អាស៊ានលើការវិនិយោគអចលនទ្រព្យនៅដើមឆ្នាំនេះ។

របាយការណ៍នេះបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅសឹង្ហបុរីមានទំហំទឹកប្រាក់ជិត ៣ ពាន់លានដុល្លារអាមេរិក កើនឡើង២៦ ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០។ គេ​រំពឹងថា ការវិនិយោគអចលនទ្រព្យនៅប្រទេសសឹង្ហបុរី នឹងវិលទៅរកកំណើនល្អដូចដើមវិញនៅចុងឆ្នាំនេះ។

ចំណែកឯប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីវិញ ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរក្នុងត្រីមាសទី១ ឆ្នាំនេះ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៣៥៦ លានដុល្លារ កើន ៥៣ ធៀបនឹងត្រីមាស១ ឆ្នាំមុន។

បើតាមលោក ច្រឹក សុខនីម វិនិយោគិនដែលស្វែងការទិញអចលនទ្រព្យប្រទេសក្នុងតំបន់អាស៊ានភាគច្រើនជាវិនិយោគិនចិន និងវិនិយោគិនមកពីអាស៊ី ហើយការវិនិយោគនោះគឺផ្តោតលើខុនដូ ផ្ទះអាជីវកម្ម និងអគារពាណិជ្ជកម្មជាដើម។ លោកថា វិនិយោគិនទាំងនោះមើលឃើញពីបញ្ហប្រឈមនាពេលបច្ចុប្បន្នជាឱកាសដែលអាចទិញអចលនទ្រព្យមានសក្តានុពលហើយធូរថ្លៃ ដោយលក់ចេញក្នុងតម្លៃខ្ពស់ពេលដែលសេដ្ឋកិច្ចវិលត្រលប់មករកប្រក្រតីភាពឡើងវិញ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង