ភ្នំពេញ៖ គម្រោងវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា បានកើនដល់ ១៤៤ គម្រោងគិតមកត្រឹមដំណាច់ខែ មករា ឆ្នាំ២០២១ ដែលកើនពីចំនួន ១៣៧ គម្រោងកាលពីត្រឹមដំណាច់ឆ្នាំ២០១៩។
តាមទិន្ន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ (CDC) ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងវិនិយោគរបស់ជប៉ុនដែលទទួលបានសិទ្ធិវិនិយោគនៅកម្ពុជាងទាំង ១៤៤គម្រោងនេះ មានទុនសរុបប្រមាណ ២,៧៩ ពាន់លានដុល្លារ។ ទំហំប្រាក់វិនិយោគនេះកើនពីត្រឹម ២,៥ ពាន់លានដុល្លារកាលពីត្រឹមដំណាច់ឆ្នាំ២០១៩ ជាមួយនឹងគម្រោងវិនិយោគសរុប ១៣៧ គម្រោង។
ទិន្ន័យដដែលបានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៤ គម្រោង ក្នុងនោះមាន ៦៦ ឬស្មើនឹងទុនវិយោគជាង ៣៤០ លានដុល្លារ បានបោះទីតាំងវិនិយោគក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
មន្រ្តីរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថា គម្រោងវិនិយោគជប៉ុនភាគច្រើនផ្តោតលើ គ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិចត្រូនិច កសិ-ឧស្សាហកម្ម កែច្នៃម្ហូបអាហារ ទេសចរណ៍ និងផ្សារទំនើបជាដើម។
លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានប្រាប់កាសែតក្នុងស្រុកកាលពីចុងឆ្នាំ ២០២០ ថា កម្ពុជាបានក្លាយជាទិសដៅចាប់អារម្មណ៍ជាបណ្តើរៗរបស់វិនិយោគិនជប៉ុនសម្រាប់ការវិនិយោគ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ាន។
លោកថ្លែងថា៖ «ក្រុមហ៊ុនជប៉ុនតែងតែធ្វើការវិនិច្ឆ័យយ៉ាងហ្មត់ចត់មុននឹងសម្រេចចិត្តបោះទុនវិនិយោគ។ ប៉ុន្តែនៅពេលចាប់ផ្តើមបោះទុនវិនិយោគ នោះជាការវិនិយោគយូរអង្វែង។ មានក្រុមហ៊ុនជប៉ុនជាច្រើនស្វែងរកការវិនិយោគលើផលិតកម្មដែលបន្ថែមតម្លៃ (value-added production) ក្នុងវិស័យបច្ចេកវិទ្យា និងការកែច្នៃម្ហូបអាហារ។»