ទីតាំងដីធ្លីសំខាន់ៗមួយចំនួននៅតំបន់ជាយរាជធានីភ្នំពេញនៅតែរក្សាសកម្មភាពទិញ-លក់យ៉ាងសកម្មកាលពីឆ្នាំមុន និងពេលនេះ ដោយសារវិនិយោគិនក្នុងស្រុកនៅតែមានទំនុកចិត្តខ្ពស់ពីឱកាសចំណេញនាពេលខាងមុខស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធថ្មីៗនៅបន្តសកម្មភាពខ្លាំង។
លោកវ៉ា វីរៈ សមាជិកក្រុមប្រឹក្សាអភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ (CVEA) បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរបស់សមាគម CVEA កាលពីថ្ងៃទី ២៥ ខែកុម្ភៈថា តំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាតំបន់អរិយក្សត្រ ទីតាំងដីនៅតំបន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងទីតាំងផ្សេងៗដែលនៅកៀកនឹងរាជធានីភ្នំពេញដូចជាខេត្តកណ្តាល និងកំពង់ស្ពឺ ជាទីតាំងដែលបន្តមានកំណើនសកម្មភាពក្នុងការទិញ-លក់ក្នុងចំណោមវិនិយោគិនក្នុងស្រុក។
លោកថ្លែងថា៖ «តំបន់នៅជាយៗដែលមានការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធថ្មី សុទ្ធសឹងតែជាតំបន់សក្តានុពលឱ្យតែអចលនទ្រព្យនោះមានតម្លៃសមរម្យ នោះសម្មភាពទិញ-លក់នៅតែបន្តមានកំណើនល្អ»។
ទីផ្សារដីធ្លីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងភូមិសាស្រ្តខេត្តកណ្តាលមានតម្លៃដីដាក់លក់ចន្លោះពី ២៥០ ទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយផ្លូវជាតិលេខ២ វិញមានតម្លៃដាក់ចន្លោះពី ២៥០ ទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯ តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងខេត្តកំពង់ស្ពឺមានតម្លៃចន្លោះពី ៥០ ទៅ ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមទិន្ន័យរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
តាមទិន្ន័យដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News ទទួលបានពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅទូទាំងរាជធានីភ្នំពេញក្នុងឆ្នាំ២០២០ មានប្រមាណជិត ២ម៉ឺន៥ពាន់ករណី។
លោក សន សៀប អនុប្រធានប្រតិបត្តិសមាគម CVEA និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះដែរថា វិនិយោគិនក្នុងស្រុកដែលមានទុនចន្លោះពី ៣០ ទៅ៥០ម៉ឺនដុល្លារ កំពុងស្វែងរកឱកាសនៅតំបន់ជាយរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ទីតាំងដីធ្លីនៅតំបន់អភិវឌ្ឍន៍ជាយរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ហ្នឹង នៅតែមានអ្នកស្វែងរកឱកាសទិញដីនៅតំបន់នោះជាហូរហែរ ទោះបីស្ថិតក្នុងកាលទេសៈកូវីដ-១៩ ក៏ដោយ។» លោកបានបន្ថែមថា លំនៅដ្ឋានដែលមានតម្លៃសមរម្យក៏នៅតែបន្តមានតម្រូវការល្អផងដែរ។
យ៉ាងក៏ដោយអ្នកជំនាញអចលនទ្រព្យទាំងពីររូបនេះ បានបញ្ជាក់ស្រដៀងគ្នាថា ប្រតិបត្តិការទិញ-លក់អចលនទ្រព្យទូទៅដែលពឹងផ្អែកលើវិនិយោគិនបរទេសមានការថមថយ ដោយសារការរឹតបន្តឹងនៃការធ្វើដំណើរដែលបង្ករឡើងដោយបញ្ហាកូវីដ-១៩ ហើយធ្វើឱ្យចំនួនវិនិយោគិនដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជាមានការថមថយដែរ។
ផ្លូវក្រវ៉ាត់ក្រុងទី ៣ មានប្រវែងជិត ៥៣ គីឡូម៉ែត្របានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២០១។ កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយឆ្លងកាត់ផ្លូវជាតិសំខាន់ៗមួយចំនួនដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ចំណែកឯគម្រោងអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងទី៤ វិញកំពុងស្ថិតនៅក្នុងសិក្សានៅឡើយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវក្រវាត់ក្រុងទី៤នេះ មានប្រវែង១៩៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ទីតាំងភូមិសាស្រ្តខេត្តចំនួនបួន រួមមានខេត្ត កណ្តាល(ចំនួន៨ស្រុក), ខេត្តកំពង់ស្ពឺ(ចំនួន៣ស្រុក) ខេត្តតាកែវ(ចំនួន១ស្រុក) និងព្រៃវែង(ចំនួន២ស្រុក)។
អត្ថបទទាក់ទង៖
វិនិយោគដីក្នុងក្រុងតម្លៃក្រោម១០០ដុល្លារ/ម៉ែត្រការ៉េ គួរដឹងពីតំបន់នេះ
ទីតាំងដីនៅជាយក្រុងមួយនេះចាយទុនតិច តែលក់ចេញចំណេញខ្ពស់នាពេលអនាគត
ចំណុចសំខាន់ៗទាំង ៤ នេះកំពុងធ្វើឲ្យការវិនិយោគដីធ្លីនៅខណ្ឌកំបូលកាន់តែទាក់ទាញ
ផ្លូវជាតិលេខ៣ នឹងក្លាយជាបណ្តុំឧស្សាហកម្មដ៏លេចធ្លោ ដែលនឹងបង្កើនសន្ទុះការទិញ-លក់ដីធ្លី