អ្នកជំនួញអចលនទ្រព្យចាស់វស្សា Li Ka-shing គ្រងដំណែងជាសេដ្ឋីទី១នៅហុងកុង បន្ទាប់ពីភាគហ៊ុនវិនិយោគកើនយ៉ាងគំហុក

Bunthoeun Chhut 01/March/2021 18:28
ចែករំលែក

អ្នកជំនួញជើងចាស់​លោក Li Ka-shing ​ បានឈរនៅលេខរៀងទី១ ក្នុងចំណោមមហាសេដ្ឋីទាំង៥០ រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅហុង កុង កត់ត្រាដោយទស្សនាវដ្តី Forbes ឆ្នាំ២០២១ បន្ទាប់ពីភាគហ៊ុនវិនិយោគរបស់លោក Li ក្នុងក្រុមហ៊ុន  Zoom Video Communications បានកើនឡើងយ៉ាងគំហុក។

តាម​សេចក្តីរាយការណ៍កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Zoom ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាចុះបញ្ចីនៅផ្សារហ៊ុនអាមេរិក បានកើនឡើង ៤០០ ភាគរយកាលពីឆ្នាំ២០២០ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក Li កើនដល់ ៣៥.៤ ពាន់លានដុល្លារ ឬមានកំណើន ២០ភាគរយ។

មហាសេដ្ឋីវ័យ ៩២ ឆ្នាំរូបនេះមានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុន Zoom ចំនួន ៦.៦ ភាគរយ ឬ​ប្រហាក់ប្រហែលនឹង ២០ភាគរយ នៃទ្រព្យសម្បត្តិសុទ្ធរបស់លោក។ ចំនួនភាគហ៊ុ​នវិនិយោគនៅក្នុងក្រុមហ៊ុន Zoom នេះបានជួយយឺតយោង​ទ្រព្យសម្បត្តិរបស់លោក ពីការធ្លាក់ចុះតម្លៃភាគហ៊ុន ២៧ ភាគរយក្នុងក្រុមហ៊ុន CK Asset Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចុះបញ្ជីនៅផ្សារហ៊ុនហុង កុង។

ក្រុមហ៊ុន CK Asset Holdings ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CK Hutchison Holdings ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ហើយ​ជាក្រុមហ៊ុនពហុវិស័យធំជាងគេផងដែរ​នៅហុងកុង ត្រូវបានបង្កើតឡើងដោយលោក Li Ka-shing។

ទ្រព្យសម្បត្តិរបស់លោក Li Ka-shing បានមកពីការវិនិយោគបំបែកមុខព្រួញ (diversification ការវិនិយោគមិនពឹងផ្អែកតែមួយមុខ) ដែលភាគច្រើនជាវិស័យអចលនទ្រព្យ ហើយបន្ទាប់មកវិស័យលក់រាយ ចំណតផែ និងក្រុមហ៊ុនបច្ចេកវិទ្យាជាដើម។

បើទោះបីសេដ្ឋកិច្ចរបស់ក្រុង ហុង កុង កាលពីឆ្នាំមុនមានការធ្លាក់ចុះ ៦.១ ភាគរយ ប៉ុន្តែទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង ៥០ រូបនៅហុង កុង នៅតែរក្សាកំណើនកក្នុងរង្វង់ ៧.៥ ភាគរយ ដែលបានកើនដល់ ៣៣១ ពាន់លានដុល្លារអាមេរិក។

តាមកំណត់ត្រា​មហាសេដ្ឋីរបស់ Forbes លោក Lee Shau Kee ជាមហាសេដ្ឋីដែលមានទ្រព្យមានទ្រព្យសម្បត្តិច្រើនជាងគេទី២ បន្ទាប់ពីលោក Li Ka-Shing ហើយក៍ជាអ្នកជំនួញជើងចាស់ក្នុងវិស័យអចលនទ្រព្យផងដែរនៅហុង កុង៕ ប្រភព៖  Nikkei Asia/SCMP

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង