ភ្នំពេញ៖ ខណ្ឌដង្កោ កំបូល និងខណ្ឌព្រែកព្នៅ ជាតំបន់នៅជាយរាជធានីភ្នំពេញដែលកំពុងទាក់ទាញក្នុងចំណោមអ្នកអភិវឌ្ឍន៍វិស័យលំនៅឋាន ដោយចំនួនលំនៅឋាននៅខណ្ឌទាំងបីនេះបូលបញ្ជូលគ្នាមានចំនួនជិត ១ភាគ៣ នៃការផ្កត់ផ្គង់លំនៅឋានសរុបនៅរាជធានីភ្នំពេញ។
តាមទិន្ន័យក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Z1 Data Co.,LTD បានបង្ហាញថាគិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌដង្កោមានចំនួនផ្ទះជាប់ដី (បុរី និងបណ្តុំសំណង់សាងសង់ដោយក្រុមហ៊ុនឯកជន) ៣៥ ៣៨៧ ខ្នងខណ្ឌកំបូលមាន ១០ ៨០៩ ខ្នង និងខណ្ឌព្រែកព្នៅមាន ៤ ០១១ ខ្នង។ បើបូកបញ្ចូលគ្នា ចំនួនលំនៅដ្ឋានផ្ទះជាប់ដីក្នុងខណ្ឌទាំងបីនេះមានចំនួន ៥០ ២០៧ ខ្នង ដែលស្មើនឹង ២៧ ភាគរយនៃចំនួនលំនៅឋានសរុប ១៨៦ ៣០៩ ខ្នងនៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងបរិមាណនៃការផ្គត់ផ្គង់មានចំនួនច្រើន លទ្ធភាពនៃការស្រូបទាញទីផ្សារ (market absorption) ក៏មានអត្រាខ្ពស់ផងដែរ ដោយខណ្ឌដង្កោសម្រេចការលក់បាន ៧៧ ភាគរយ ខណ្ឌកំបូល ៧៩ ភាគរយ ស្របពេលដែលខណ្ឌព្រែកព្នៅសម្រេចការលក់បាន ៨៤ ភាគរយ។ យ៉ាងណាមិញ ក្នុងចំណោមខណ្ឌទាំងបីនេះ មានតែខណ្ឌដង្កោប៉ុណ្ណោះដែលមានការអភិវឌ្ឍន៍លើលំនៅឋានខុនដូ ដែលមានបន្ទប់ស្នាក់នៅ ១៩៦ យូនីត។
Video-Advertisement
រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ទំហំផ្ទៃដីរាជធានីភ្នំពេញបានកើនឡើងជាងពីរដងក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ ដោយកើនឡើងពីជាង ៣០០ គីឡូម៉ែត្រការ៉េ កាលពីទស្សវត្សរ៍ ៩០ ដល់ជិត ៧០០ គីឡូម៉ែត្រការ៉េគិតមកទល់ពេលនេះ។ ភាពរីកចម្រើនរបស់រាជធានីភ្នំពេញ បានជំរុញឱ្យរដ្ឋាភិបាលបន្តដល់ការគិតគួរក្នុងការពង្រីកផ្ទៃដីទីក្រុងបន្តបន្ទាប់ដើម្បីឆ្លើយនឹងកំណើនសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាជន។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យធ្លាប់បានបញ្ជាក់ថា ទីតាំងនៅជាយរាជធានីភ្នំពេញ មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍលំនៅឋាន ជាពិសេសសំណង់លំនៅឋានសម្រាប់អ្នកមានចំណូលមធ្យម ដោយសារមានទំហំទីតាំងដីធំ ហើយម្យ៉ាងវិញទៀតតម្លៃដីនៅធូរថ្លៃបើធៀបនឹងតំបន់សំខាន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។
ជាក់ស្តែង ទីតាំងដីធ្លីនៅខណ្ឌកំបូលមានតម្លៃដាក់លក់ជាមធ្យមចន្លោះពី ៨០ ទៅ ២០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីដែលស្ថិតនៅតាមបណ្តោយផ្លូវធំ (main road)។ សម្រាប់ទីតាំងដីនៅតាមបណ្តោយផ្លូវតូច(sub road) វិញ មានតម្លៃជាមធ្យមចន្លោះពី ២០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមទិន្ន័យរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌកំបូល។
ចំណែកឯ ខណ្ឌព្រែកព្នៅវិញ ទីតាំងដីដាក់លក់មានតម្លៃជាមធ្យមចន្លោះពី ៧៥ ទៅ ១ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងដីស្ថិតនៅតាមបណ្តោយផ្លូវធំ។ សម្រាប់ទីតាំងដីនៅតាមបណ្តោយផ្លូវតូច មានតម្លៃដាក់លក់ជាមធ្យមចន្លោះពី ៤០ ទៅ ៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណ្ឌដង្កោវិញ មានតម្លៃដាក់លក់ទាបបំផុត ៦០ ដុល្លារ និងខ្ពស់បំផុត ១ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងសក្តានុពលផ្សេងៗគ្នាក្នុងខណ្ឌនេះ។ នេះបើតាមទិន្ន័យរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌ ព្រែកព្នៅ និងខណ្ឌដង្កោ៕