ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេរបស់ថៃបង្កើនចំនួនគម្រោងវិនិយោគទ្វេដងនៅឆ្នាំនេះ

Bunthoeun Chhut 09/February/2021 16:15
ចែករំលែក

ទោះបីសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់​ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈាន​មុខគេមួយ​នៅប្រទេសថៃ Sansiri Plc បានប្រកាសថានឹងបង្កើនចំនួនគម្រោងវិនិយោគនៅឆ្នាំ ២០២១នេះ ទ្វេដងធៀបនឹងឆ្នាំមុន ដោយគ្រោងចំណាយទុនបន្ថែមជាង ៨០០ លានដុល្លារ។

កាសែត Bangkok Post រាយការណ៍ថា ក្រុមហ៊ុនចុះប​ញ្ជីក្នុងផ្សារភាគហ៊ុនថៃមួយនេះ នឹងចាប់ផ្តើមសាងសង់គម្រោងលំនៅឋានថ្មីចំនួន ២៤ គម្រោង ជាមួយនឹងទុនវិនិយោគសរុប​ ២៦ ពាន់លានបាត (ប្រហែល៨៦៧ លានដុល្លារ) ដែលកើនពីត្រឹម ១២ គម្រោងក្នុងទំហំប្រាក់វិនិយោគ ១៥ ពាន់លានបាត (ប្រមាណ ៥០០ លានដុល្លារ) កាលពីឆ្នាំ២០២០។

លោក Srettha Thavisin។ រូបភាព៖ Bangkok Post

លោក Srettha Thavisin ប្រធានក្រុមហ៊ុន Sansiri Plc បានថ្លែងថា៖ «យើងមើលឃើញថា ទីផ្សារលំនៅឋានតម្លៃទាបនៅតែមានតម្រូវការខ្លាំង បើទោះបីចំនួនអ្នកស្នើសុំកម្ចីទិញផ្ទះដែលមិនទទួលបានការអនុម័តកម្ចីកើនដល់៣០ភាគរយ ដែលជាអត្រាមួយខ្ពស់កាលពីឆ្នាំមុនក៏ដោយ»។

ដើម្បីជំរុញកំណើននៃការទិញលំនៅឋាន  លោក Srettha បានបន្ថែមថា រ​ដ្ឋាភិបាលគួរសម្រួលក្នុងការបន្ទាបអត្រាការប្រាក់ និងលុបចោលលើការកម្រិតសមាមាត្រឥណទានទៅនឹងតម្លៃ​ផ្ទះ (LTV) ដែលបង្កផលលំបាកដល់អ្នកទិញផ្ទះ។ លោកបញ្ជាក់ថា៖ «វិធានការទាំងពីរនេះអាចធ្វើឱ្យមានចរន្តនៃការទិញលំនៅឋានមានកំណើនឡើងវិញ។»

ដោយសារតែអ្នកទិញផ្ទះនៅតែមានក្តីបានរម្ភចំពោះស្ថានភាពសេដ្ឋកិច្ច ក្រុមហ៊ុននឹងបន្តអនុវត្តយុទ្ធនាការ​ផ្សព្វផ្សាយដល់អតិថិជនក្នុងការទិញលំនៅឋាន​ជាមួយក្រុមហ៊ុន ដោយអាចទទួលបានការលើកលែងក្នុងការបង់រំលស់​សរយៈពេល ២៤ ខែ​។

លោក បន្ថែមថា៖  «ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូច និងមធ្យម នឹងជួបឧសគ្គច្រើនជាងឆ្នាំមុន ដោយសារបញ្ហាប្រភពទុន។ ឆ្នាំនេះយើងនឹងឃើញថា គម្រោង និងដីឡូតិ៍ជាច្រើន របស់ក្រុមហ៊ុនតូចៗនឹងដាក់លក់ ហើយនេះជាឱកាសរបស់យើងក្នុងការទិញយក។ មែនទែនទៅយើងបានប្រមូលទិញយកខ្លះៗហើយ ពីក្រុមហ៊ុនទាំងនេះ។»

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង