ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Allwin Realty ដែលជាសមាជិកមួយរបស់ Century 21 Cambodia ផ្តោតលើទីផ្សារវិនិយោគិនចិន បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំដោយជឿជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានឹងល្អប្រសើរឡើងនៅឆ្នាំនេះ។
ការប្រកាសពង្រីកប្រតិបត្តិការនេះស្របពេលអ្នកជំនាញក្នុងវិស័យនេះអះអាងថាទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសញ្ញាវិជ្ជមានឡើងវិញនៅដើមឆ្នាំ ២០២១ នេះបន្ទាប់ពីវត្តមានវ៉ាក់សាំងការពារជំងឺ Covid 19 ចាប់ផ្តើមមានហើយកំពុងចាក់ជូនក្រុមអទិភាពដែលជួយបង្កើនទំនុកចិត្តវិនិយោគិនជាពិសេសក្នុងចំណោមពាណិជ្ជករចិនដែលជាវិនិយោគិនសក្តានុពល។

លោក Gao Shan (កណ្តាល) និងថ្នាក់ដឹកនាំក្រុមហ៊ុន Century 21 Cambodia ក្នុងឱកាសចុះកិច្ចព្រមព្រៀងពង្រីកសាខានៅកម្ពុជា
លោក Gao Shan នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Allwin Realty បានប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ថាកម្ពុជាគឺជាទីតាំងសក្តានុពលសម្រាប់វិនិយោគិនចិនដាក់ទុនវិនិយោគដោយសារស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច និងអំណោយផលនៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកបន្តថា ភាពងាយស្រួលនៃការធ្វើដំណើរដោយមានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីកម្ពុជាទៅស្ទើរគ្រប់ទីក្រុងសំខាន់ៗនៃប្រទេសចិន ក៏ជាអំណោយផលយ៉ាងសំខាន់ ហើយកត្តានេះធ្វើឲ្យការធ្វើដំណើរតភ្ជាប់ប្រទេសទាំងពីរចំណាយត្រឹមចន្លោះពី ២ ម៉ោងទៅ ៥ ម៉ោងប៉ុណ្ណោះនៅពេលដែលស្ថានភាពជំងឺឆ្លងគ្រប់គ្រងបាន និងសុវត្ថិភាពត្រូវបានធានា។
លោក Gao Shan ថ្លែងថា៖«វិនិយោគិនចិននៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនឹងបន្តកើនឡើងនាពេលខាងមុខ។ កន្លងមកវិនិយោគិនទាំងនោះតែងមានបញ្ហាប្រឈមទាក់ទងនឹងការរកទីតាំងវិនិយោគនិងការទិញដីសម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម»។ លោកបន្តថា ពេលនេះក្រុមហ៊ុន Century 21 Allwin Realty គឺជាសមាជិកមួយរបស់ក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យមានបណ្តាញធំទូលាយនៅកម្ពុជា ហើយប្រតិបត្តិការក្រុមហ៊ុនលោកនឹងជួយសម្រួលដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនចិនធ្លាប់ជួបប្រទះកន្លងមក។
លោកបន្តថា៖«យើងជាសមាជិកក្រុមហ៊ុន Century 21 Cambodia ដែលមានក្រុមហ៊ុនរួមសម្ព័ន្ធជាប្រភេទក្រុមហ៊ុនថែរក្សាទ្រព្យសម្បតិ្តជំនួស (Trustee) ហើយអាចឈរឈ្មោះជំនួសនិងអាចឲ្យវិនិយោគិនចិនទិញដីធ្វើអាជីវកម្មនៅកម្ពុជាដោយស្របច្បាប់។ កត្តានេះនឹងជួយដោះស្រាយបញ្ហាកង្វល់វិនិយោគិនចិន អ៊ីចឹងវិនិយោគិនទាំងនោះងាយស្រួលសម្រេចចិត្តទិញដីធ្វើអាជីវកម្មនៅកម្ពុជាដើម្បីធ្វើការអភិវឌ្ឍន៍»។
ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty នាពេលនេះក៏បានបង្ហាញរឹតតែខ្លាំងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនសមាជិករបស់ Century 21 Cambodia ដែលកំពុងទទួលបានចំណែកទីផ្សារកាន់តែធំក្នុងវិស័យអចលនទ្រព្យកម្ពុជា។
គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia កំពុងដំណើរការដោយមានការិយាល័យ ២៣ នៅភ្នំពេញ និង ៣៨ សាខានៅគ្រប់បណ្តាខេត្តនៅកម្ពុជា ហើយមានភ្នាក់ងារអចលនទ្រព្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសរុបដល់ទៅជិត ៧០០ នាក់។
អ្នកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា និងលំហូរវិនិយោគិនចិននៅកម្ពុជានឹងស្ទុះឡើងប្រកបដោយភាពវិជ្ជមាននៅឆ្នាំ ២០២១នេះ ដោយសារការរួមចំណែកនៃជំនួយវ៉ាកសាំង Covid 19 រហូតទៅដល់ ១ លានដូសពីរដ្ឋាភិបាលចិនមកកម្ពុជា។
អ្នកស្រីថ្លែងថា៖«ឆ្នាំ ២០២១ លំហូរវិនិយោគិនចិននៅកម្ពុជានឹងបង្កើន ហើយការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើទីផ្សារចិននាពេលនេះ នឹងជួយឲ្យពាណិជ្ជករចិនវិនិយោគនៅកម្ពុជាទទួលបានផលចំណេញ និងវិនិយោគដោយសុវត្ថិភាព។ លោកស្រីបន្តថា៖«យើងមានក្រុមហ៊ុនរួមសម្ព័ន្ធជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បតិ្តជំនួស (Trustee) និងមានក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យមានសាខាគ្របដណ្តប់ ២៥ រាជធានីខេត្តដែលអាចបម្រើសេវាកម្មស្របច្បាប់ និងអាចទិញដីនៅខេត្តណាក៏បាន ហើយដីនោះជាដីស្របច្បាប់ ចំណេញដោយស្របច្បាប់ ហើយអាចកាត់ប្លង់បានដោយមិនមានបញ្ហា»។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយកាលពីខែមករាបង្ហាញថា វិស័យអចលនទ្រព្យនឹងមានកំណើនវិជ្ជមានក្នុងអត្រា ២,៧ ភាគរយនៅឆ្នាំ២០២១ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៦,៦ ភាគរយនៅឆ្នាំ ២០២៤៕