ភ្នំពេញ៖ តម្លៃដីនៅក្នុងតំបន់ពាណិជ្ជកម្មនៅរាជធានីភ្នំពេញបច្ចុប្បន្ននៅមានតម្លៃទាបជាងឆ្ងាយនៅឡើយធៀបនឹងតម្លៃដីតំបន់ពាណិជ្ជកម្មដូចគ្នាក្នុងទីក្រុងបាងកកនៃប្រទេសថៃ។ នេះបើយោងតាមតារាងតម្លៃដីធ្លីពីក្រុមហ៊ុននៅកម្ពុជា និងនៅប្រទេសថៃដែលត្រូវបានចងក្រងដោយ Z1 News។
តម្លៃដីធ្លីនៅភ្នំពេញត្រូវបានផ្គូរផ្គងដោយយោងតាមតារាងវាយតម្លៃដីធ្លីរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យធំមួយនៅកម្ពុជាគឺក្រុមហ៊ុន VTrust Appraisal ខណៈតម្លៃដីនៅទីក្រុងបាងកកត្រូវបានផ្ទៀងផ្ទាត់ដោយយោងតាមតារាងតម្លៃដីរបស់ក្រុមហ៊ុន CBRE ក្នុងប្រទេសថៃ។
យោងតាមតារាងតម្លៃដីរបស់ CBRE Thailand (ចុះផ្សាយដោយសារព័ត៌មាន The Nation) តម្លៃដីធ្លីនៅតំបន់ឧទ្យាន Lumpini និងសង្កាត់ Sukhumvit ជាទីតាំងដែលមានតម្លៃដីខ្ពស់ជាងគេបំផុតនៅបាងកក។ នៅភ្នំពេញវិញ ទីតាំងដីធ្លីដែលមានតម្លៃខ្ពស់ជាងគេគឺនៅក្នុងខណ្ឌ៧មករា និងខណ្ឌបឹងកេងកង។ នេះបើយោងតាម VTrust Appraisal។
តម្លៃដីធ្លីនៅតំបន់ឧទ្យាន Lumpini កើនដល់ជាង ៣១ ០៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ច្រើនជាងតម្លៃដីនៅខណ្ឌ ៧ មករា ដល់ទៅ ៣ ដងដែលតម្លៃដីនៅទីតាំងល្អជាងគេនៅខណ្ឌនេះគឺនៅតាមបណ្តោយមហាវិថីព្រះសីហនុមានតម្លៃចន្លោះពី ៦៥០០ ទៅ ៩០០០ ដុល្លារក្នុងមួយម៉ែត្រការ៉។
ដីនៅសង្កាត់ Sukhumvit នៅបាងកក ដែលជាតំបន់មានជនជាតិបរទេសនៅច្រើនមានតម្លៃជាង ២២ ៣០៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅសង្កាត់ Silom-Sathorn ដែលជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មមានតម្លៃដី ១៣ ៥៤៣ ដុលល្លារក្នុងមួយម៉ែត្រការ៉េ។
ខណ្ឌបឹងកេងកង គឺជាតំបន់ពាណិជ្ជកម្ម និងមានជនជាតិបរទេសច្រើនមួយនៅទីក្រុងភ្នំពេញ។ តារាងតម្លៃដីធ្លីរបស់ក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ដីតាមបណ្តោយមហាវិថីព្រះមុនីវង្សមានតម្លៃដីខ្ពស់ជាងគេនៅខណ្ឌបឹងកេងកង ហើយតម្លៃចន្លោះពី ៦៥០០ ដុល្លារទៅ ៨០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕
ខណ្ឌដូនពេញ ជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេទីបីនៅភ្នំពេញ ហើយបណ្តោយ តិរវិថីព្រះស៊ីសុវត្ថិ ជាទីតាំងមានតម្លៃដីខ្ពស់នៅខណ្ឌនេះមានតម្លៃចន្លោះពី ៤ ៨០០ ដុល្លារ ដល់ ៨ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
*** សូមកត់ចំណាំថា របាយការណ៍ CBRE Thailand បង្ហាញតារាងតម្លៃដីនៅក្រុងបាងកក ដោយគិតជា Wah ការ៉េ។ បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News គណនាតម្លៃដីនៅបាងកកមកជាម៉ែត្រការ៉េ ដើម្បីងាយស្រួលប្រៀបធៀបតម្លៃដីនៅភ្នំពេញ ដោយយោងតាមខ្នាតមួយ Wah ការ៉េស្មើ ៤ ម៉ែត្រការ៉េ។