ភ្នំពេញ៖ ក្នុងចំណោមខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ ខណ្ឌសែនសុខមានអគារខុនដូច្រើនជាងគេរហូតដល់ទៅជិត១០០ គម្រោង ហើយគម្រោងទាំងនេះមានបន្ទប់ស្នាក់នៅ (ចំនួនយូនីត) ស្មើនឹង ១៥ ភាគរយនៃការផ្គត់ផ្គង់សរុបក្នុងរាជធានីភ្នំពេញ។ នេះបើតាមទិន្ន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ។
តាមទិន្ន័យបច្ចុប្បន្នភាពពីក្រុមហ៊ុន Z1 Data បានបង្ហាញថាគិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌសែនសុខ មានអគារខុនដូ ៩៥ គម្រោងដែលស្មើនឹង ១៦ ៥៦៣ យូនីត ក្នុងនោះលក់បានចំនួន ៧ ១៩៦យូនីត។ ចំនួនយូនីតខុនដូក្នុងខណ្ឌសែនសុខ មានចំណែកដល់ទៅ ១៥ ភាគរយ នៃការផ្គត់ផ្គង់ខុនដូសរុបក្នុងរាជធានីភ្នំពេញ ដែលមានចំនួន ១០៩ ០៣៥ យូនីត។
យ៉ាងណាមិញ បើគិតជាចំនួនយូនីតខុនដូ ខណ្ឌសែនសុខ ឈរនៅលេខរៀងទី៣ បន្ទាប់ពីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ខណ្ឌចំការមនមានអគារខុនដូ ៨១ គម្រោង ស្មើនឹង ២៨ ៥៥៧ យូនីត ស្របពេលដែលខណ្ឌមានជ័យមានអគារខុនដូ ៧៨ គម្រោង ស្មើនឹង ១៦ ៦៨២ យូនីត។ បើបូកបញ្ចូលគ្នា ការផ្គត់ផ្គង់ខុនដូក្នុងខណ្ឌទាំងបីនេះមានចំណែកដល់ទៅ ៥៧ ភាគរយនៃចំនួនខុនដូសរុបក្នុងរាជធានីភ្នំពេញ។
ខណ្ឌសែនសុខ ស្ថិតក្នុងចំណោមតំបន់ទាំង ៤ នៅភ្នំពេញ ដែលមានភាពទាក់ទាញខ្ពស់ក្នុងការប្រមូលផ្តុំគម្រោងវិនិយោគអចលនទ្រព្យធំៗ (hot locations)។ តំបន់បីទៀតគឺ ជ្រោយចង្វារ ច្បារអំពៅ និងសង្កាត់បឹងជើងឯក។ នេះបើយោងតាមរបាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុនជំនាញផ្នែកវាយតម្លៃអចលនទ្រព្យ Vtrust Appraisal។
ដោយឡែក បើក្រឡេកទៅមើល តម្លៃដីនៅខណ្ឌសែនសុខ កាលពី ១០ ឆ្នាំមុន មានតម្លៃដីជាមធ្យមប្រហែល ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបានកើនដល់ ១ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េគិតមកត្រឹមឆ្នាំ២០២០។ ទីផ្សារដីធ្លីនៅខណ្ឌសែនសុខមានសន្ទុះកំំណើនរហូតដល់ ៤០០ ភាគរយ៕