គម្រោងអភិវឌ្ឍន៍លំនៅឋានកំពុងពង្រីកទៅតំបន់នេះ

Bunthoeun Chhut 12/March/2021 15:26
ចែករំលែក

ខណ្ឌកំបូលជាខណ្ឌចុងក្រោយគេមួយដែលទើបត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ ២០១៩ ត្រូវបានចាត់ទុកជាតំបន់ដែលមានសក្តានុពលខ្ពស់មួយនៅជាយរាជធានីភ្នំពេញក្នុងការ​ទាក់ទាញ​គម្រោងអភិវឌ្ឍន៍លំនៅឋាន។

ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានកាន់តែច្រើនឡើងបានពង្រីកការអភិវឌ្ឍគម្រោងលំនៅឋានទៅខណ្ឌកំបូល ដែលភាគច្រើនផ្តោតលើលំនៅឋានមានតម្លៃសមរម្យ ស្របពេលដែលទីតាំងដីធ្លីនៅកៀកកណ្តាលក្រុងមិនមានទំហំស័ក្កសម​ ហើយមានតម្លៃកាន់តែខ្ពស់។

ទិន្ន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌកំបូល ​បាន​បង្ហាញថា សង្កាត់កន្ទោកមានតម្លៃដីខ្ពស់ជាងគេ ដែលមានតម្លៃដីដាក់លក់ច​ន្លោះពី ៣៥០ ទៅ ២០០០ ដុល្លារ​ក្នុងមួយម៉ែត្រ​ការ៉េ សម្រាប់ទីតាំងដីនៅតាមផ្លូវធំ ស្របពេលដែលទីតាំងដីនៅតាមបណ្តោយតូចមានតម្លៃដីដាក់លក់ចន្លោះពី ១៥០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯសង្កាត់បឹងស្នោ និងសង្កាត់ឱឡោកជាទីតាំងដែលមានតម្លៃ​ដីទាបជាងគេក្នុងខណ្ឌនេះ។ តម្លៃដីដាក់លក់ក្នុងសង្កាត់ទាំងពីរនេះមានតម្លៃចន្លោះពី ៨០ ទៅ ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងដីនៅតាមបណ្តោយផ្លូវធំ ហើយទីតាំងដីនៅតាមផ្លូវតូចវិញ មានតម្លៃដីដាក់លក់ចន្លោះពី ២០ ទៅ ៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គិត​ត្រឹមដំណាច់ឆ្នាំ២០២០ ផ្ទះជាប់ដី (បុរី និង​សំណង់ផ្ទះល្វែងសាងសង់ដោយក្រុមហ៊ុនឯកជន) ក្នុងខណ្ឌកំបូលមានចំនួន ១០ ៨០៩ ខ្នង មាន​ចំណែក​ ៦ ភាគរយនៃការផ្គត់ផ្គង់ផ្ទះជាប់ដីសរុប ១៨៦ ៣០៩ ខ្នងនៅរាជធានីភ្នំពេញ។ យ៉ាងណាមិញ ចំនួនផ្ទះជាប់ដីក្នុងខណ្ឌកំបូលសម្រេចការលក់បានរហូត​ដល់ជិត ៨០ ភាគរយនៃការផ្គត់ផ្គង់ ដែលភាគរយនេះបង្ហាញពីលទ្ធភាពនៃការស្រូបទាញយកទីផ្សារដ៏ធំសម្រាប់ការវិនិយោគ​លំនៅឋានក្នុងខណ្ឌនេះ។ នេះ​បើតាមទិន្ន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Z1 Data Co.,LTD។

ខណ្ឌកំបូលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ 0៤ អ រ ក្រ ប កចុះថ្ងៃទី០៨ ខែមករាឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ខណ្ឌនេះមាន៧សង្កាត់ស្មើនឹង៩៣ ភូមិ ដែលមានផ្ទៃក្រឡាសរុបប្រមាណ៩ពាន់ហិកតា ដោយមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រំប្រទល់ខាងកើតទល់នឹងខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ខាងត្បូងទល់នឹងខណ្ឌដង្កោ និងព្រំប្រទល់ខាងជើងទល់នឹងខណ្ឌព្រែកព្នៅ៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង