ផ្ទះគឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស ហើយអចលនទ្រព្យប្រភេទនេះបានដើរតួនាទីទាំងសម្រាប់ជាទីជម្រក និងដើម្បីវិនិយោគ។ សម្រាប់អ្នកវិនិយោគដែលទិញផ្ទះដើម្បីទុកលក់ចំណេញ ផ្ទះមិនមែនគ្រាន់តែសម្រាប់ជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ តែពួកគេតែងមានវិធីសាស្រ្តកែឆ្នៃផ្ទះដែលទិញនោះ ដើម្បីបង្កើតចំណូលថែមទៀត។
អ្នកស្រី Michele Cagan អ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងប្រឹក្សាយោបល់ធុរកិច្ចនៅសហរដ្ឋអាមេរិក និងជាអ្នកនិពន្ធសៀវភៅ Real Estate Investing 101 បានបង្ហាញវិធីសាស្រ្តពីរសំខាន់ៗដែលអ្នកវិនិយោគអចលនទ្រព្យ តែងប្រើប្រាស់ផ្ទះដើម្បីបង្កើតចំណូល។
1- ទិញផ្ទះចាស់ៗ, ជួសជុល, ហើយដាក់លក់វិញ (House Flipping): វិធីសាស្រ្តនេះគឺជាការវិនិយោគសម្រាប់រយៈពេលខ្លីដែលវិនិយោគិនទិញលំនៅដ្ឋានដែលគេឈប់រស់នៅ ឬក៏លំនៅដ្ឋានដែលមានសភាពចាស់ល្មមហើយមានតម្លៃទាបជាងទីផ្សារ ដើម្បីយកមកជួសជុលកែលម្អថ្មី ទុកសម្រាប់លក់ចេញដើម្បីយកប្រាក់ចំណេញនាពេលក្រោយ។
មុននឹងប្រើយុទ្ធសាស្រ្តនេះ វិនិយោគិនតែងសិក្សាពីទីផ្សារអចលនទ្រព្យមួយចំនួន និងរៀបចំផែនការហិរញ្ញវត្ថុច្បាស់លាស់ចំពោះការចំណាយផ្សេងៗដូចជា តម្លៃផ្ទះ និង ប្រាក់សម្រាប់ជួសជុលបន្ថែម។ ដើម្បីងាយស្រួលក្នុងការទិញផ្ទះ វិនិយោគិនអាចពិភាក្សាជាមួយភ្នាក់ងារអចលនទ្រព្យជំនាញដើម្បីឲ្យពួកគេជួយសម្របសម្រួលក្នុងប្រតិបត្តិការទិញលក់។
2- ដាក់ជួលលំនៅដ្ឋានក្នុងរយៈពេលវែង (Long Term Investment): ជាវិធីសាស្រ្តសាមញ្ញបំផុតមួយក្នុងចំណោមវិធីសាស្រ្តជាច្រើនទៀតដែលម្ចាស់អចលនទ្រព្យអាចរកចំនូលបានជាប្រចាំដោយមិនចាំបាច់ធ្វើការ (Passive Income) នោះគឺការដាក់ជួលលំនៅដ្ឋានរបស់ពួកគេ ។ ប្រសិនបើលំនៅដ្ឋានដាក់ជួលនោះស្ថិតនៅក្នុងទីតាំងមានសក្តានុពល(ក្នុងក្រុងឬទីប្រជុំជន) នោះតម្លៃក៏កើនកាន់តែខ្ពស់ព្រោះ តម្រូវការមានច្រើន។
ឧទាហរណ៍៖ ផ្ទះល្វែងនៅក្នុងទីក្រុងភ្នំពេញមានតម្លៃដាក់ជួលចន្លោះពី 350$-1000$ ក្នុង១ខែ ឬអាចថ្លៃជាងនេះអាស្រ័យទៅតាមទីតាំងនឹងប្រភេទផ្ទះ។ នេះបើតាមទិន្នន័យពីតម្លៃដាក់ជួលអចលនទ្រព្យលំនៅដ្ឋានពីគេហទំព័រ rentkh.com។ ចំណែកឯតម្លៃជួលអាផាតមិនជាមធ្យមគឺ 600$ ក្នុងមួយខែ និងតម្លៃជួលខុនដូមានចន្លោះពី 12$-14$ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ នេះបើយោងទៅតាមទិន្នន័យពី Real estate.com.kh និង CBRE Cambodia៕