ចំនួនគម្រោងវិនិយោគចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាននៅខែដំបូង ក្នុងឆ្នាំនេះ

Bunthoeun Chhut 10/February/2021 07:28
ចែករំលែក

ចំនួនគម្រោងវិនិយោគ ដែលទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងមករា​ ឆ្នាំ២០២១ មានទុនវិនិយោគរហូតដល់ទៅជាង ៦០០ លានដុល្លារ​ ដែលកើនឡើងគួរឱ្យកត់សម្គាល់ពីត្រឹមជាង ៩០ លានដុល្លារ​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។

តាមទិន្ន័យចុងក្រោយរបស់ CDC ចេញផ្សាយកាលពីល្ងាចថ្ងៃទី ៩ ខែកុម្ភះ ឆ្នាំ២០២១ បានបង្ហាញថា ចំនួនគម្រោងវិនិយោគដែលទទួលបានការអនុម័តក្នុងខែ មករា ឆ្នាំ២០២១ មាន២០គម្រោង ជាមួយនឹងទុនវិនិយោគប្រមាណ ៦២១​ លានដុល្លារ។ ទំហំទឹកប្រាក់វិនិយោគនេះកើនឡើងជាង ៦ ដង បើធៀបនឹងខែ មករា ឆ្នាំ ២០២០ ដែលមានទុនវិនិយោគ ៩៣ លានដុល្លារ ជាមួយនឹងគម្រោងដែលទទួលបានការអនុម័តនាពេលនោះមានចំនួន ១៧ គម្រោង។

CDC បានបញ្ជាក់ថា៖ «លទ្ធផលនេះ កើតចេញពីវិធានការម៉ឹងម៉ាត់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការដា​ក់ចេញវិធានការកំណែទម្រង់មុតស្រួច ដែលរដ្ឋាភិបាលបានកែលម្អ និង​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគកម្ពុជា»។

បើ​តាមទិន្ន័យ CDC ពេញមួយឆ្នាំ២០២០កន្លងទៅ គម្រោងដែលទទួលបានសិទ្ធិក្នុងការវិនិយោគនៅកម្ពុជាមានចំនួន ២៣៨ គម្រោង ហើយគម្រោងទាំងនេះបូកបញ្ចូលគ្នាមាន​ទុនវិនិយោគប្រមាណ ៨,២ពាន់លានដុល្លារ ធ្លាក់ចុះ ១២ ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ការថយចុះនេះគឺស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកទទួលរងឥទ្ធិពលបង្កឡើងដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសនៅទូទាំងពិភពលោក ត្រូវបានព្យាករថាមានការធ្លាក់ចុះប្រហែល ៤២ ភាគរយកាលពីឆ្នាំមុន។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង