កំពត ជាគោលដៅលេចធ្លោជាងគេក្នុងចំណោមតំបន់សំខាន់ៗ4សម្រាប់ការវិនិយោគផ្ទះលម្ហែកាយ

Bunthoeun Chhut 24/February/2021 09:15
ចែករំលែក

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ខេត្តកំពត ជាទិសដៅឈានមុខគេ ក្នុងចំណោមទីតាំងសក្តានុពលទាំងបួនសម្រាប់ការទាក់ទាញវិនិយោគផ្ទះសម្រាកលម្ហែកាយ ឬផ្ទះទីពីរ ដែលកំពុងពេញនិយមក្នុងចំណោមអ្នកមានជីវភាពធូធារ និងជនជាតិបរទេស​កំពុងប្រកបការងារ​ និងរស់នៅកម្ពុជា។

លោក ច្រឹក សុខនីម​ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News កាលពីថ្មីៗនេះថា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តមណ្ឌលគិរី និងស្រុកវាលវែងនៃខេត្តពោធិ៍សាត់ នឹងក្លាយជាទីតាំងដ៏ពេញនិយមជាងគេសម្រាប់ការវិនិយោគផ្ទះសម្រាកលម្ហែកាយ ដោយសារទីតាំងទាំងនេះមានអំណោយផលអាកាស​ធាតុ និងសម្រស់ធម្មជាតិស្រស់ស្អាត។

តំបន់ខាងលើនេះមានសក្តានុពលពិសេសផ្សេងៗគ្នា។ ខេត្តព្រះសីហនុ និងខេត្តកំពត មានទីតាំងស្ថិតនៅជាប់មាត់សមុទ្រ ចំណែកឯខេត្តមណ្ឌលគិរី និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ជាតំបន់ដែលមាន​អំណោយផលសម្រស់ធម្មជាតិ។ យ៉ាងក៍ដោយ អ្នកជំនាញរូបនេះយល់ឃើញថា កំពតបានក្លាយជាទីតាំងនាំមុខគេមួយសម្រាប់ការអភិវឌ្ឍគម្រោងបែបនេះ ហើយកំពុងក្លាយជាឧទាហរណ៍គម្រូ​ក្នុងចំណោមតំបន់សក្តានុពលខាងលើ។

លោកថ្លែងថា៖ «កំពតជាខេត្តដែលមានសក្តានុពលពិសេសជាងគេ ព្រោះនៅទីនេះមានទាំងមាត់សមុទ្រ សម្រស់ធម្មជាតិព្រៃភ្នំ រួមទាំងតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត។»​ ម្យ៉ាងវិញទៀត លោកថា​ការធ្វើដំណើរវិលត្រលប់រវាងរាជធានីភ្នំពេញ និងខេត្តកំពតកាន់តែឆាប់រហ័សជាងមុន ដោយសារផ្លូវតភ្ជាប់ទៅខេត្តនេះត្រូវបានស្ថាបនាកាន់តែប្រសើរ (អានបន្ថែម) ស្របពេលដែលផែទេសចរណ៍អន្តរជាតិកំពតត្រៀមបើកដំណើរការនាពេលខាងមុខផងដែរ។

លោកសុខនីម បញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថារយៈពេលប្រាំឆ្នាំទៀត ខេត្តកំពត​នឹងមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសការវិនិយោគផ្ទះលម្ហែកាយ ព្រោះថានៅទីនេះនៅមានទីតាំងដីទូលំទូលាយដែលអាចសាងសង់ផ្ទះលម្ហែបានច្រើន។»

ក្រុមហ៊ុន Forest Harmony Co.,Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍនក្នុងស្រុកដំបូងគេ ​កំពុងអភិវឌ្ឍន៍គម្រោងផ្ទះវីឡាលម្ហែកាយខ្នាតធំក្នុងខេត្តកំពត និងហ៊ុំព័ទ្ធដោយទេសភាពបៃតងដ៏ស្រស់ស្អាត ដែលគម្រោងនេះមានឈ្មោះថា Harmony Valley។ គម្រោង Harmony Valley រចនាឡើងតាមបែបអ៊ឺរ៉ុប មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ និងមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត ដោយសម្រេចបានការលក់ដំណាក់កាលទីមួយស្ទើរទាំងស្រុង ហើយតែងទទួលបានអតិថិជនទាំងក្នុងស្រុក និងបរទេសទៅទស្សនាស្វែងយល់ពីគម្រោងនេះជារៀងរាល់សប្តាហ៍។

ទស្សនាវដ្តី Emigrate UK កាល​ពីឆ្នាំមុនបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលល្អវិសេសវិសាលជាងគេដោយសារការចំណាយរស់នៅថ្លៃទាប ហើយជាប្រទេសសម្បូរដោយសម្រស់ធម្មជាតិស្រស់ស្អាត និងតំបន់ទេ​សចរណ៍ប្រវត្តិសាស្រ្ត សម្រាប់ជនបរទេស ជាពិសេសអ្នកចូលនិវត្តន៍ ដែលត្រូវការផ្ទះសម្រាកលម្ហែកាយ។ ស្របពេលក្រសួងទេសចរណ៍កម្ពុជាធ្លាប់បានបញ្ជាក់ថា ខ្លូនកំពុងរៀបចំគោលនយោបាយផ្ទះទីពីរនេះ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ និងជនបរទេសចូលនិវត្តន៍មកស្នាក់នៅ​ និងទស្សនាកំសាន្តនៅកម្ពុជា។

លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា ធ្លាប់បានបញ្ជាក់ថា គោលនយោបាយស្រដៀងគ្នាដែលក្រសួងទេសចរណ៍កំពុង​រៀបចំនេះ ត្រូវបានអនុវត្តន៍ជោគជ័យរួចទៅហើយនៅប្រទេសថៃ សិង្ហបុរី និង​ប្រទេសឥណ្ឌូនេស៊ីជា​ដើម ហើយបានទាក់ទាញវិនិយោគិន ភ្ញៀវទេសចរណ៍ និងអ្នកចូលនិវត្តន៍ជាច្រើន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង