ភ្នំពេញ៖ លោក Rick Davidson ដែលជាអ្នកជំនាញដ៏សំខាន់មួយរូបក្នុងការធ្វើឲ្យម៉ាកយីហោក្រុមហ៊ុន អចលនទ្រព្យ Century 21 Real Estate របស់អាមេរិកល្បីល្បាញលើពិភពលោកបានបង្ហាញវត្តមានជាលើកដំបូងនៅកម្ពុជាកាលពីថ្ងៃទី ៨ ធ្នូឆ្នាំ ២០១៩ ដើម្បីចែករំលែកចំណេះដឹងពីជំនាញអចលនទ្រព្យបន្ទាប់ពីសង្កេតឃើញសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា។
លោក Rick Davidson បានចំណាយពេលពេញ ៣ ទស្សវត្យក្នុងអាជីពក្នុងវិស័យអចលនទ្រព្យ និងការអភិវឌ្ឍន៍យីហោក្រុមហ៊ុន Century 21។ ការមកដល់កម្ពុជានាពេលនេះ លោកនឹងចែករំលែកចំណេះដឹងលើប្រធានបទស្តីពី «គន្លឹះនៃភាពជោគជ័យក្នុងការកសាងម៉ាកយីហោ Century 21 Everest»។

លោកស្រី ហ្គ្រែស រចនី ហ្វង់ អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia បានចាត់ទុកព្រឹតិ្តការចែករំលែកចំណេះដឹងនេះគឺជាឱកាសកម្រសម្រាប់ អ្នកមានអាជីពជាភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ហើយរំពឹងថាអ្នកជំនាញនៅកម្ពុជានឹងទទួលបានចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ និងដើម្បីប្រើប្រាស់ជាទុនសម្រាប់កសាងម៉ាកយីហោក្រុមហ៊ុនឲ្យកាន់តែទទួលបានទំនុកចិត្តខ្លាំងពីសាធារណៈជន។
លោកស្រីថ្លែងថា៖«ការដែលអ្នកជំនាញដូចជាលោក Rick Davidson អាចនៅជាមួយក្រុមហ៊ុនមួយរហូតដល់ទៅ ៣០ ឆ្នាំគឺជារឿងកម្រ និងជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុត។ ទាំងនេះគឺដោយសារថាម៉ាកយីហោក្រុមហ៊ុន Century 21 Real Estate គឺជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យដ៏គួរឲ្យទុកចិត្ត និងរឹងមាំ និងតែងមានការអភិវឌ្ឍន៍ជារៀងដរាប»។ លោកស្រីបន្តថា៖«ក្នុងនាមជាអ្នកជំនាញជាន់ខ្ពស់ លោក Davidson តែងចែករំលែកពេលវេលាដ៏មមាញឹករបស់លោកដើម្បីធ្វើបាឋកថាដល់ភ្នាក់ងារអចលនទ្រព្យនៅតាមប្រទេសដែលមានសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរីកចម្រើនខ្លាំង។ ដូច្នេះ វត្តមានរបស់លោកនៅកម្ពុជានាពេលនេះឆ្លុះបញ្ជាំងពីការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់យើង ហើយលោកប្រាកដជាសម្លឹងឃើញឱកាស ឬ សក្តានុពលល្អណាមួយពីការរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជាមិនខាន»។

