អត្ថប្រយោជន៍ ៤ ដែលគួរដឹងពីការវិនិយោគលើអចលនទ្រព្យបែបលំនៅឋាន

Bunthoeun Chhut 05/April/2021 16:54
ចែករំលែក

អចលនទ្រព្យលំនៅឋាន (residential real estate) ជាអចលនទ្រព្យ​សំខាន់មួយ​ក្នុងចំណោមអចលនទ្រព្យ ៤ ប្រភេទផ្សេងទៀត​ដែលមានការ​ពេញនិយមវិនិយោគនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា​។

យោងតាមការពន្យល់ពី​លោកស្រី Michele Cagan ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកនិពន្ធ​សៀវភៅ Real Estate Investing 101 អចលនទ្រព្យលំនៅឋានគឺ​ជា​អចលនទ្រព្យដែលប្រើប្រាស់សម្រាប់ការរស់នៅមានដូចជាផ្ទះល្វែង ផ្ទះវីឡា​ ខុនដូរ និង អាផាតមិនជាដើម។

[អត្ថបទទាក់ទង៖  អចលនទ្រព្យ 4 ប្រភេទនេះពេញនិយមទាំងទីផ្សារពិភពលោក និងកម្ពុជា]

ខាងក្រោមនេះគឺជាគុណសម្បត្តិធំៗ ៤ ដែលអ្នកវិនិយោគទទួលបាន​ពីការវិនិយោគលើអចលនទ្រព្យប្រភេទលំនៅដ្ឋាន។

  • ប្រាក់ចំណូលថេរៈ អ្នកវិនិយោគអចលនទ្រព្យលំនៅដ្ឋានអាចរកប្រាក់ចំណូលជាប្រចាំតាមរយៈការដាក់ជួល។ ការប្រើវិធីសាស្រ្តដាក់ជួលលំនៅដ្ឋាន ខុនដូរ ឬក៏អាផាតមិននេះ បានបង្កើតជាលំហូរសាច់ប្រាក់​ងាយស្រួល និងទៀងទាត់។ ​ការវិនិយោគបែបនេះមានសុវត្ថិភាពជាងការធ្វើអាជីកម្មផ្សេងៗ ដូច្នេះវាជាការវិនិយោគដ៏ល្អបំផុតមួយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចាប់ផ្តើមការវិនិយោគលើវិស័យអចលនទ្រព្យ។
  • សុវត្ថិភាព​​ហិរញ្ញវត្ថុរយៈពេលវែង៖ អត្ថប្រយោជន៍មួយទៀតពីការវិនិយោគលើអចលនទ្រព្យលំនៅដ្ឋានគឺវិនិយោគិនទទួលបាននូវសុវត្ថិភាព​ផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលយូរអង្វែងព្រោះថា នៅពេលដែលលំហូរសាច់ប្រាក់មានស្ថិរភាពល្អ ផលវិជ្ជមានដែលទទួលបានការវិនិយោគនេះនឹងធ្វើឲ្យ​ហិរញ្ញវត្ថុរបស់ម្ចាស់ទ្រព្យនិងកាន់តែមានភាពរឹងមាំ។
  • អាច​ទិញបាន​លើសពីទុនដែលមាន​៖ អ្នក​វិនិយោគលើអចលនទ្រព្យលំនៅឋាន​ អាចងាយស្រួល​ប្រើកម្ចីដើម្បីទិញ ដែលហាក់មានប្រៀបជាងប្រភេទវិនិយោគផ្សេងទៀត ជាពិសេសនៅពេលមានទ្រព្យច្រើន​។ សម្រាប់អ្នកមានអចលនទ្រព្យច្រើនគ្រប់គ្រងក្នុងដៃ អាចមាន​លទ្ធភាពទទួលកម្ចីតាមរយៈការយកអចលនទ្រព្យមួយដើម្បីទទួលកម្ចី ហើយបង្កើនអចលនទ្រព្យជាបន្តបន្ទាប់។
  • លក់ចេញបានចំណេញ៖ ដោយសារអចលនទ្រព្យលំនៅឋាន អាចឲ្យអ្នកទិញប្រើប្រាស់កម្ចីបានងាយស្រួល និង ទទួលចំណូលជួលជាប្រចាំ អ្នកទិញភាគច្រើននឹងមានលទ្ធភាពទុកអចលនទ្រព្យនោះជាកម្មសិទ្ធ​បានយូរ។ រយៈពេលកាន់តែយូរ ទំហំកម្ចីដែលសងជាប្រចាំក៏ធ្លាក់ចុះ តែតម្លៃទ្រព្យតែងបន្តកើនឡើង។ កត្តានេះបានក្លាយជាប្រភពចំណេញយ៉ាងសំខាន់ ដែលអ្នកទិញអចលនទ្រព្យលំនៅឋានអាចលក់ចេញអចលនទ្រព្យរបស់គេដោយទទួលបានចំណេញច្រើនបន្ទាប់ទុកអស់រយៈពេលពីមធ្យមទៅវែងរួច​មក។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង