ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅ ហុង កុង ដែលរួមមានទាំងក្រុមហ៊ុនរបស់លោក Li Ka-shing មហាសេដ្ឋីទី១ នៅហុង កុង កំពុងពង្រីកការវិនិយោគរបស់ខ្លួនក្នុងទឹកដីចិនដីគោក ស្របពេលដែលទីផ្សារអចលនទ្រព្យនៅហុង កុង មានការថមថយ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asia ចេញផ្សាយនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Henderson បង្កើតឡើងដោយលោក Lee Shau-kee មហាសេដ្ឋីទី២ នៅហុងកុង កំពុងពង្រីកការវិនិយោគអចលនទ្រព្យនៅចិនដីគោក។
កាលពីឆ្នាំមុន ក្រុមហ៊ុន Henderson បានបើកដំណើរការគម្រោងធំៗបីនៅចិនដីគោកមានដូចជាអគារការិយាល័យអគារភ្លោះមួយនៅក្រុងក្វាងចូវ, អគារពាណិជ្ជកម្មនៅក្រុង សៀង ហៃ និងផ្សារទំនើបនៅក្រុងឈឹងទូ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានទិញយកគម្រោងអចលនទ្រព្យ ៥ កន្លែងទៀតដែលស្ថិតនៅក្រុង ក្វាងចូវ ឈឹងទូ ស៊ូចូវ និងក្រុងស៊ាមិន។ គម្រោងទាំង៥ មានផ្ទៃក្រឡាបូកបញ្ចូលគ្នាជាង ៤ សែន ២ម៉ឺន ម៉ែត្រការ៉េ បន្ថែមលើធនាគារដីដែលក្រុមហ៊ុនវិនិយោគក្នុងប្រទេសចិន ដែលបច្ចុប្បន្នមានទំហំផ្ទៃដីលើសពី ២លាន ៧ សែន ម៉ែត្រការ៉េ។
ក្នុងឆ្នាំ២០២០ ប្រាក់ចំណូលដុល (consolidated revenue) របស់ក្រុមហ៊ុន បានកើនដល់ប្រមាណ ៣,២ ពាន់លានដុល្លារ កើនឡើង ៣,៥ ភាគរយធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះប្រាក់ចំណូលដុលជាង ១,១ ពាន់លានដុល្លារ បានមកពីគម្រោងអចលនទ្រព្យនៅចិនដីគោក។
ស្របគ្នានេះដែរ ក្រុមហ៊ុន CK Asset របស់មហាសេដ្ឋីទី១ហុង កុង គឺលោក Li Ka-shing ក៏ទទួលបានចំណូលពីការលក់គម្រោងអចលនទ្រព្យក្នុងប្រទេសចិនកើនឡើងយ៉ាងគំហុករហូតដល់ទៅ ៩៣ ភាគរយ ស្របពេលដែលចំណូលពីការលក់គម្រោងអចលនទ្រព្យនៅហុង កុង ធ្លាក់ចុះ (-៧២ ភាគរយ)។
លោក Victor Li អគ្គនាយកក្រុមហ៊ុន CK Asset ដែលកូនប្រុសច្បងរបស់លោក Li Ka-shing បានលើកឡើងថា ប្រាក់ចំណូលបានមកពីការលក់គម្រោងអចលនទ្រព្យនៅចិនដីគោក ស្របគ្នានឹងការរំពឹងទុករបស់ក្រុមហ៊ុន ដែលជួយយឺតយោងពីការធ្លាក់ចុះនៃការលក់អចលនទ្រព្យនៅហុងកុង។
ចំណែកឯក្រុមហ៊ុន Hang Lung Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរនៅហុង កុង បានបើកដំណើរការផ្សារទំនើបធំមួយកាលពីសប្តាហ៍មុន ដែលជាគម្រោងអគារពាណិជ្ជកម្មចម្រុះរបស់ខ្លួនឈ្មោះថា Heartland 66 ស្ថិតក្នុងក្រុងទីក្រុងវ៉ូហាន ដែលមានកម្ពស់ដល់ទៅ ៦០ ជាន់។
នេះជាគម្រោងទី១០ ហើយដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះ បានពង្រីកការវិនិយោគគម្រោងអចលនទ្រព្យផ្សេងៗនៅលើទឹកដីចិនដីគោក បន្ទាប់ពីទឹកដីកំណើតរបស់ខ្លួន ហើយនៅរយៈពេលបីឆ្នាំខាងមុខ ក្រុមហ៊ុននេះគ្រោងនឹងបើកដំណើរការគម្រោងលំនៅឋានក្នុងទីក្រុងវ៉ូហានផងដែរ។
លោក Ronnie Chan Chi-chung អគ្គនាយកក្រុមហ៊ុន Hang Lung Properties បានថ្លែងថា៖ «យើងនឹងបន្តស្វែងរកទីតាំងដីនៅលើទឹកដីចិនដីគោកនេះ សម្រាប់ការវិនិយោគរបស់យើងបន្ថែមទៀត។» លោកបញ្ជាក់ថា ក្រុមហ៊ុនក៏នឹងដាក់ដំណើរការអគារអាផាតមិនមួយកន្លែងក្នុងទីក្រុងវ៉ូហាន នៅឆ្នាំ ២០២៣ ដែលនឹងក្លាយជាគម្រោងលំនៅឋានក្នុងទឹកដីចិនទីពីរបន្ទាប់ពីក្រុង សៀងហៃ។
លោកបន្តថា៖ «យើងមើលឃើញថាចិនដីគោក ជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគលើផ្សារទំនើបលំដាប់ផ្កាយបួន និងជាពិសេសផ្សារទំនើបលំដាប់ផ្កាយប្រាំ។»
ការពង្រីកគម្រោងវិនិយោគនៅក្នុងទឹកដីចិនដីគោក បានជួយទប់លំនឹងនៃការធ្លាក់ចុះនៃចំណូលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Hang Lung Properties ក្នុងទីក្រុង ហុង កុង ដែលទីផ្សារអចលនទ្រព្យ ជាពិសេសលំនៅឋានកំពុងរងផលប៉ះពាល់ដោយសារបញ្ហាកូវីដ ១៩ និងបញ្ហាប្រទាញប្រទង់ផ្នែកនយោបាយ។ ជាក់ស្តែង ប្រាក់ចំណូលរបស់ក្រុមហ៊ុន Hang Lung Properties ក្នុងឆ្នាំ២០២០ ដែលបានគម្រោងអចលនទ្រព្យក្នុងទឹកដីចិនដីគោកសម្រេចបាន ៦៧៩,៣ លានដុល្លារ កើនឡើង ១៦ ភាគរយធៀបនឹងឆ្នាំ ២០១៩។ ទំហំប្រាក់ចំណូលនេះស្មើនឹង ៥៩ ភាគរយនៃចំណូលសរុបរបស់ក្រុមហ៊ុន។
យ៉ាងណាមិញ ចំណូលរបស់ក្រុមហ៊ុននៅក្រុង ហុង កុង ធ្លាក់ចុះប្រមាណ ១៤ ភាគរយ ឬស្មើនឹង ៤៧៤,៥ លានដុល្លារ ធៀបនឹងឆ្នាំ២០១៩៕