លោក Rick Davidson បានចំណាយពេលជិត ១០ ឆ្នាំក្នុងតួនាទីជា នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Real Estate មានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនមេគ្រប់គ្រងលើការិយាល័យ Century 21 ទូទាំងពិភពលោក។ លោក Davidson ត្រូវបានចាត់បញ្ចូលក្នុងបញ្ជី អ្នកមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ Inman’s Real Estate Influencers របស់សារព័ត៌មានអចលនទ្រព្យ Inman នៅចន្លោះពីឆ្នាំ ២០១១ ដល់ ឆ្នាំ ២០១៧។
រហូតដល់ឆ្នាំ ២០១៧ លោក Davidson ត្រូវបានផ្ទេរតួនាទីទៅជាប្រធានក្រុមហ៊ុន Everest Group ដែលជាក្រុមហ៊ុនមេរបស់ Century 21 Everest-Troop Real Estate ដែលមានការិយាល័យ ១៧ នៅរដ្ឋ Utah និង រដ្ឋ California សហរដ្ឋអាមេរិក ហើយបានធ្វើឲ្យ Century 21 Everest ក្លាយជាក្រុមហ៊ុនអចលនទ្រព្យលេខ១លើពិភពលោកនៅឆ្នាំ ២០១៩ នេះ។
សម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ គិតមកទល់ពេលនេះ ការិយាល័យ Century 21 នៅកម្ពុជាមាន ២៣ ការិយាល័យ (ភ្នំពេញ ២២ និង ព្រះសីហនុ ១) ហើយស្របពេលវិស័យអចលនទ្រព្យកម្ពុជាបន្តរីកចម្រើនខ្លាំង លោក ស្រី រចនី ហ្វង់ បានបញ្ជាក់ថា នៅមានឱកាសជាច្រើនទៀតសម្រាប់ភ្នាក់ងារអចលនទ្រព្យក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ ហើយការជ្រើសរើសក្រុមហ៊ុនដែលមានម៉ាកយីហោល្បីល្បាញ និងមានបណ្តាញជុំវិញពិភពលោកដូចជា Century 21 នឹងជួយឲ្យអាជីវកម្មកាន់តែប្រសើរឡើង។
លោកស្រីបន្តថា៖«យើងនឹងពង្រីកការិយាល័យ Century 21 ឲ្យបាន ៣៨ ការិយាល័យនៅតាម រាជធានី និងខេត្តទាំង ២៥ នៅកម្ពុជានៅឆ្នាំ ២០២០ ខាងមុខនេះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់យោបល់ល្អៗដល់ការិយាល័យ Franchise Century 21 ថ្មី ដោយទទួលបានកិច្ចសហការផ្តល់ប្រឹក្សាយោបល់ពីស្នាក់ការ Century 21 ពីសឹង្ហបុរី ជប៉ុន តៃវ៉ាន់ និងចិនជាដើម»។
លោកស្រីបន្តថា ក្រុមហ៊ុន Century 21 Cambodia ដែលមានលោក គុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាល មានទីប្រឹក្សាជំនាញៗជាច្រើនសម្រាប់ផ្តល់យោបល់ និងយុទ្ធសាស្រ្តសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ទីផ្សារក្នុងប្រទេសអាស៊ី។ ក្នុងនោះ លោក ជិន ភារុំ និង លោក Sambath Sprung គឺជាទីប្រឹក្សាសម្រាប់ទីផ្សារកម្ពុជា លោក Philip Fong ជាទីប្រឹក្សាពីប្រទេសសឹង្ហបុរីលោក Gino Chen សម្រាប់ទីផ្សារតៃវ៉ាន់ និងលោក Nagamatsu Hideyuki ជាអ្នកជួយផ្តល់ប្រឹក្សាសម្រាប់ទីផ្សារប្រទេសជប៉ុន។

លោកទីប្រឹក្សាទាំង៥រូបបានលើកឡើងនៅក្នុងសេចក្តីថ្លែងរួមមួយថា៖«ជាសមទ្ធិផលមួយដែលយើងបានរួមចំណែក និងបានឃើញការរីកលូតលាស់របស់ក្រុមហ៊ុន Century 21 Cambodia រហូតបានក្លាយទៅជាក្រុមហ៊ុនអចលនទ្រព្យមួយដែលត្រូវបានទទួលស្គាល់ខ្លាំងជាងគេតំណាងកម្ពុជាសម្រាប់តំបន់អាស៊ី និង ប៉ាស៊ីហ្វិក»។
លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty Co., Ltd ដែលជាសមាជិកការិយាល័យមួយរបស់ Century 21 Cambodia បានបញ្ជាក់ថា ម៉ាកយីហោក្រុមហ៊ុន Century 21 ពិតជាបានរួមចំណែកបង្កើនទំនុកចិត្តដល់អតិថិជន ហើយបានធ្វើឲ្យអាជីវកម្មរបស់លោកមានការរីកចម្រើនជាបន្តបន្ទាប់។
លោកថ្លែងថា៖«វត្តមានរបស់អ្នកជំនាញជាន់ខ្ពស់ដូចជាលោក Davidson នៅទីផ្សាររបស់យើងនាពេលនេះគឺជាសារដ៏សំខាន់បញ្ជាក់ថាទីផ្សារយើងកំពុងមានភាពល្អឡើង សេដ្ឋកិច្ចយើងកំពុងមានភាពរឹងមាំ ហើយវិស័យអចលនទ្រព្យយើងនឹងនៅបន្តរីកចម្រើនថែមទៀត»៕