ក្រុមហ៊ុនចិនផ្តល់សេវាអចលនទ្រព្យតាម App មានចំណូលកើនខ្លាំងកាលពីឆ្នាំ ២០២០

Bunthoeun Chhut 20/March/2021 19:49
ចែករំលែក

ក្រុមហ៊ុន KE Holdings Inc ឬគេស្គាល់ថា Beike ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់​ចិន​ផ្តល់​សេវាកម្មទិញ-លក់អចលនទ្រព្យ​តាមប្រព័ន្ធបច្ចេកវិទ្យា បានប្រកាសពីកំណើនប្រាក់ចំណូលយ៉ាងគំហុកកាលពីឆ្នាំ ២០២០ បើទោះបីជាក្រុមហ៊ុនជាច្រើនលើពិភពលោករងផលប៉ះពាល់ ហើយខ្លះស្ទើរបញ្ឈប់ប្រតិបត្តិការ។

របាយការណ៍ហិរញ្ញវត្ថុ (មិនទាន់ធ្វើសវកម្ម) របស់ក្រុមហ៊ុន Beike ចេញផ្សាយនៅថ្ងៃ ច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមហ៊ុនទទួលបាន​ចំណូលបន្ទាប់ពីទូទាត់ចំណាយរួចចំនួន ១០,៨ ពាន់លានដុល្លារពីប្រតិបត្តិការឆ្នាំ ២០២០ គឺកើនឡើងដល់ទៅជាង ៥៣ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ដែលមាន​ទឹកប្រាក់ ៧ ពាន់លានដុល្លារអាមេរិក។

កំណើនប្រាក់ចំណូល​នេះ គឺ​ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រតិបត្តិការសេវាកម្មទិញ-លក់ផ្ទះតាមប្រព័ន្ធបច្ចេកវិទ្យា (app) និងចំណូលសេវាកម្មផ្សេងៗទៀត។ តំណាងក្រុមហ៊ុនរំពឹងថា ចំណូលនៅឆ្នាំ ២០២១ នេះនឹងកើនឡើងរឹតតែខ្លាំងធៀបនឹងឆ្នាំ ២០២០។

របាយការណ៍​បញ្ជាក់ថា៖ «ក្នុងត្រីមាសទី ១ ឆ្នាំ២០២១ ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលសុទ្ធ​នឹងអាចរកបានក្នុងទំហំទឹកប្រាក់ពី ២,៨ ពាន់លានដុល្លារ ទៅ ៣​ ពាន់លានដុល្លារអាមេរិក ដែលអាចមានអត្រាកំណើនចន្លោះពី ១៦០ ទៅ ១៧៤ ភាគរយ ធៀបនឹងត្រីមាសទី ១ ឆ្នាំ២០២០។»

បន្ទាប់ពី​ទូទាត់លើការចំណាយប្រតិបត្តិការផ្សេងៗនិងចំណាយពន្ធ ប្រាក់ចំណេញសុទ្ធ (net income)ប្រចាំឆ្នាំ ២០២០ របស់ក្រុមហ៊ុនដែលចុះបញ្ចីនៅផ្សារហ៊ុន ក្រុងញូញ៉ក (NYSE)នេះ មានទំហំទឹកប្រាក់ប្រមាណ ៤២៦ លានដុល្លារអាមេរិក។ ប្រាក់ចំណេញនេះកើនឡើងពី ៣៣៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ក្រុមហ៊ុន Beike មានភ្នាក់​ងារអចលនទ្រព្យសរុប ៤៩៣ ០៨៨ នាក់។ កម្មវិធី App របស់ក្រុមហ៊ុន Beike បានទទួលអ្នកចូល​ប្រើប្រាស់យ៉ាងសកម្ម ដោយមានរហូតដល់ ៤៨.២ លាននាក់ជាមធ្យមក្នុងមួយខែ។

មានមូលដ្ឋាននៅទីក្រុងប៉េកាំង ក្រុមហ៊ុន Beike បាន​បោះផ្សាយ​​លក់​មូលបត្រ​កម្មសិទ្ធិជាសាធារណៈ​លើក​ដំបូង (IPO) នៅលើផ្សារហ៊ុនក្រុងញូញ៉ក (NYSE) ដោយបានគៀរគរមូលនិធិ​សរុប​ ២,១ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០២០។

បង្កើតឡើងក្នុងឆ្នាំ ២០០១ ពោលគឺមានអាយុកាលជិត ២​ទស្សវត្សរ៍ហើយដែលក្រុមហ៊ុននេះបានឈរ​ជើងក្នុងវិស័យអចលនទ្រព្យ។ Beike មានក្រុមហ៊ុនបច្ច្ចេកវិទ្យាយក្សធំៗចំនួនពីរជាម្ចាស់ភាគហ៊ុនដែលនៅពីក្រោយខ្នងក្រុមហ៊ុនមួយនេះ មានដូចជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះរបស់ជប៉ុន SoftBank Group និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings Ltd ក្រោមការគ្រប់គ្រងរបស់លោក Pony Ma ដែលជាកំពូលមហាសេ​ដ្ឋីមួយរូបនៅប្រទេសចិននាពេលបច្ចុប្បន្ន។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង