វៀតណាម៖ ក្រុមហ៊ុន Citics ជាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ ដែលទើបបើកដំណើរការបានរយៈពេលពីរឆ្នាំប៉ុណ្ណោះ តែជាអាជីវកម្មដ៏មានសក្តានុពល ដោយទទួលបានការកៀរគរទុនពីវិនិយោគិនក្នុងស្រុក និងបរទេសក្នុងទំហំទឹកប្រាក់១លានដុល្លារអាមេរិក។
តាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកវៀតណាម កាលពីថ្ងៃទី ៤ មិនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រមូលទុនវិនិយោគ១លានដុល្លារអាមេរិកក្នុងជុំទី១ (ឬជុំ A) ពីក្រុមហ៊ុនចំនួនបីមានដូចជា ក្រុមហ៊ុនសិង្ហបុរី Vulpes Investment Management ក្រុមហ៊ុនពីប្រទេសកូរ៉េខាងត្បូង TheVentures និងក្រុមហ៊ុនវៀតណាម Nextrans។
ទំហំទុនក្នុងជុំទី១នេះ ក្រមហ៊ុន Citics នឹងផ្តោតលើការអភិវឌ្ឍប្រព័ន្ធសេវាកម្ម Softwar (SaaS) និងសេវាកម្មអង្គផ្ទុកទិន្ន័យទៅក្នុងប្រព័ន្ធ cloud ព្រមទាំងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេសវៀតណាមផងដែរ។
ក្រុមហ៊ុន Citics ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយទទួលបានការបណ្តាក់ទុនវិនិយោគដំបូងបំផុតក្នុងទំហំទឹកប្រាក់ ៧០ម៉ឺនដុល្លារអាមេរិក។ ក្រុមហ៊ុននេះបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយដើម្បីធ្វើជាមជ្ឈមណ្ឌលផ្ទុកទិន្ន័យ ដែលជួយសម្រួលដល់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យ រួមមានសេវាកម្មវាយតម្លៃ ទិញ លក់ ជួល និងការផ្តល់កម្ចីជាដើម។
ក្នុងន័យនេះ ក្រុមហ៊ុន Citics នឹងផ្តល់ដំណោះស្រាយសេវាកម្មទិន្ន័យ ដល់ដៃគូសហការ ជាពិសេសគ្រឹះស្ថានធនាគារ ដើម្បីអាចវាយតម្លៃអចលនទ្រព្យងាយស្រួល និងរហ័ស។ តាមរយៈការប្រើប្រព័ន្ធផែនទីឌីជីថល គ្រឹះស្ថានធនាគារអាចឆែកព័ត៌មានលម្អិត និងតម្លៃបឋមនៃអចលនទ្រព្យនោះ ដើម្បីគ្រប់គ្រងហានិភ័យមុននឹងឈានដល់ការអនុម័តកម្ចី។
រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាដៃគូសហការជាមួយគ្រឹះស្ថានធនាគារចំនួន ១០ ហើយបានប្រមូលទិន្ន័យជាង ៩ លានអចលនទ្រព្យនៅទូទាំងប្រទេសវៀតណាម៕