ប្រទេសឡាវនឹងក្លាយជាកម្ពុជាទី២ សម្រាប់ទិសដៅវិនិយោគដ៏ទាក់ទាញក្នុងវិស័យអចលនទ្រព្យ ដោយសារ វិសោធនកម្មច្បាប់ថ្មីដែលនឹងចូលជាធរមានអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យបាន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post របស់ហុងកុង។
សេក្តីរាយការណ៍ដែលទើបចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលប្រទេសឡាវ បានធ្វើវិសោធនកម្មដើម្បីអនុញ្ញាតឲ្យជនបរទេសអាចទិញផ្ទះហើយធ្វើជាម្ចាស់កម្មសិទ្ធផ្ទាល់ខ្លួនដោយផ្តល់សុពលភាពរយៈពេល ៥០ ឆ្នាំ។ ហើយបទបញ្ញត្តិថ្មីនេះក៏អាចនឹងត្រួសត្រាយបើកលទ្ធភាពឱ្យក្រុមហ៊ុនបរទេសអាចវិនិយោគគម្រោងអចលនទ្រព្យផងដែរ ដែលភាគច្រើនគេរំពឹងថានឹងមាការទាក់ទាញវិនិយោគិនពីបណ្តាប្រទេសធំៗនៅអាស៊ី។
លោក Georg Chmiel អគ្គនាយកក្រុមហ៊ុន Juwai IQI Group បានថ្លែងថា៖ «ការសម្រួលបែបបទនីតិវិធីច្បាប់នេះ នឹងជួយបង្កើតឱ្យមានតម្រូវការវិនិយោគអចលនទ្រព្យពីវិនិយោគិនមកពីប្រទេសចិន ហុងកុង ជប៉ុន និងកូរ៉េជាដដើម»។
លោកបន្តថា៖ «អ្នកវិនិយោគមួយចំនួនគិតដល់ឡាវ ប្រៀបដូចជាប្រទេសកម្ពុជាថ្មីអ៊ីចឹង ដែលជាទិសដៅដែលពួកគេមិនអាចមើលរំលង ដោយសារតែលទ្ធភាពនៃការររីកចម្រើនសេដ្ឋកិច្ចមានទំហំធំ។ អ្នកទិញអចលនទ្រព្យជនជាតិចិនជាច្រើននឹងមកទីនេះ ស្របពេលដែលគម្រោងហេដ្ឋារចនាសម័ន្ធកំពុងសាងសង់ជាបន្តបន្ទាប់។»
គម្រោងវិនិយោគពីបរទេសនៅក្នុងប្រទេសឡាវនាពេលបច្ចុប្បន្នភាគច្រើនជាតំបន់សេដ្ឋកិច្ចពិសេស ដែលបច្ចុប្បន្នមាន ៥ គម្រោងភាគច្រើនគ្រប់គ្រងដោយវិនិយោគិនចិន ម៉ាឡេស៊ី និងវៀតណាម ដែលមានទុនវិនិយោគសរុបបូកបញ្ចូលគ្នាជាង ៣,២ ពាន់លានដុល្លារអាមេរិក។ កត្តានេះត្រូវគេរំពឹងថានឹងបង្កើតឱ្យមានតម្រូវការលំនៅឋានសម្រាប់ជនបរទេសបម្រើការងារនៅក្នុងប្រទេសឡាវផងដែរ។
លោក Dino Santaniello ប្រធានក្រុមហ៊ុនច្បាប់ Tilleke & Gibbins ប្រចាំប្រទេសឡាវបានថ្លែងថា៖ «ចិនជាវិនិយោគិនបរទេសធំជាងគេទី១នៅក្នុងប្រទេសឡាវ។ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅទីនេះវិនិយោគដោយវិនិយោគិនជនជាតិចិន។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា មានកំណើនជនជាតិចិនជាច្រើនមកធ្វើការ និងវិនិយោគនៅទីនេះ។» លោកបញ្ជាក់បន្ថែមថា ការសម្រួលនីតិវិធីច្បាប់សម្រាប់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ប្រាកដជាអាចទាក់ទាញវិនិយោគិនពីចិន និងហុងកុងកាន់តែច្រើន។
នីតិវិធីច្បាប់មួយចំនួននៅកម្ពុជាទាក់ទងនឹងការវិនិយោគអចលនទ្រព្យ មានដូចជាការបង្កើតយន្តការមួយរបស់រដ្ឋាភិបាលដើម្បីអនុញ្ញាតឱ្យជនជាតិបរទេសអាចទិញដីបាន គឺតាមរយៈការបង្កើតក្រុមហ៊ុនសាជីវកម្មក្នុងស្រុក (Land Holding Company)។ តាមរយៈនេះភាគីជនជាតិបរទេស អាចមានសិទ្ធិកាន់ភាគហ៊ុន ៤៩ភាគរយ និង ៥១ កាន់កាប់ដោយក្រុមហ៊ុនក្នុងស្រុក។ បន្ថែមពីនេះ ច្បាប់នៃការវិនិយោគអនុញ្ញាតឱ្យវិនិយោគិនប្រើប្រាស់ដីធ្លី និងជួលរយៈពេលវែងរហូតដល់ ៥០ ឆ្នាំ ជាមួយនឹងលទ្ធភាពបន្តកិច្ចសន្យាជួលឡើងវិញបានផងដែរ។
មួយវិញទៀត ទាក់ទងនឹងប្លង់កម្មសិទ្ធិរួម (strata title) នៅកម្ពុជា ដែលជាប្រភេទប្លង់កម្មសិទ្ធិអាចអនុវត្តបានទាំងអចលនទ្រព្យលំនៅឋាន និងអចលនទ្រព្យពាណិជ្ជកម្ម។ ប្លង់កម្មសិទ្ធិរួមនេះ អនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់រហូតដល់ ៧០ ភាគរយ នៃអគារសហកម្មសិទ្ធិ ដែលមានន័យថា ជនបរទេសអាចទិញអចលនទ្រព្យនៅជាន់ខាងលើចាប់ពីជាន់ទី១ ឬខ្ពស់ជាងនេះ។