គម្រោងលំនៅឋានថ្មីៗជាច្រើនប្រកាសបើកលក់

Bunthoeun Chhut 07/April/2021 19:10
ចែករំលែក

ភ្នំពេញ៖ ទីផ្សារលំនៅឋានកម្ពុជានៅតែមានការផ្គត់ផ្គង់ល្អ ដោយមានគម្រោងថ្មី និងគម្រោងបញ្ចប់ការសាងសងសរុប ៣២ បានដាក់លក់លើទីផ្សារក្នុងរយៈពេល ៦ ខែចុងក្រោយនេះ (ខែកញ្ញ២០២០ ដល់ មិនា២០២១) ស្មើនឹងចំនួនផ្ទះ ២ម៉ឺនខ្នង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ។

របាយការណ៍ត្រីមាសទី១របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា គម្រោងលំនៅឋានថ្មីដែលសំដៅលើបណ្តុំសំណង់បុរីបានប្រកាសបើកលក់ក្នុងទីផ្សារមានចំនួន ២១ គម្រោង ឬស្មើនឹងចំនួនផ្ទះ ១៥ ៥០០ ខ្នង ដែលមាននៅ ក្នុងខណ្ឌចំនួន៩ ស្របពេលគម្រោងលំនៅឋាន ១១ គម្រោងបានបញ្ចប់ការសាងសង់ ហើយមានផ្ទះ ៤ ៥០០ ខ្នងរួចរាល់សម្រាប់ចូលនៅ។

របាយការណ៍បញ្ជាក់ថា៖ «ទាំងគម្រោងដែលកំពុងសាងសង់ និងគម្រោងប្រកាសបើកលក់ថ្មីកំពុងចាប់យកទីផ្សារលំនៅឋានតម្លៃសមរម្យ។ ហើយបើនិយាយពីគម្រោងថ្មីទើបប្រកាសបើកលក់វិញ មានប្រមាណ ៦០ ភាគរយផ្តោតលើប្រភេទលំនៅឋាន LinkHouse ដែលមានតម្លៃសមរម្យ ហើយជាង ៧០ ភាគរយផ្តោតលើវីឡាទោល»។

ស្របពេលដែលគម្រោងថ្មីៗប្រកាសបើកលក់ក្នុងទីផ្សារ តម្លៃលំនៅឋានជាមធ្យមមានការថមថយ ១៥ ភាគរយធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០។

លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property ធ្លាប់បានបញ្ជាក់ថា ប្រភេទលំនៅឋានតម្លៃដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ឬលើសនេះតិចតួច នៅតែមានការទិញដូរច្រើននាពេលបច្ចុប្បន្ន។ បើតាម លោកគីមសួគ៌ លំនៅឋានតម្លៃសមរម្យជាច្រើនកំពុងមានការវិនិយោគនៅតាមតំបន់ជាយៗរាជធានីភ្នំពេញដោយមានតម្លៃដីនៅធូរថ្លៃ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង