តម្លៃលំនៅឋាននៅសឹង្ហបុរីកើនឡើងល្អក្នុងត្រីមាសទី១ ឆ្នាំនេះ

Bunthoeun Chhut 02/April/2021 16:04
ចែករំលែក

សឹង្ហបុរី៖ តម្លៃលំនៅឋានដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជនក្នុងប្រទេសសឹង្ហបុរី បានកើនឡើងជិត ៣ ភាគរយនៅត្រីមាសទី១ ក្នុងឆ្នាំ២០២១ ធៀបនឹងត្រីមាស​ទី៤​ ឆ្នាំ២០២០ ដោយសារកម្រិតនៃការផ្គត់ផ្គង់ទាបជាងតម្រូវការទីផ្សារ។ នេះបើតាមព័ត៌មាន​ក្នុងស្រុកសឹង្ហបុរី។

របាយការណ៍របស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងប្រទេសសឹង្ហបុរី (URA)​ រាយការណ៍ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី ១​ មេសា ឆ្នាំ២០២១ បានឱ្យដឹ​ងថា តម្លៃលំនៅឋាន​ឯកជនបានកើនឡើងដល់ ២,៩ ភាគរយ នៅត្រីមាសដំបូងក្នុងឆ្នាំនេះ ដែលកើនពី ២,១ ភាគរយក្នុងត្រីមាសទី៤​ ឆ្នាំមុន។

នៅប្រទេសសឹង្ហបុរី អចលនទ្រព្យ ដូចជាលំនៅឋានដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន ភាគច្រើនអាច​លក់ឱ្យជនជាតិបរទេសបាន​ ចំណែកឯប្រភេទលំនៅឋានគ្រប់គ្រងដោយ​រដ្ឋ គឺ​លក់សម្រាប់ប្រជាជនសឹង្ហបុរី និងជនបរទេសដែលទទួលបានសិទ្ធិស្នាក់អចិន្រ្តៃយ៍តែប៉ុណ្ណោះ។

លោក Lee Sze Teck នាយកស្រាវជ្រាវនៃក្រុមហ៊ុនអចលនទ្រព្យ Huttons Asia បានថ្លែងថា ទីផ្សារលំនៅឋានកើនឡើងដោយសារតែការផ្គត់ផ្គង់ក្នុងទីផ្សា​រ នៅមានកម្រិតទាបជាងតម្រូវការ ហើយក្រុមអ្នកមានលំហូរសាច់ប្រាក់ច្រើនក្នុងដៃកំពុងបង្កើនការទិញអចលនទ្រព្យលំនៅឋានក្នុងប្រទេសសឹង្ហបុរី។

បើតាមលោក Lee Sze Teck គម្រោងលំនៅឋានធំៗពីរ​គឺគម្រោង Normanton Park និងគម្រោង The Reef at King’s Dock សម្រេចការលក់ខ្លាំងបំផុតនៅថ្ងៃដំបូងនៃការបើកលក់គម្រោងទាំងពីរនេះ ស្របពេលដែលលំនៅឋានដែលដាក់លក់​ឡើងវិញ (Resale) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរពីខែមករា និងខែកុម្ភះ កន្លងមក។

តម្លៃផ្ទះជាប់ដីដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន ក្នុងត្រីមាសទី១នេះកើនឡើងគួរឱ្យកត់សម្គាល់ គឺកើនឡើង ៥,៦ ភាគរយ ធៀបនឹងត្រីមាសទី ៤ ឆ្នាំមុន ស្របពេលដែលប្រភេទលំនៅឋានខុនដូ ឬអាផាតមិន (non-landed house) កើនឡើងប្រមាណតែ ២​ ភាគរយប៉ុណ្ណោះ។

លោកស្រី Christine Sun អនុប្រធានផ្នែកស្រាវជ្រាវ និងវិភាគទីផ្សារ​ នៃក្រុមហ៊ុន​ OrangeTee &Tie បានឱ្យដឹងថា តម្លៃលំនៅឋាននៅប្រទេសសឹង្ហបុរីកើនឡើង ស្របពេលដែលទីផ្សារលំនៅឋានលើពិភពលោកចាប់ចាប់ផ្តើមងើបឡើងវិញ។

លោកស្រីបញ្ជាក់ថា៖ «តម្រូវការលំនៅឋានចាប់ផ្តើមមានកំណើនបែបនេះ ដោយសារតែវិធាន​ការនៃការបញ្ចេញថវិកាទ្រង់ទ្រាយធំដើម្បីជំរុញកំណើនសេដ្ឋកិច្ច (fiscal stimulus)របស់រដ្ឋាភិបាល ព្រមទាំងកម្ចីមានអត្រាការប្រាក់ទាបដែលធ្វើឱ្យតម្លៃលំនៅឋាន​មានការកើនឡើង។»​

បើតាមលោកស្រី Christine Sun កម្ចីដែលមានអត្រាការប្រាក់ទាប អាចជួយកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនៃតម្លៃលំនៅឋាន ខណៈមានការរំពឹងថាសេដ្ឋកិច្ចប្រទេសសឹង្ហបុរីនឹងស្ទុះងើបឡើងវិញខ្លាំងនៅឆ្នាំនេះដែលជួយជំរុញសកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស​កំណើននៃអ្នកទិញលំនៅឋាន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង