នៅពេលដែលនិយាយពីអចលនទ្រព្យ ភាគច្រើនគេប្រាកដជាសំដៅលើផ្ទះ ឬសំណង់អគារជាដើម។ ប៉ុន្តែ ប្រភេទអចលនទ្រព្យមានច្រើនជាងនេះ ហេតុដូច្នេះហើយកម្រិតនៃការវិនិយោគក្នុងវិស័យនេះក៏ផ្តល់ជម្រើសច្រើនយ៉ាងផងដែរ។
ខាងក្រោមនេះជាប្រភេទអចលនទ្រព្យដែលសំខាន់ៗមួយចំនួន និងការរៀបរាប់ត្រួសៗនៃការវិនិយោគលើផ្នែកនីមួយ ដែលដកស្រង់ពីចេញសៀវភៅ Real Estate Investing 101 និពន្ធដោយលោកស្រី Michele Cagan ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងប្រឹក្សាផ្នែកធុរកិច្ច៖
១) អចលនទ្រព្យលំនៅឋាន (residential real estate)៖ ជាប្រភេទអចលនទ្រព្យដែលប្រើប្រាស់សម្រាប់ការរស់នៅមានដូចជាផ្ទះ ខុនដូ និង អាផាតមិន ជាដើម។ ជាទូទៅ គេអាចវិនិយោគលើអចលនទ្រព្យប្រភេទនេះតាមរយៈការទិញចូលតម្លៃទាប ហើយលក់ចេញយកផលចំណេញ ឬដាក់ជួលបង្កើតបានជាលំហូរសាច់ប្រាក់ទៀងទាត់។
តាមទិន្នន័យពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ការផ្គត់ផ្គង់សំណង់ផ្ទះជាប់ដី (បណ្តុំសំណង់បុរី វីឡា ផ្ទះល្វែង សាងសង់ដោយក្រុមហ៊ុនឯកជន) នៅទូទាំងរាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ ខ្នង ស្របពេលដែលចំនួនខុនដូបានកើនដល់ជាង ១០៩ ០៣៥ យូនីត។
២) អចលនទ្រព្យពាណិជ្ជកម្ម៖ (commercial real estate)៖ អចលនទ្រព្យប្រភេទនេះមានដូចជា ផ្សារទំនើប,ហាងលក់រាយ, អគារការិយាល័យ, សណ្ឋារគារនិងកាស៊ីណូ, មន្ទីពេទ្យឯកជន និងគ្រឹះស្ថានអប់រំ។ ប្រភេទអចលនទ្រព្យពាណិជ្ជកម្មនេះ មានមុខងារច្រើនជាងអចលនទ្រព្យលំនៅឋាន។ មិនតែប៉ុណ្ណោះ អចលនទ្រព្យពាណិជ្ជកម្មអាចធ្វើឱ្យមានស្ថេរភាពលំហូរសាច់ប្រាក់ច្រើនជាង ព្រោះអគារពាណិជ្ជកម្មនីមួយៗមានបន្ទប់ច្រើនបើធៀបនឹងផ្ទះល្វែង ហើយបន្ថែមពីនេះការដាក់ជួលមានរយៈពេលវែងរហូតដល់ ៥ទៅ១០ឆ្នាំឯណោះ។
របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ក្នុងឆ្នាំ២០២០ ប្រភេទផ្សារសហគមន៍ចំនួន ៥ នៅរាជធានីភ្នំពេញបានបញ្ចប់ការសាងសង់ ដោយមានទំហំផ្ទៃក្រឡាសរុប ៤០ ៧០៦ ម៉ែត្រការ៉េ។ ស្របពេលដែល អគារការិយាល័យថ្មីចំនួន ១២ អគារ ក៏បានបញ្ចប់ការសាងសង់រួចរាល់ដែរ។
៣) អចលនទ្រព្យឧស្សាហកម្ម៖ ជាប្រភេទអចលនទ្រព្យដែលសំដៅលើរោងចក្រឧស្សាហកម្ម និងឃ្លាំងស្តុកទំនិញជាដើម។ បើប្រៀបធៀបនឹងអចលនទ្រព្យពាណិជ្ជកម្ម ជាទូទៅអចលនទ្រព្យឧស្សាហកម្មចំណាយតិចជាង ក្នុងការវិនិយោគ ហើយសេវាកម្មថែទំាផ្សេងៗក៏មានការចំណាយទាបជាងដែរ ប៉ុន្តែអាចទទួលចំណូលបានខ្ពស់។
យោងតាមរបាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុន Vtrust Appraisal តម្រូវការទីតាំងសម្រាប់បម្រើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងការកែច្នៃម្ហូបអាហារ នឹងមានការកើនឡើងខ្លាំងជាងគេនៅត្រឹមឆ្នាំ ២០៣០។ របាយការណ៍ដដែលព្យាករណ៍ថា នៅត្រឹមឆ្នាំ២០៣០ ទីតាំងដែលបម្រើដល់ឧស្សាហកម្មកាត់ដេរ នឹងកើនឡើងដល់ ១ ៨០៩ ០០០ ម៉ែត្រការ៉េ ចំណែកឯ ទីតាំងបម្រើដល់រោងចក្រកែច្នៃម្ហូបអាហារវិញ នឹងមានផ្ទៃក្រឡាកើនដល់ ៥០៧ ០០០ ម៉ែត្រការ៉េ។ ។
៤) អចលនទ្រព្យជាដី៖ ដីជាប្រភេទអចលនទ្រព្យចម្បងគេក្នុងចំណោមប្រភេទអចលនទ្រព្យដែលបានរៀបរាប់ខាងលើ។ បន្ថែមលើការប្រើប្រាស់ដីក្នុងការសាង់សង់ផ្ទះ ឬអគារពាណិជ្ជកម្មផ្សេងៗ ដីក៏ត្រូវបានប្រើប្រាស់ក្នុងគោលបំណងសម្រាប់កសិកម្មដូចជាការប្រើប្រាស់ដីសម្រាប់ការដាំដំណាំ និងចិញ្ចឹមសត្វជាដើម។
តាមទិន្ន័យដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News ទទួលបានពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅទូទាំងរាជធានីភ្នំពេញក្នុងឆ្នាំ២០២០ មានប្រមាណជិត ២ម៉ឺន៥ពាន់ករណី ដែលមានការកើនឡើងតិចតូចធៀបនឹងឆ្នាំ ២០១៩៕