ភ្នំពេញ៖ ទីតាំងសម្រាប់ធ្វើអាជីវកម្មនៅក្នុងប្រភេទផ្សារទំនើបសហគមន៍ (community mall) មានតម្លៃជួលកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២១ ខណៈដែលតម្លៃជួលទីតាំងធ្វើអាជីវកម្មនៅតាមប្រភេទផ្សារទំនើបផ្សេងទៀតនៅដដែល ឬខ្លះថមថយ។
របាយការណ៍ត្រីមាសទី១ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា តម្លៃជួលទីតាំងសម្រាប់ធ្វើអាជីវកម្មនៅក្នុងផ្សារសហគមន៍បានកើនដល់ជាមធ្យម ២២,៣១ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ កើនឡើង ៤,២ ភាគរយ ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២០។ របាយការណ៍បញ្ជាក់ថា កំណើននេះដោយសារតែម្ចាស់ហាងលក់រាយជាច្រើននៅតែមានសុទ្ធិនិយមចំពោះគម្រោងផ្សារសហគមន៍ថ្មីៗដាក់ចូលក្នុងទីផ្សារ។
Community Mall ជាប្រភេទផ្សារទំនើបប្រមូលផ្តុំដោយហាងលក់រាយ ដែលទីតាំងជួលសម្រាប់ធ្វើអាជីវកម្មមានផ្ទៃក្រឡាតូចជាងប្រភេទផ្សារទំនើបខ្នាតធំ (Shopping Mall) ហើយមានម្ចាស់ហាងធំៗ មួយឬពីរ (anchor tenant) ដែលជួលទីតាំងធ្វើអាជីវកម្មក្នុងប្រភេទផ្សារសហគម។ ផ្សារសហគម ភាគច្រើនមានកន្លែងលក់អាហារ និងភេសជ្ជៈ សេវាកម្មកម្សាន្ត និងហាងលក់សម្លៀកបំពាក់ជាដើម។
បើតាមរបាយការណ៍ ទីតាំងជួលសម្រាប់ធ្វើអាជីវកម្មក្នុងប្រភេទផ្សារទំនើប Shopping Mall មានតម្លៃជាមធ្យម ២៨,៤៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ស្របពេលផ្សារទំនើបឋិតក្នុងអគារពាណិជ្ជកម្មចម្រុះ (retail podium) មានតម្លៃមធ្យម ២៤,៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។ តម្លៃជួលទីតាំងអាជីវកម្មក្នុងប្រភេទផ្សារទំនើបទាំងពីរនេះរក្សាលំនឹងថេរ ធៀបនឹងត្រីមាសមុន។
ចំណែកឯ ពេលហាងលក់ទំនិញតាមដងវិថីសំខាន់ (Prime High Street Retail) មានតម្លៃជួលជាមធ្យម ២៣,៦១ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ធ្លាក់ចុះ ១០ ភាគរយ។
របាយការណ៍ CBRE Cambodia បានឱ្យដឹងដែរ ក្នុងឆ្នាំ២០២១មានផ្សារទំនើបចំនួន ១៩ គម្រោង រំពឹងបញ្ចប់ការសាងសង់រួចរាល់។ ក្នុងនោះមានបួនគម្រោងបានបញ្ចប់ការសាងសង់រូចរាល់ក្នុងត្រីមាសទី១ ដូចជាផ្សារទំនើប TK Central ប្រភេទផ្សារទំនើបឋិតក្នុងអគារពាណិជ្ជកម្មចម្រុះ ហើយផ្សេងទៀតជាប្រភេទផ្សារសហគមន៍មានដូចជា Boeung Snor Food Village, The Green Avenue និងផ្សារសហគមន៍ View Park Mall។
ផ្សារសហគមន៍ថ្មីទាំងបីនេះមានផ្ទៃក្រឡាបូកបញ្ចូលគ្នា ២៤ ៣៤៩ ម៉ែត្រការ៉េ ដែលបានដាក់ចូលទីផ្សារ ឬស្មើនឹង ២៩ ភាគរយនៃការផ្គត់ផ្គង់ផ្សារផ្ទៃក្រឡាផ្សារសហគមន៍សរុបក្នុងរាជធានីភ្នំពេញ៕