ខេត្តកណ្តាល៖ តំបន់មុខកំពូលជាស្រុកមួយក្នុងខេត្តកណ្តាលត្រូវបានអ្នកឯកទេសខាងជំនួញដីធ្លីមើលឃើញថា ជាទីតាំងដែលមានសក្តានុពលជាងគេនៅជាប់ជាយរាជធានីភ្នំពេញ ក្នុងការវិនិយោគដីធ្លីដោយចាយទុនតិច តែទទួលផលចំណេញខ្ពស់នាពេលខាងមុខ។
លោក កាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station បានឱ្យដឹងថា ទីតាំងដីនៅតំបន់មុខកំពូលមានតម្លៃជាមធ្យម ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន ដែលជាតម្លៃធូរថ្លៃជាងគេបើធៀបនឹងតំបន់ជាយរាជធានីភ្នំពេញផ្សេងៗទៀត។ លោកបន្ថែមថា តំបន់មុខកំពូលនឹងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារវត្តមានគម្រោងធំៗកំពុងអភិវឌ្ឍនៅតំបន់ក្បែរនោះ។

លោក កាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station
លោកថ្លែងថា៖ «តំបន់មុខកំពូលនៅជិតពហុកីឡដ្ឋានជាតិថ្មី មានបុរីធំៗកំពុងអភិវឌ្ឍន៍នៅតំបន់នេះ។ មុខព្រួញទាំងអស់បន្ទាប់ពីភាគខាងត្បូងតំបន់មហាវិថីសម្តេចហ៊ុន សែន គឺមានតំបន់មុខកំពូលហ្នឹងហើយ»។
លោកបញ្ជាក់បន្ថែមថា បន្ទាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងរៀបចំនៅពហុកីឡាដ្ឋានថ្មីនេះនៅឆ្នាំ ២០២៣ខាងមុខ នឹងអាចជំរុញឱ្យតំបន់មុខកំពូលនេះវិវឌ្ឍន៍ទៅជាទីក្រុងថ្មីមួយនាពេលអនាគត។
ទីក្រុងរណប Garden City របស់ក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ាលី យ៉ុងផាត់ ក៏កំពុងអភិវឌ្ឍន៍នៅក្បែរតំបន់ពហុកីឡាដ្ឋានផងដែរ។ បើតាមផែនការមេរបស់ក្រុមហ៊ុន LYP Group ទីក្រុងរណបនេះកំពុងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១ពាន់ហិកតា ដែលបណ្តុំដោយតំបន់ពាណិជ្ជកម្ម លំនៅដ្ឋាន តំបន់កម្សាន្តនិងសម្រាកលម្ហែកាយ។ (សូមមើលផែនការមេរបស់ក្រុមហ៊ុន)

រូបភាព៖ LYP Group
បើគិតពីតំបន់ព្រែកលៀប រហូតដល់ព្រែកអញ្ចាញ (ស្រុកមុខកំពូលខេត្តកណ្តាល) តាមបណ្តោយផ្លូវជាតិលេខ៦A បុរីធំៗជាច្រើនកំពុងមានវត្តមានរួចទៅហើយដែរដូចជា បុរីអ័រគីដេ បុរីប៉េងហួត បុរី ឌឹផ្លរ៉ា និងបុរីវិមានភ្នំពេញជាដើម។
តាមទិន្ន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខេត្តកណ្តាល បានបង្ហាញថា ទីតាំងដីធ្លីតាមបណ្តោផ្លូវជាតិលេខ 6A (ក្នុងទីតាំងភូមិសាស្រ្តខេត្តកណ្តាល) មានតម្លៃចន្លោះពី ២៥០ ដុល្លារ ទៅ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។