ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅតែជាមុខជំនួញដែលពេញនិយមជាងគេ សម្រាប់ក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅសហរដ្ឋអាមេរិក ដោយមហាសេដ្ឋីទាំងនោះបានបណ្តាក់ទុនក្នុងវិស័យនេះធំជាងគេធៀបនឹងវិស័យផ្សេងៗទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg។
ទិន្នន័យការបណ្តាក់ទុនវិនិយោគពីក្រុមវិនិយោគិន ៨៥០ នាក់ ពីក្លឹបអ្នកជំនួញ Tiger 21 ដែលជាបណ្តាញប្រមូលផ្តុំដោយវិនិយោគិនធំៗ បានបង្ហាញថា ចំណែកទុនវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់អ្នកជំនួញទាំង ៨៥០ នាក់មានរហូតដល់ទៅ ២៧ ភាគរយនៃទុនវិនិយោគសរុបរបស់ពួកគេ ដែលជាចំណែកធំជាងគេ ធៀបនឹងវិស័យផ្សេងៗទៀតរួមទាំងផ្សារភាគហ៊ុន។
ការវិនិយោគលើភាគហ៊ុនក្នុងក្រុមហ៊ុនឯកជនមាន ២២ ភាគរយ និងភាគហ៊ុនក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមាន ២៦ ភាគរយ។ (សូមមើលក្រាហ្វិកខាងក្រោម)
ក្លឹបជំនួញ Tiger 21 ជាបណ្តាញអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលសុទ្ធសឹងតែជាសហគ្រិន វិនិយោគិន និងអ្នកមានដំណែងជាន់ខ្ពស់ បម្រើការក្រុមហ៊ុនធំៗលើពិភពលោក ហើយសមាជិកនៃក្លឹបជំនួញនេះត្រូវមានទ្រព្យសម្បត្តិសុទ្ធជាមធ្យម ១០០ លានដុល្លារអាមេរិកក្នុងម្នាក់ៗ។
លោក Michael Sonnenfeldt ស្ថាបនិក និងជាអគ្គនាយកក្លឹបអ្នកជំនួញ Tiger 21 នេះបានថ្លែងថា៖ «ភាគច្រើននៃវិនិយោគិនដែលបណ្តាក់ទុនក្នុងវិស័យអចលនទ្រព្យនេះ គឺពួកគេផ្តោតលើអចលនទ្រព្យឧស្សាហកម្មដែលកំពុងមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសទាក់ទងនឹងមជ្ឈមណ្ឌលផ្ទុកទិន្ន័យ ដោយសារមានកំណើនតម្រូវការសេវាកម្មតាមប្រព័ន្ធឌីជីថលក្នុងបរិបថជំងឺឆ្លងកូវីដ-19។»
លោកបញ្ជាក់បន្ថែមថា៖ «ទីផ្សារលំនៅឋានក៏កំពុងមានសន្ទុះដែរ តម្លៃផ្ទះនៅក្រុងចំនួន ២០ នៅសហរដ្ឋអាមេរិក មានការកើនឡើងយ៉ាងគំហុកកាលពីខែធ្នូឆ្នាំមុន។ ក្នុងនោះមានក្រុង Phoenix San Diego និងក្រុង Seattle ជាតំបន់ដែលមានការវិនិយោគទទួលបានចំនេញខ្ពស់ជាងគេ ដោយសារថាមានចំនួនអ្នកទិញច្រើននៅតំបន់នេះ។ លោកបន្តថា ស្ថានភាពទីផ្សារនេះមិនមែនមានតែនៅអាមេរិកទេ តម្លៃទីផ្សារលំនៅឋាននៅប្រទេសចិន និងអង់គ្លេសក៏មានការកើនឡើងគួរកត់សម្គាល់ផងដែរ៕