ក្រុមហ៊ុន Century 21 Real Estate ជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនរីកចម្រើនជាងគេលើពិភពលោក

Bunthoeun Chhut 10/March/2021 18:56
ចែករំលែក

ក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនលេខ ១ ខាងការពង្រីក Franchises លឿនជាងគេលើពិភពលោកប្រចាំឆ្នាំ ២០២១ ក្នុងចំណោមបញ្ជីចំណាច់ថ្នាក់ក្រុមហ៊ុន ៥០០ របស់​ទស្សនវដ្តី Entrepreneur ដែលចេញផ្សាយនៅខែមីនា។

លោក Jason Feifer និពន្ធនាយកទស្សនាវដ្តី Entrepreneur បានមានប្រសាសន៍ថា៖«គ្មានអ្វីអាចបង្អាក់ក្រុមហ៊ុន Franchises ដែលឆ្លាតវៃជាងគេពីការរីកលូតលាស់បានឡើយ ទោះបីស្ថិតក្នុងស្ថានភាពការរាលដាលជំងឺឆ្លងក៏ដោយ»។ លោកបន្ថែមថា៖​«​យើងពិតជាកោតសសើរមែនទែនពីអ្វីដែលក្រុមហ៊ុន Franchises បានសម្របខ្លួននឹងការផ្លាស់ប្តូរនៅមួយឆ្នាំចុងក្រោយនេះ ហើយយើងរីករាយនិងសាទរមែនទែនដល់ក្រុមហ៊ុន Franchises ដែលបន្តទៅមុខនិងរីកចម្រើនឥតឈប់ឈរ»។

ក្រុមហ៊ុនដែលបានជាប់ក្នុងបញ្ជី Entrepreneur ត្រូវបានចាត់ថ្នាក់ដោយផ្អែកលើកត្តាជាច្រើនរួមមានចំនួនសាខាសរុបគ្រប់តំបន់នៅជុំវិញពិភពលោកចន្លោះពីខែកក្កដាឆ្នាំ ២០១៩ ដល់ កក្តដាឆ្នាំ ២០២០។ ចំណាត់ថ្នាក់ប្រចាំឆ្នាំ ២០២១​ នេះគឺជាលើកដំបូងដែលត្រូវបានគិតទាំងសាខាពីគ្រប់តំបន់ ស្របពេលដែលកាលពីឆ្នាំមុនៗគិតតែលើសាខានៅអាមេរិក និង កាណាដា ប៉ុណ្ណោះ។

ក្រុមហ៊ុន Century 21 Real Estate LLC បច្ចុប្បន្នមានសាខាជាង ១៣ ០០០ នៅ ៨៦ ប្រទេសជុំវិញពិភពលោក និងមានភ្នាក់ងារអចលនទ្រព្យសរុប ១៤៥ ០០០។

លោក Mike Miedler ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Real Estate LLC បានបញ្ជាក់ថា​៖«នេះគឺជាការតាំងចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មនាំមុខគេ ដោយភ្ជាប់នឹងបច្ចេកវិជ្ជាទំនើបសម្រាប់វិស័យនេះ ជាមួយកម្មវិធីដ៏ពិសេសជាងគេដើម្បីពង្រីកអាជីវកម្មដើម្បីឲ្យបណ្តាញសាខារបស់យើងនៅជុំវិញពិភពលោកអាចសម្រេចគោលដៅរបស់ពួកគេ និងរីកចម្រើនទៅមុខ»។

អ្នកស្រី ហ្រ្គេស រចនីហ្វុង អគ្គនាយិកា ក្រុមហ៊ុន Century 21 Cambodia ដែលជាសមាជិកមួយរបស់ក្រុមហ៊ុន Century 21 Real Estate LLC បានលើកឡើងថា​ សមាជិកក្រុមហ៊ុន Century 21 នៅកម្ពុជាកំពុង​ពង្រីកខ្លួនយ៉ាងឆាប់រហ័ស ហើយការទទួល​បានចំណាត់ថ្នាក់ជាក្រុមហ៊ុនលេខ១ នាពេលនេះបង្ហាញពីយីហោក្រុមហ៊ុនកម្រិតអន្តរជាតិ ដែលមិនត្រឹមតែល្អជាងគេក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យប៉ុណ្ណោះទេ តែគ្រប់ប្រភេទអាជីវកម្មទាំងអស់។

អ្នកស្រីថ្លែងថា៖«​យើងពិតជាមានមោទកភាពណាស់ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន Franchise ដែលរីកចម្រើនជាងគេទី១លើពិភពលោក»។ អ្នកស្រីបន្ថែមថា យីហោក្រុមហ៊ុន Century 21 បានពង្រីកខ្លួន និងកំពុងមានវត្តមានប្រតិបត្តិការនៅទូទាំងប្រទេស ដោយគ្របដណ្តប់ ១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត។ អ្នកស្រីបន្តថា៖«យើងនឹងបន្តពង្រឹងប្រសិទ្ធភាពអាជីវកម្មរបស់យើងជាមួយសមាជិកគ្រួសារ Century 21 Cambodia រួមទាំងភ្នាក់ងារប្រកបដោយជំនាញវិជ្ជាជីវៈរបស់យើង»។

គិតមកលោកពេលនេះ ក្រុមហ៊ុន Century 21 Cambodia បានសម្រេចផ្តល់កម្មសិទ្ធបញ្ញា Franchise ដល់ក្រុមហ៊ុនទទួលសិទ្ធបន្តសរុប ២៣ ក្រុមហ៊ុននៅរាជធានីភ្នំពេញ​។ បន្ថែមលើនេះ ក្រុមហ៊ុន Century 21 Zillion Holding ដែលជាសមាជិកមួយរបស់ក្រុមហ៊ុន Century 21 Cambodia កំពុងដំណើរការ ៣៨ ការិយាលយនៅគ្រប់តំបន់នៅកម្ពុជា​ដោយរួមមាន ១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង