ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានបង្ហាញពីសកម្មភាពយ៉ាងផុសផុលនារយៈពេលពីរខែដំបូងឆ្នាំ ២០២១ ដោយបានកើនឡើងជិត ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្ន័យពីការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS)។
ទិន្ន័យដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទំហំទឹកប្រាក់នៃការវិនិយោគលើអចលនទ្រព្យនៅទូទាំងប្រទេសចិនពីខែមករា ដល់ខែ កុម្ភះ បានកើនដល់ជាង ២១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ កំណើនវិនិយោគអចលនទ្រព្យរបស់ចិន ជាសញ្ញានៃការបង្កើនទំនុកចិត្តក្នុងទីផ្សារ ដែលទំនងនឹងអាចជំរុញសកម្មភាពវិនិយោគអចលនទ្រព្យនៅកម្ពុជាផងដែរ ដោយសារថាចិនជាវិនិយោគធំជាងគេក្នុងវិស័យនេះនៅកម្ពុជា។
ទិន្នន័យដដែលបានបង្ហាញថា ក្នុងនោះគ្រាន់តែការវិនិយោគលើវិស័យលំនៅឋានមានទំហំទឹកប្រាក់រហូតដល់ប្រមាណជាង ១៥៩ ពាន់លានដុល្លារអាមេរិក កើនជិត ៤២ ភាគរយ។ ទន្ទឹមនឹងកំណើននៃការវិនិយោគក្នុងវិស័យនេះ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២១ ផ្ទះអាជីវកម្មវិញ ក៏សម្រេចការលក់ការបានយ៉ាងគំហុក ដែលមានទំហំទឹកប្រាក់សរុប ២៩៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣៣ ភាគរយធៀបនឹងរយៈពេលពីរខែដូចគ្នាក្នុងឆ្នាំ ២០២០។
យ៉ាងណាមិញ តម្លៃលំនៅឋានដែលសាងសង់ថ្មីនៅទូទាំង ៧០ ក្រុងក្នុងប្រទេសចិន ក្នុងខែកុម្ភះបានកើនឡើងត្រឹមតែ ០,៤ ភាគរយ ធៀបនឹងខែមករា និង ៤ ភាគរយធៀបនឹងខែកុម្ភះឆ្នាំមុន។
ប្រភព៖ Global Times