ក្រុមហ៊ុនយក្សរបស់ជប៉ុន SoftBank បានបន្ថែមទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ ទៅក្នុងក្រុមហ៊ុនអាមេរិក Better.com ដែលជាក្រុមហ៊ុនផ្តល់កម្ចីទិញផ្ទះតាមប្រព័ន្ធឌីជីថល។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានល្បីៗរបស់អាមេរិកដូចជា CNBC និង Wall Street Journal ចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឱ្យដឹងថា ទុនវិនិយោគនេះបានធ្វើឱ្យតម្លៃក្រុមហ៊ុន Better.com កើនដល់ ៦ ពាន់លានដុល្លារ ស្របពេលដែលក្រុមហ៊ុននេះគ្រោងនឹងឡើងផ្សារហ៊ុននៅចុងឆ្នាំ២០២១។
ក្រុមហ៊ុន SoftBank ដែលជាក្រុមហ៊ុនវិនិយោគពហុវិស័យដ៏ធំរបស់ជប៉ុន បានទិញយកភាគហ៊ុនពីម្ចាស់ហ៊ុនដែលបានវិនិយោគក្នុងក្រុមហ៊ុន Better.com មានដូចជា Goldman Sachs, Citigroup, Kleiner Perkins និងក្រុមហ៊ុន American Express ដែលមានទំហំទឹកប្រាក់បូកបញ្ចូលគ្នាប្រមាណ ៤ ពាន់លានដុល្លារកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
បង្កើតឡើងក្នុងឆ្នាំ ២០១៤ នៅទីក្រុង New York សហរដ្ឋអាមេរិក ក្រុមហ៊ុន Better.com ផ្តល់កម្ចីទិញផ្ទះតាមវេបសាយ និងធនាគារជាដៃគូររបស់ក្រុមហ៊ុន។ ប្រតិបត្តិការរបស់ក្រុមហ៊ុននេះមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ក្នុងអំឡុងនៃការរីករាលជំងឺឆ្លងកូវីដ-19 ដោយសារអត្រាការប្រាក់ទាប ដែលធ្វើឱ្យតម្រូវការទិញផ្ទះមានកំណើនខ្ពស់។
កាលពីឆ្នាំ ២០២០ Better.com បានផ្តល់កម្ចីទិញផ្ទះទៅឱ្យអតិថិជនក្នុងទំហំទឹកប្រាក់ ២៥ ពាន់លានដុល្លារ ហើយរកបានប្រាក់ចំណូល ៨០០ លានដុល្លារ។ ហើយនៅត្រីមាសទី១ ឆ្នាំ២០២១ ក្រុមហ៊ុននេះបានផ្តល់កម្ចីទិញផ្ទះសរុប ១៤ ពាន់លានដុល្លារ។
ប្រភព៖ CNBC/Wall Street Journal