ធនាគារ និងក្រុមហ៊ុនអចលនទ្រព្យសហការផ្តល់កម្ចីទិញផ្ទះការប្រាក់ទាប ទោះផ្ទះទើបបុកគ្រឹះ

Bunthoeun Chhut 15/February/2021 17:46
ចែករំលែក

ភ្នំពេញ៖ អ្នកទិញផ្ទះពីគម្រោងវីឡាលម្ហែកាយ Harmony Valley នឹងអាចទទួលបានកម្ចីការប្រាក់ទាប ដោយមានលក្ខណ្ឌងាយស្រួល ព្រមជាមួយរយៈពេលសងត្រលប់​រហូតដល់ទៅ ២០ឆ្នាំ ដោយសារកញ្ចប់កម្ចីទិញផ្ទះផ្តល់ដោយធនាគារ BRED Bank (Cambodia)។

កញ្ចប់កម្ចីការប្រាក់ទាបនេះ​ធ្វើឡើងដោយផ្អែកតាម​កិច្ចព្រមព្រៀងកាលពីចុងខែមករា រវាងធនាគារ BRED Bank (Cambodia) និងក្រុមហ៊ុន Century 21 Cambodia ដោយធនាគារយល់ព្រមកាត់បន្ថយ​លក្ខណ្ឌមិនចាំបាច់មួយចំនួន ហើយផ្តល់ជូនអត្រាការប្រាក់ទាប និងទំហំកម្ចីតាមតម្រូវការ​សម្រាប់​អតិថិជនដែល​ទិញអចលនទ្រព្យតាមក្រុមហ៊ុន Century 21 Cambodia និងបណ្តាញរបស់ក្រុមហ៊ុន។

លោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia) បានថ្លែងថា៖  «ធនាគារ BRED Bank (Cambodia) ផ្តល់សេវាកម្ចីទិញផ្ទះដោយមានការប្រាក់ត្រឹម​តែ ៦,៦៦ ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំសម្រាប់​ឆ្នាំដំបូង ដែលនេះជាអត្រាការប្រាក់សមរម្យ និងមានការប្រកួតប្រជែងនៅក្នុងទីផ្សារនៅកម្ពុជា។ កញ្ចប់កម្ចីការប្រាក់ទាប​នេះមានរយៈពេលរហូតដល់ទៅ ២០ ឆ្នាំ ហើយអតិថិជន​មិនតម្រូវឱ្យបង់ប្រាក់កម្រៃសេវាកម្ចី​នោះទេ»។ ​

លោកបន្ថែមថា៖ «អ្វីដែលពិសេសជាងនេះ អតិថិជនអាចទទួលទំហំកម្ចីរហូតដល់ទៅ ៨០​ ភាគរយនៃតម្លៃផ្ទះរបស់ពួកគេ។ នេះជា​កញ្ចប់សេវាកម្មកម្ចីដែលពិតជាមានភាពទាក់ទាញនៅកម្ពុជា»។

លោក Guillaume បានបញ្ជាក់បន្ថែមថា អតិថិជនដែលទិញលំនៅឋានតាមរយៈក្រុមហ៊ុន Century 21 Cambodia  ក៏អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួ​យបណ្តាញសាខាទាំងអស់របស់ធនាគារនៅកម្ពុជា ដើម្បីប្រឹក្សាយោបល់ក្នុងការស្នើសុំកញ្ចប់ឥណទានតាមតម្រូវការ និងលឿនរហ័ស។ នៅពេលដែលពាក្យស្នើសុំឥណទានត្រូវបានអនុម័ត ពេលនោះអតិថិជននឹងអាចទទួលបានកម្ចី​។

ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានផ្តល់សិទ្ធជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជាជាពិសេសគម្រោងមេ  Harmony Valley ដែលរួមមានគម្រោងជាដំណាក់កាលជាច្រើនដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY ដែលជាគម្រោងផ្ទះវីឡាលម្ហែកាយនិងខុនដូរប្រណីត រចនាឡើងតាមបែបអ៊ឺរ៉ុប ដែលមានទីតាំង​ស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ និងមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។

https://youtu.be/aPwyexJVk7A

លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន នៃក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងថា អតិថិជនរបស់ក្រុមហ៊ុននឹងអាចទិញគម្រោងខាងលើកាន់តែមានភាពងាយស្រួល ជាមួយនឹងកញ្ចប់ឥណទានលំនៅឋានពីធនាគារ BRED Bank (Cambodia) បើទោះបីគម្រោងអភិវឌ្ឍន៍នោះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។

លោកថ្លែងថា៖ «ធនាគារ Bred Bank សម្រេចផ្តល់កម្ចី​ដល់អតិថិជន​យើងទាំងដែលអចលនទ្រព្យនោះកំពុងសាងសង់ ហើយសូម្បីតែថាត្រឹមជាដីឡូតិ៍ដែលនឹងសាងសង់វីឡា គឺអតិថិជនយើងអាចទទួល​កម្ចី​បានរហូតដល់ទៅ ៧០ ភាគរយនៃ​តម្លៃអចលនទ្រព្យនោះទៅហើយ​»។

លោក Seraj Sutton  បានបន្ថែមថា កិច្ចសហការរវាងក្រុមហ៊ុន Century 21 Cambodia និងធនាគារ BRED Bank (Cambodia) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសឱ្យកាន់តែល្អប្រសើរទៅដល់អតិថិជន និងវិនិយោគិន ហើយទន្ទឹមគ្នានេះប្រជាជនកម្ពុជាក៏អាចទទួលបានឱកាសដូចគ្នានេះដើម្បីអាចទិញអចលនទ្រព្យតាមក្តីបំណងរបស់ពួកគេផងដែរ។

ក្រុមហ៊ុន Forest Harmony Co.,Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Harmony Valley Complex កាលពីចុងឆ្នាំ២០២០ បានប្រកាសបង្ហាញ​គម្រោងដំណាក់កាលទី២របស់ខ្លួនដែលមានឈ្មោះថា GOLF HARMONY សាងសង់លើផ្ទៃដី ២៧,៣ ហិកតា។ គម្រោងនេះនឹងត្រូវបើកដំណើរការសាងសង់នៅត្រីមាសទី ២ ឆ្នាំ២០២១ ដែលនឹងក្លាយជាគម្រោងដំបូងគេបង្អស់មានទីលានវាយកូនហ្គោល និងវីឡាលម្ហែកាយដែលហ៊ុំព័ទ្ធដោយធម្មជាតិបៃតងដ៏ស្រស់ស្អាត។

ដំណាក់កាលទី១ របស់គម្រោង Forest Harmony អភិវឌ្ឍន៍លើផ្ទៃដី ១៣ ហិកតា ដែលមានវីឡាលម្ហែកាយ ៧៨ វីឡា។ ដំណាក់កាលទី១នេះ សម្រេចការលក់បានស្ទើរទាំងស្រុងហើយគិតមកទល់នឹងបច្ចុប្បន្ន។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខ​ទូរស័ព្ទ 076 222 0202

ទិដ្ឋភាពពីខ្លោងទ្វាចូលគម្រោង Harmony Valley ដែលមានចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រពីក្រុងកំពត

ទិដ្ឋភាពសាងសង់វីឡាក្នុងគម្រោងដំណាក់កាលទី១ “Forest Harmony” ដែលបានលក់ចេញស្ទើរទាំងស្រុង។

ទិដ្ឋភាពជាគំនូរ 3D ក្នុងគម្រោងដំណាក់កាលទីពីរ “Golf Harmony” ដែលនឹងចាប់ផ្តើមបើកលក់ឆាប់ៗ

គម្រោង Golf Harmony

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង