វៀតណាមនាំចេញដែកទៅទីផ្សារអន្តរជាតិកើនជាង ៧០% នៅដើមឆ្នាំនេះ

Bunthoeun Chhut 11/March/2021 15:29
ចែករំលែក

វៀតណាមបាននាំចេញដែកសម្រាប់ផ្គត់ផ្គង់វិស័យសំណង់​កើនឡើង​ជិត ៧២ ភាគរយនៅរយៈពេលពីរខែដំបូងឆ្នាំ ២០២១ នេះ ដែលដែកភាគច្រើនក៏បាននាំចូលមកកាន់​ទីផ្សារកម្ពុជា​ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍សារព័ត៌មានក្នុងស្រុកវៀតណាម។

កំណើននៃការនាំការចេញនេះ ហាក់ឆ្លុះបញ្ចាំងពីស្ថានភាពវិស័យសំណង់ចាប់ផ្តើមមានភាពល្អឡើងប្រសើរឡើងវិញជា​បណ្តើរៗ ហើយក៏ជាការជំរុញសកម្មភាពវិនិយោគអចលនទ្រព្យផងដែរ។

តាមសេចក្តីរាយការណ៍ ប្រទេសវៀតណាមបាន​នាំចេញប្រភេទដែកថែបសរុប​ ១ ៥៦៨ លាន​តោន ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២១ ​ដែលមានទំហំទឹកប្រាក់ប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក កើនឡើង ៧១,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

ក្រុមហ៊ុនផលិតដែក Hoa Phat Group និងក្រុមហ៊ុន Hoa Sen Group ជាក្រុមហ៊ុននាំមុខគេនៅប្រទេសវៀតណាមនៅដើមឆ្នាំនេះ​ដែលផលិត និងនាំចេញដែកទៅកាន់ទីផ្សារអន្តរជាតិមានដូចសហរដ្ឋអាមេរិក មិចស៊ីកូ សហគមន៍អឺរ៉ុប និងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

ទិន្ន័យពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា វៀតណាមបាននាំចេញដែក ៧ លាន​តោន ជាមួយនឹង ទំហំទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែ​ ឆ្នាំ២០២០។ ក្នុងនោះការនាំ​ចូលមកកម្ពុជា មាន​ចំណែកដល់ទៅ ១៧ ភាគរយ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៦២៥ លានដុល្លារអាមេរិក៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង