ខណ្ឌព្រែកព្នៅ ជាតំបន់ដែលនៅមានឱកាសវិនិយោគច្រើនទាក់ទងនឹងគម្រោងអភិវឌ្ឍន៍លំនៅឋាន ដោយសារការវិនិយោគលំនៅឋានក្នុងខណ្ឌនេះ មានចំនួនតិចតួចនៅឡើយបើធៀបនឹងខណ្ឌជាយក្រុងផ្សេងទៀតដូចជាខណ្ឌ កំបូល និងខណ្ឌដង្កោជាដើម។
តាមទិន្ន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Z1 Data Co.,LTD បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ខណ្ឌព្រែកព្នៅមានផ្ទះជាប់ដីសរុប ៤ ០១១ ខ្នង ដែលមានចំណែកតែ ២ ភាគរយប៉ុណ្ណោះនៃការផ្គត់ផ្គង់ផ្ទះជាប់ដីនៅរាជធានីភ្នំពេញសរុប ១៨៦ ៣០៩ ខ្នង។ ចំណែកឯ ខណ្ឌដង្កោមាន ៣៥ ៣៨៧ ខ្នង (ច្រើនជាងខណ្ឌព្រែកព្នៅជិត ៩ដង) ស្របពេលដែលខណ្ឌកំបូលមាន ១០ ៨០៩ ខ្នង (ច្រើនខណ្ឌព្រែកព្នៅជិត៣ដង)។
បើតាមទិន្ន័យ ចំនួនលំនៅឋានសរុបទាំង ៤ ០១១ ខ្នង ក្នុងខណ្ឌព្រែកព្នៅ សម្រេចការលក់បាន ៣ ៣៥២ ខ្នង ឬស្មើនឹង ៨៤ ភាគរយនៃការផ្គត់ផ្គង់។ ដូច្នេះ មានន័យថា លទ្ធភាពនៃការស្រូបកយកទីផ្សារលំនៅឋានក្នុងខណ្ឌនេះមានអត្រាកំណើនខ្ពស់ ស្របពេលដែលតម្លៃដីធ្លីវិញនៅមានតម្លៃធូរថ្លៃនៅឡើយ។
តាមទិន្ន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌព្រែកព្នៅ បានបង្ហាញថា សង្កាត់ ព្រែកព្នៅមានតម្លៃដីដាក់លក់ខ្ពស់ជាងគេ ដែលទីតាំងដីនៅតាមផ្លូវធំ (main road) មានតម្លៃចន្លោះពី ៣៦០ ទៅ ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីតាំងដីនៅតាមផ្លូវតូច (sub-main road) មានតម្លៃចន្លោះពី ៧០ ទៅ ២៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ទិន្ន័យដដែល បានបង្ហាញថា សង្កាត់ពន្សាំងមានតម្លៃដីទាបជាងគេចន្លោះពី ៧៥ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉ សម្រាប់ទីតាំងដីឋិតនៅតាមបណ្តោយផ្លូវធំ។ ហើយទីតាំងដីនៅតាមផ្លូវតូចវិញ មានតម្លៃចន្លោះពី ៤០ ទៅ ៩០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ៕
កត់សម្គាល់៖ ផ្ទះជាប់ដីសំដៅលើបណ្តុំសំណង់បុរី វីឡា និងផ្ទះល្វែង ដែលសាងសង់ដោយក្រុមហ៊ុនឯកជន៕