ហេតុអ្វីភាពឆ្លាតវៃផ្នែកអារម្មណ៍ ចំាបាច់សម្រាប់អ្នកប្រកបអាជីពក្នុងវិស័យអចលនទ្រព្យ? ​

Bunthoeun Chhut 09/March/2021 17:51
ចែករំលែក

អ្នកជំនាញបណ្តុះបណ្តាលធនធាន​មនុស្ស បានចាត់ទុកការប្រើប្រាស់ភាពឆ្លាតវៃផ្នែកអារម្មណ៍ (Emotional Intelligence EQ) ជាកត្តាអាទិភាពមួយដែលជួយបំពេញបន្ថែមលើជំនាញដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធិភាពការងារ​ប្រចាំថ្ងៃ ជាពិសេសអ្នកប្រកបកិច្ចការក្នុងវិស័យអចលនទ្រព្យ។

ថ្លែងក្នុងកិច្ចពិភាក្សាស្តីពីឱកាសការងារ​ និងវិនិយោគអចលនទ្រព្យ ដែលរៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១​​ លោក បណ្ឌិត Trevor Suter ជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានឱ្យដឹងថា​ ការប្រើប្រាស់​ភាពឆ្លាតវៃផ្នែកអារម្មណ៍ មានការទទួលស្គាល់ថាជំនាញនេះកំពុងដើរតួនាទីយ៉ាងសំខាន់​បំផុតក្នុងវិស័យធុរកិច្ច ដែលជួយបង្កើនប្រសិទ្ធិភាពក្នុងការកសាងទំនាក់ទំនង និងការចរចារជាមួយអតិថិជន។​

លោកថ្លែងថា៖ «ជំនាញនេះគឺ​ចាំបាច់ណាស់សម្រាប់យើងទាំងអស់គ្នា ជាពិសេសអ្នកប្រកបកិច្ចកា​រក្នុងវិស័យអចលនទ្រព្យតែម្តង ព្រោះវិស័យនេះផ្តោតសំខាន់លើទំនាក់ទំនង។ បើគ្រាន់តែមានជំនាញរឹង (hard skills) ដូចជាចំណេះដឹងពីផលិតផលឬសេវាកម្ម ការ​យល់ដឹងពីទីផ្សារ​ និងដៃគូប្រកួតប្រជែងក្នុងវិស័យនេះ គឺមិនគ្រាប់គ្រាន់ទេ ពោលគឺត្រូវមានទំនាក់ទំនងល្អផងដែរ»។

សកម្មភាពរបស់លោក Trevor Suter ក្នុងវគ្គបណ្តុះបណ្តាមួយនាពេលកន្លងមកទាក់ទងនឹងភាពឆ្លាតវៃផ្នែកអារម្មណ៍

លោក បណ្ឌិត Trevor ដែលជាអ្នកជំនាញផ្នែកបណ្តុះភាពជាអ្នកដឹកនាំសញ្ជាតិ​អង់គ្លេស ក្នុងការងារបណ្តុះធនធានមនុស្ស និងអភិវឌ្ឍន៍​ស្ថាប័នកម្រិតអន្តរជាតិ អស់រយៈពេលជាង ៤០ឆ្នាំមកនេះ បានពន្យល់បន្ថែមថា   ទំនាក់​ទំនងល្អនោះគឺអាចកើតឡើងបានដោយសារការជឿជា​ក់ និងទំនុកចិត្ត តាម​រយៈការយល់ពីគ្នាទៅវិញទៅមករវាងភ្នាក់ងារអចលនទ្រព្យ និងអថិតិជន ហើយសម​ត្ថភាពនៃការយល់ពីអតិថិជននោះមិនមែនគ្រាន់យល់អារម្មណ៍របស់គេទេ គឺ​ត្រូវយល់ពីហេតុផលនៃ​អារម្មណដែលអតិថិជនត្រូវការផងដែរ។

លោកបញ្ជាក់ថា៖ «​EQ ជាសមត្ថភាពពិសេសម្យ៉ាងក្នុងការយល់ពីអារម្មណ៍ ​​ ដែលវាមានឥទ្ធិពលទៅលើការគិត អាកប្បកិរិយា ឥរិយាបថ និងសកម្មភាពរបស់អ្នក និងរបៀបនៃការទំនាក់ជាមួយអ្នកដទៃ»។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង