មុនក្លាយជាមហាសេដ្ឋីទី១លើលោក Elon Musk ខ្ចីលុយធនាគាររាប់សិបលានដុល្លារទិញអចលនទ្រព្យ

Bunthoeun Chhut 19/February/2021 15:46
ចែករំលែក

លោក Elon Musk ធ្លាប់បានប្រើប្រាស់កម្ចីពីធនាគារដែលមានទំហំទឹកប្រាក់រហូតដល់ ៦១ លានដុល្លារកាលពីដើមឆ្នាំ ២០១៩ ដើម្បីទិញអចលនទ្រព្យចំនួន ៥ កន្លែងនៅសហរដ្ឋអាមេរិក ពោលគឺមុនពេលដែលលោកក្លាយជាកំពូលមហាសេដ្ឋីទី១នៅលើពិភពលោក។

មហាសេដ្ឋីអាមេរិកវ័យ ៤៩ ឆ្នាំមានដើមកំណើតអាហ្វ្រិកខាងត្បូង  លោក Elon Musk ជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនផលិតយាន្តអវកាស។ តាមសន្ទស្សន៍មហាសេដ្ឋីកត់ត្រាដោយ សារព័ត៌មាន​ Bloomberge លោកជាមហាសេដ្ឋីទី១ មានទ្រព្យសម្បត្តិរហូតដល់ ២០០ ពាន់លាន​ដុល្លារ គិតត្រឹមថ្ងៃទី១៩ ខែ​កុម្ភះ ឆ្នាំ២០២១។

តាម​សារព័ត៌មាន Los Angeles Times បានរាយការណ៍ថា លោក Elon Musk បានទទួលកម្ចី​ទិញផ្ទះពីធនាគារ​វិនិយោគដ៏ធំរបស់អាមេរិក Morgan Stanley ក្នុងទំហំទឹកប្រាក់សរុប ៦១ លានដុល្លារ​ ដើម្បីទិញផ្ទះចំនួនប្រាំកន្លែងស្ថិតក្នុងរដ្ឋ California។ ក្នុងនោះផ្ទះបួនកន្លែងមានទីតាំងឋិតតំបន់លំនៅឋាន Bel Air ដែលជាទីតាំងជើងភ្នំ Santa Monica នៃក្រុង Los Angeles និងមួយកន្លែងទៀតមានទីតាំងឋិតនៅតំបន់ប្រជុំជន Bay Area នៃទីក្រុង San Francisco។

អ្នកជំនាញបាននិយាយថា ការដែលមហាសេដ្ឋីប្រើប្រាស់កម្ចីនេះ គឺឆ្លុះ​បញ្ជាំងពីការប្រើប្រាស់ប្រភពទុន ដើម្បីរក្សាលំនឹងសាច់ប្រាក់របស់ពួកគេ។

យ៉ាង​ណាមិញ ប្រភពព័ត៌មាន​ដដែលមិនបានលម្អិតទាក់ទងនឹងតម្លៃផ្ទះនីមួយៗដែលលោក Elon Musk បានទិញនាពេលនោះទេ។ សេចក្តីរាយការណ៍ Los Angeles Times បានបញ្ជាក់ថាលោក Elon Musk ត្រូវសងត្រលប់ទៅធនាគារវិញ ១៨០,០០០ ដុល្លារក្នុងមួយខែ ហើយកិច្ចសន្យាកម្ចីនាពេលនោះមាន​រយៈពេល ៣០ឆ្នាំ ជាមួយអត្រាការប្រាក់ថេរ ៣.៥ ភាគរយក្នុងរយៈពេលពីរឬបីឆ្នាំដំបូង។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង