ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Cambodia ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជាដែលទទួលបានពានរង្វាន់ជា ក្រុមហ៊ុនមានកេរ្ត៍ឈ្មោះ (ឬម៉ាកយីហោ) ឆ្នើមជាងគេបំផុតក្នុងវិស័យអចលនទ្រព្យប្រចាំឆ្នាំ ២០២០។ នេះបើយោងតាមការវាយតម្លៃពី The Global Economics មានមូលដ្ឋាននៅអង់គ្លេស។
តាមសេចក្តីប្រកាសព័ត៌មានរបស់ The Global Economics បានឱ្យដឹងថា ពានរង្វាន់ដែលផ្តល់ចំពោះក្រុមហ៊ុនអចលនទ្រព្យនេះគឺជាការទទួលស្គាល់ឈ្មោះនូវម៉ាកយីហោឯករាជ្យមួយក្នុងវិស័យនេះ ដោយផ្អែកលើសមិទ្ធិផលនៃការកសាងម៉ាកយីហោ និងទីផ្សារឱ្យលេចធ្លោជាងគេចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជំរុញការយល់ដឹងពីទីផ្សារ និងការផ្តល់សេវាកម្មកម្រិតស្តង់ដា និងប្រកបដោយវិជ្ជាជីវៈខ្ពស់។
អ្នកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia បានថ្លែងប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News ថាការទទួលស្គាល់នូវម៉ាកយីហោឆ្នើម ដោយស្ថាប័នអន្តរជាតិមួយនេះ ជាសមិទ្ធិដ៏គួរឱ្យស្ងប់ស្ញែង ដែលធ្វើឱ្យកិត្តិនាមរបស់ក្រុមហ៊ុន Century 21 Cambodia បោះជំហានទៅមុខកម្រិតទៀត ហើយអាចឈរជើងក្នុងចំណោមក្រុមហ៊ុនកំពូលៗនៅលើពិភពលោក។
អ្នកស្រីថ្លែងថា៖ «យើងខ្ញុំពិតជាមានមោទកភាពចំពោះសមិទ្ធិផលនេះ។ លទ្ធផលដ៏ល្អនេះមិនអាចសម្រេចបានទេ ប្រសិនបើពុំមានការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការរួបរួមដ៏ស្វាហាប់ពីសមាជិកមហាគ្រួសារ Century 21 Cambodia និងអ្នកគ្រប់គ្រងទាំងអស់របស់យើង។ សាមគ្គីភាពនេះធ្វើឲ្យកិត្តិនាមក្រុមហ៊ុនរបស់យើងចេញជាផ្លែផ្កា។»
អ្នកស្រីបានបន្តថា៖«យើងនឹងបន្តអភិវឌ្ឍន៍មហាក្រុមគ្រួសារ Century 21 Cambodia ឱ្យកាន់តែរឹងមាំខ្លាំងថែមទៀត ដើម្បីនាំយកទង់ជាតិកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីនាំពានរង្វាន់កិត្តិយសផ្សេងៗទៀត ជូនជាតិមាតុភូមិរបស់យើង៕»
បច្ចុប្បន្នក្រុមហ៊ុន ក្រុមហ៊ុន Century 21 Cambodia បានសម្រេចផ្តល់កម្មសិទ្ធបញ្ញា Franchise ដល់ក្រុមហ៊ុន ២៣ ក្រុមហ៊ុននៅកម្ពុជា។ យីហោក្រុមហ៊ុន Century 21 កំពុងដំណើរការនៅគ្រប់តំបន់នៅកម្ពុជា ដោយរួមមាន ១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្តទូទាំងប្រទេស។
ទស្សនាវដ្តី The Global Economics មានមូលដ្ឋាននៅចក្រភពអង់គ្លេស ផ្តោតលើវិស័យហិរញ្ញវត្ថុ និងធុរកិច្ច។ ទស្សនាវដ្តីនេះចេញផ្សាយនូវកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ ដោយជ្រើសរើសយកក្រុមហ៊ុនណាដែលសម្រេចបានសមិទ្ធិផលវិសេសវិសាលដាច់គេ ដើម្បីទទួលបានពានរង្វាន់កិត្តិយសពិភពលោកនេះ។
សម្រាប់វិស័យអចលនទ្រព្យ ទស្សនាវដ្តីនេះបានផ្តល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ២០២០ ដល់ក្រុមហ៊ុនចំនួន ៨ ដែលតំណាងឱ្យប្រទេសផ្សេងៗគ្នានៅលើពិភពលោក។ ក្នុងនោះ ក្រុមហ៊ុន Century 21 Cambodia ទទួលបានពានរង្វាន់ម៉ាកយីហោនាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុន Sotheby’s International Realty Affiliates LLC ទទួលបានពានរង្វាន់ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនាំមុខគេនៅប្រទេសជប៉ុន និងក្រុមហ៊ុន RE/MAX North Realty ទទួលបានពាន់រង្វាន់កិត្តិយសដូចគ្នាប្រចាំនៅប្រទេសស្រីលង្កា៕