លោក ខេន ឡូ៖ ស្ថានភាពបច្ចុប្បន្នជាឱកាសរបស់អ្នកទិញអចលនទ្រព្យទុកចំណេញ

Bunthoeun Chhut 02/April/2021 16:24
ចែករំលែក

ភ្នំពេញ៖ បញ្ហាឱនភាពសេដ្ឋកិច្ចសកល  និងនៅកម្ពុជា ដែលបង្កឡើងដោយជំងឺឆ្លងកូវីដ ១៩ បានប៉ះពាល់​ដល់អាជីវកម្ម​និងប្រជាជន​ជាច្រើន ក៏ប៉ុន្តែក៏​ជា​ឱកាសសម្រាប់អ្នកមានប្រាក់​គ្រាប់គ្រាន់​ក្នុងការទិញអចលនទ្រព្យល្អៗ​ដើម្បីទុកលក់ចំណេញ ។ នេះបើយោង​អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានថ្លែងថា៖ «ស្ថានភាពទីផ្សារបច្ចុប្បន្នជាទីផ្សាររបស់អ្នកទិញដែលមានសាច់ប្រាក់នៅក្នុងដៃ ពួកគាត់អាចមានឱកាសស្វែងរកដីធ្លីណាដែលមានតម្លៃធូរ​ថ្លៃ​ជាពិសេសតម្លៃដីធ្លីណាដែលក្រោមហាងឆេង»។

បើតាម លោក ខេន ឡូ តម្លៃទីផ្សារដីធ្លីមិនមានការថមថយច្រើនទេ តែការទិញ-លក់មានការធ្លាក់ចុះ​។ លោករំពឹងថា ទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជានឹងអាចស្ទុះងើបឡើងវិញជាបណ្តើរៗនៅពាក់កណ្តាលឆ្នាំនេះ។

លោកថ្លែងថា៖ «ចាប់ពីពាក់កណ្តាលឆ្នាំ ២០២១នេះ បញ្ហាកូវីដក្នុងស្រុកនឹងអាចគ្រប់គ្រងបាន ដែលបច្ចុប្បន្នរដ្ឋាភិបាលកំពុងបង្កើនល្បឿននៃការចាក់សាំង។ ដូច្នេះ ខ្ញុំមានសុទិដ្ឋិនិយមចំពោះទីផ្សារនៅកម្ពុជា ទាំងទីផ្សារអចលនទ្រព្យ និងកំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញជាបណ្តើរៗ។»

លោក ព្រាប កុល គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះ​ថា ចំនួននៃការដាក់លក់អចលនទ្រព្យមានការកើនឡើងជាងមុននៅជាងមួយឆ្នាំចុងក្រោយ ដោយសារម្ចាស់ទ្រព្យជាច្រើនត្រូវការទុនបង្វិល។

លោក ព្រាប កុល ដែលមានតួនាទីជាទីបឹក្សាសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនទ្រព្យផងនោះបានថ្លែងថា៖ «ប្រតិបត្តិការនៃការលក់ កន្លែងខ្លះមានការកើនឡើង ដោយសារអ្នកលក់ [ម្ចាស់ទ្រព្យ] ហ្នឹង គាត់ត្រូវការលុយ គាត់ត្រូវបញ្ចេញទ្រព្យគាត់ខ្លះ ដោយដាក់លក់ក្នុងតម្លៃធូរថ្លៃជាងមុន … ដាក់លក់បន្ទាន់អីចឹងទៅ។»

លោកបន្ថែមថា តម្លៃអចលនទ្រព្យមានការថមថយក្នុងរង្វង់ ១៥ ទៅ ២០ ភាគរយ ដោយសារស្ថានភាពសេដ្ឋកិច្ចទទួលរងផលប៉ះពាល់ដោយសារបញ្ហាកូវីដ-១៩ ដែលកត្តានេះក៏ទាក់ទាញអ្នកទិញមួយចំនួនដែលមានលុយនៅក្នុងដៃច្រើន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង