ព្រៃវែង៖ ទីផ្សារដីធ្លីស្ថិតក្នុងឃុំពីរនៃស្រុកពាមរក៍ គឺឃុំព្រែកខ្សាយ និងឃុំអ្នកលឿង ក្នុងខេត្តព្រៃវែង ជាទីតាំងដែលមានសក្តានុពលជាងគេ ហើយមានតម្លៃខ្ពស់ជាងទីតាំងដីស្ថិតក្នុងទីរួមខេត្តនេះផងដែរ។ នេះបើតាមអ្នកជំនាញទីផ្សារដីធ្លី។
លោក ម៉ៅ មុនីរតនា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែង បានឱ្យដឹងថា តម្លៃដីក្នុងឃុំទាំងពីរនេះមានតម្លៃដីដាក់លក់ចន្លោះពី ១៧០ ដុល្លារ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលទីតាំងដីក្នុងទីរួមខេត្តព្រៃវែងវិញមានតម្លៃដីដាក់លក់ចន្លោះពី ១៥០ ទៅ ២០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

លោក ម៉ៅ មុនីរតនា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែង
បើតាមលោករតនា តម្លៃដីក្នុងឃុំទាំងពីរនេះមានកំណើនចន្លោះពី ១០ ទៅ ២០ ភាគរយ បើធៀបឆ្នាំ២០១៩។
លោកថ្លែងថា៖«ដោយសារតែឃុំទាំងពីរនេះស្ថិតក្នុងតំបន់ពាណិជ្ជកម្ម និងជាប់នៅមាត់ទន្លេដែលមានឃ្លាំងធំៗជាច្រើនសម្រាប់ការស្តុកទំនិញ ដែលនាំចូលពីប្រទេសវៀតណាម ទាំងតាមផ្លូវគោក និងផ្លូវទឹក ហើយយកមកស្តុកក្នុងឃ្លាំងនៅតំបន់ទាំងពីរនេះ ទើបជំរុញឱ្យសកម្មភាពពាណិជ្ជកម្ម និងកំណើនដីធ្លីនៅតំបន់ទាំងពីរនេះមានតម្លៃខ្ពស់ជាងគេ។»
ខេត្តព្រៃវែងមាន ១៣ ស្រុក ហើយក្នុងនោះមានតែស្រុកចំនួនបួនប៉ុណ្ណោះដែលមានតម្លៃដីអតិបរមាលើសពី ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បើតាមទិន្ន័យក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែង ទីតាំងដីធ្លីក្នុងស្រុកពារាំង មានតម្លៃដីដាក់លក់ខ្ពស់បំផុត ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្រុកស្វាយអន្ទរមានតម្លៃ ១៤០ ក្នុងមួយម៉ែត្រការ៉េ ស្រុកកំចាយមារមានតម្លៃ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ និងស្រុកពាមរក៍ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ឃុំព្រែកខ្សាយ និងឃុំអ្នកលឿង ជាតំបន់នៃការតភ្ជាប់ស្ពានអ្នកលឿង

ទិដ្ឋភាពក្នុងទីរួមខេត្តព្រៃវែង

ទិដ្ឋភាពក្នុងទីរួមខេត្តព្រៃវែង