ភ្នំពេញ៖ ខណ្ឌចំនួនបីនៃរាជធានីភ្នំពេញដែលសុទ្ធសឹងជាខណ្ឌទីប្រជុំជនថ្មីនៅមានទីតាំងដីមួយចំនួនដែលអាចរកទិញបានក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលអាចជាឱកាសល្អក្នុងការទិញចូលទុកលក់ចេញបានចំណេញ។
ខណ្ឌទាំងបីនោះរួមមាន ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ និងខណ្ឌដង្កោ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យធ្លាប់បានបញ្ជាក់ថា ទីផ្សារដីធ្លីនៅភ្នំពេញមានអត្រាកំណើនជាមធ្យមប្រមាណ ១០ ភាគរយក្នុងមួយឆ្នាំ ដោយអាស្រ័យលើកំណើនសេដ្ឋកិច្ច និងលំហូរវិនិយោគ។ ហើយទីតាំងដីនៅតាមជាយរាជធានីភ្នំពេញ ជាទិសដៅសម្រាប់ការវិនិយោគទទួលបានផលចំណេញខ្ពស់ ដោយសារការរីកធំធាត់នៃទីក្រុង និងកំណើនវិនិយោគ។
ខាងក្រោមនេះគឺជាទីតាំងមួយចំនួនដែលវិនិយោគិនអាចរកទិញដីតម្លៃក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលទិន្នន័យនេះយោងតាមតារាងតម្លៃដីរបស់ក្រុមហ៊ុន Century 21 Zillion ប្រចាំសាខាខណ្ឌទាំងបីរួមមាន ខណ្ឌកំបូល ដង្កោ និង ព្រែកព្នៅ។
1 – ខណ្ឌកំបូល៖ ទីតាំងដីដែលមានតម្លៃក្រោម ១០០ ក្នុងមួយម៉ែត្រការ៉េក្នុងខណ្ឌកំបូលភាគច្រើនស្ថិតនៅតាមបណ្តោយផ្លូវតូចៗនៅតាមសង្កាត់ឳឡោក សង្កាត់កំបូល សង្កាត់បឹងធំ សង្កាត់ស្នោរ និងសង្កាត់ប្រទះឡាង ដែលដីធ្លីទីតាំងមួយចំនួននៅមានតម្លៃ ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬ ៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ទីតាំងដីនៅតាមបណ្តោយផ្លូវធំ នៃសង្កាត់ដែលបានរៀបរាប់ទាំងនេះមានតម្លៃចាប់ពី ៨០០ រហូតដល់ទៅ ២ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
2 – ខណ្ឌដង្កោ៖ នៅមានតំបន់មួយចំនួនដែលអ្នកទិញអាចរកទិញដីបានតម្លៃក្រោម ១០០ ដុល្លារក្នុងខណ្ឌដង្កោ។ សង្កាត់ក្រាំងពង្រ សង្កាត់ព្រៃវែង សង្កាត់សាក់សំពៅ សង្កាត់ទៀន សង្កាត់ស្ពានថ្ម អាចនៅមានដីតម្លៃ ៦០ ដុល្លារ ឬ ៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលតម្លៃដីនៅផ្លូវធំនៃសង្កាត់ទាំងនេះបានកើនដល់តម្លៃខ្ពស់បំផុតមានចាប់ពី ២២០ រហូតដល់ ៨០០ ដុល្លារក្នុងម៉ែត្រការ៉េ។
3 – ខណ្ឌព្រែកព្នៅ៖ សង្កាត់ពន្សាំងមានតម្លៃដីទាបជាងគេក្នុងខណ្ឌនេះគឺមានតម្លៃដីចន្លោះពី ៤០ ទៅ ៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីនៅតាមផ្លូវតូច។ សង្កាត់មួយចំនួនទៀតក៏នៅមានតម្លៃដីក្រោម ១០០ ដុល្លារដែរសម្រាប់ទីតាំងតាមផ្លូវបន្ទាប់បន្សំមួយចំនួន។
ក្រៅពីខណ្ឌទាំងបីខាងលើ មិនមានខណ្ឌផ្សេងទៀតនៅភ្នំពេញដែលមានតម្លៃដីក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ។ ខណ្ឌទាំងបីខាងលើ ក៏ជាតំបន់ដែលកំពុងទាក់ទាញក្នុងចំណោមអ្នកអភិវឌ្ឍន៍វិស័យលំនៅឋាននៅជាយរាជធានីភ្នំពេញ ដោយចំនួនលំនៅឋាននៅខណ្ឌទាំងបីនេះបូលបញ្ជូលគ្នាមានចំនួនជិត ១ភាគ៣ នៃការផ្កត់ផ្គង់លំនៅឋានសរុបនៅរាជធានីភ្នំពេញ៕