ទីតាំងលក់រាយដែលមិនមានអ្នកជួលបានកើនឡើងខ្លាំង តែជាឱកាសសម្រាប់ពាណិជ្ជករចាប់យកទីតាំង

Bunthoeun Chhut 04/March/2021 17:09
ចែករំលែក

ភំ្នពេញ៖ អ្នកមានបំណងធ្វើអាជីវកម្មក្នុងផ្សារទំនើបនាពេលនេះ​​អាច​​ជ្រើស​​ទីតាំងល្អៗ​​ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេ​បានយ៉ាងងាយស្រួល ដោយសារទីតាំង​សម្រាប់ធ្វើអាជីវកម្ម​ក្នុងផ្សារទំនើបដែល​នៅទំនេរ (vacancy) បានកើនឡើងយ៉ាងខ្លាំងត្បិត​ស្ថានភាពមិនអំណោយផលកាលពីឆ្នាំមុន។

របាយការណ៍ចុងក្រោយរបស់ The Mall Company ដែលជាក្រុមហ៊ុនផ្តោតលើវិស័យលក់រាយបានបង្ហាញថា ទីតាំងអាជីវកម្មនៅទំនេរបានកើនដល់ ១៦ ២៤៧ ម៉ែត្រការ៉េ នៅដំណាច់ឆ្នំា២០២០ គឺកើនឡើងដល់ទៅ ៨៥ ភាគរយធៀបនឹងបរិមាណទីតាំងទំនេរត្រឹម ៨ ៧៦០ ម៉ែត្រការ៉េកាលពី​ឆ្នាំ២០១៩។

ស្របពេលដែលវ៉ាក់សាំងការពារជំងឺឆ្លងមានវត្តមាន ហើយមន្រ្តីរដ្ឋាភិបាលរួមទាំងអ្នកជំនាញរំពឹងថាស្ថានភាពសេដ្ឋកិច្ចនឹងប្រសើរឡើងវិញចាប់ពីចុងឆ្នាំនេះ អ្នកជំនាញពីក្រុមហ៊ុន The Mall Company បញ្ជាក់ថា​បរិមាណទីតាំងទំនេរច្រើននេះក៏ជាផលវិជ្ជមានមួយផងដែរសម្រាប់ប្រតិបត្តិករក្នុងវិស័យលក់រាយ ដោយពួកគេអាចជ្រើសរើសទីតាំងបានល្អៗ។

របាយការណ៍នេះបានបញ្ជាក់ថា៖ «ការកើនឡើងយ៉ាងគំហុកនៃទីតាំងធ្វើអាជីវកម្មដែលនៅទំនេរ គឺ​ជាឱកាសសម្រាប់ម្ចាស់អាជីវកម្មអាច​រើស​បាន​ទីតាំងល្អៗ ដែលពីពេលមុនៗមិនមាន ឬទីតាំងល្អៗក្នុងគម្រោងដែលទើបដាក់ចូលទីផ្សារ​។» របាយការណ៍បញ្ជាក់បន្ថែមថា មិនតែប៉ុណ្ណោះម្ចាស់អាជីវកម្មក៍អាចចរចារដើម្បីទទួលបានតម្លៃនៃការជួលទាបជាងមុនពេលដែលជំងឺកូវីដ-១៩ បានផ្ទុះឡើង។

តាមរបាយការណ៍គិតត្រឹមដំណាច់ឆ្នាំ ២០២០ ទីតាំងធ្វើអាជីវកម្មមានផ្ទៃក្រឡាសរុប ៣៧០ ៧៨១ ម៉ែត្រការ៉េ ដែលទីតាំងទាំងនេះផ្គត់ផ្គង់ដោយប្រភេទផ្សារខុសៗគ្នា មានដូចជាផ្សារទំនើបខ្នាតធំ (shopping malls) ផ្សារហគមន៍ (community malls) និងប្រភេទផ្សារបង្កើតក្នុងទីតាំងអគារខុនដូ ឬអគារពាណិជ្ជកម្ម (retail podium)។

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង